ខណៈដែលការបញ្ជូនខ្លួនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញប្រហែលជាមិនអាចធ្វើទៅបានក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៨ រវាងអាមេរិកនិងវៀតណាមនោះ អ្នកដែលបារម្ភពីការបញ្ជូនខ្លួនទៅវិញកំពុងប្រឈមនឹងជីវិតដែលឥតទៀងទាត់មួយ។
លោក Robert Huynh យំសោកនឹកដល់បងប្រុសរបស់លោកដែលបានស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីលោកបានមកដល់សហរដ្ឋអាមេរិក យំបារម្ភពីអនាគតរបស់លោកនិងយំអាណិតដល់ម្តាយដែលមានវ័យ៨០ឆ្នាំ។
លោក Robert Huynh ដែលកំពុងប្រឈមមុខនឹងការបញ្ជូនខ្លួនទៅវៀតណាមវិញថ្លែងថា៖«ខ្ញុំខ្លាចថាខ្ញុំមិនបាននៅក្បែរគាត់នៅដង្ហើមចុងក្រោយរបស់គាត់»។
លោក Huynh កូនប្រុសរបស់ទាហានអាមេរិកាំងស្បែកខ្មៅមួយរូបបានមកដល់សហរដ្ឋអាមេរិកជាមួយនឹងម្តាយនិងបងប្អូន៣នាក់ទៀតក្នុងឆ្នាំ១៩៨៤ ក្រោយសង្គ្រាមវៀតណាម។ បច្ចុប្បន្ននេះលោកមានអាយុ៤៩ឆ្នាំនិងកំពុងរស់នៅក្នុងទីក្រុង Houston រដ្ឋ តិចសាស។ លោកមិនដែលគិតថា លោកនឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសមួយមិនស្វាគមន៍កូនរបស់ទាហានអាមេរិក។
ប៉ុន្តែនៅក្នុងឆ្នាំ២០០៣ លោក Huynh ត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀន ហើយត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ ក្រោយលោកត្រូវបានដោះលែងខ្លួន ទីភ្នាក់ងារអាមេរិកទទួលបន្ទុកជនអន្តោប្រវេសន៍និងពន្ធគយឬ ICE បានឃុំខ្លួនលោករយៈពេល៦ខែទៀត។
លោក Huynh ថ្លែងទៀតថា៖«មិនមាននរណាម្នាក់ប្រាប់ខ្ញុំថា ការប្រព្រឹត្តិបទឧក្រិដ្ឋអាចធ្វើឲ្យគេបញ្ជូនខ្ញុំទៅប្រទេសកំណើតវិញ ប្រសិនបើខ្ញុំមិនកើតនៅក្នុងសហរដ្ឋអាមេរិក។ មិនមាននរណាម្នាក់ធ្លាប់ប្រាប់ខ្ញុំទេ។ ខ្ញុំមិនជឿថារដ្ឋាភិបាលអាមេរិកអាចបញ្ជូនក្មេងអាមេរិកដូចជារូបខ្ញុំទៅវិញនោះទេ»។
លោកHuynh ជឿថាលោកត្រូវបានការពារក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៨ ដែលបញ្ជូនខ្លួនទៅវៀតណាមតែអ្នកដែលមកដល់អាមេរិកក្រោយឆ្នាំ១៩៩៥។
លោក Daniel Kritenbrink អគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមថ្លែងថា៖ «សម្រាប់អ្នកដែលមកដល់អាមេរិកមុនឆ្នាំ១៩៩៥ នោះមានន័យថា កិច្ចព្រមព្រៀងនោះមិនរាប់បញ្ចូលពួកគេនោះទេ»។
កាលពីខែមីនា អាមេរិកបានចាប់ផ្តើមប្រមែប្រមូលជនភៀសខ្លួនវៀតណាមទ្រង់ទ្រាយធំ ពិសេសអ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ។
លោកHuynh ត្រូវបានឃុំខ្លួនដោយទីភ្នាក់ងារ ICE កាលពីខែកុម្ភៈ ហើយត្រូវជាប់ឃុំជាងមួយឆ្នាំ។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងអំពីពេលវេលាដែលត្រូវដោះលែងខ្លួននោះទេ។ ខ្ញុំមិនដឹងថា ខ្ញុំអាចនៅបន្តទៀតឬត្រូវបញ្ជូនខ្លួនត្រឡប់ទៅវិញនោះទេ។ ខ្ញុំតែចាំមើលតទៅទៀត»។
មេធាវីរបស់លោក Huynh ជួយឲ្យមានការដោះលែងលោកកាលពីថ្ងៃទី៧ ខែមីនា ប៉ុន្តែព្រមានលោកថា លោកអាចនឹងត្រូវចាប់ខ្លួនម្តងទៀតនៅពេលណាមួយ។
រដ្ឋបាលលោក ត្រាំ បានចាត់ទុកវៀតណាមថា «រឹងរូស» ដែលមិនព្រមទទួលយកអ្នកដែលត្រូវបានបញ្ជូនទៅវិញ។ ដូច្នេះសម្រាប់ពេលឥឡូវនេះ លោក Huynh និងជនជាតិវៀតណាមដទៃទៀតដូចជារូបលោកត្រូវរស់នៅទាំងព្រួយចិត្ត។
លោកស្រី Han Huynh ម្តាយរបស់លោក Huynh ថ្លែងថា៖«កូនប្រុសរបស់ខ្ញុំមិនអាចត្រូវបញ្ជូនទៅវិញនោះទេ។ កូនខ្ញុំជាពលរដ្ឋអាមេរិកាំង។ មើលរូបថតឪពុករបស់គេទៅ ឪពុករបស់គេគឺជនជាតិអាមេរិកាំង»។
ក្រុមអ្នកជំនាញថ្លែងថា មិនមែនមានតែលោក Huynh ម្នាក់ឯងនោះទេ។ លោកគ្រាន់ជាពលរដ្ឋវៀតណាមម្នាក់ក្នុងចំណោម ៨៦០០នាក់ដែលទីភ្នាក់ងារ ICE ចាត់ទុកថាជា ជនបរទេសដែលអាមេរិកមិនចង់បាន ហើយត្រូវបញ្ជូនខ្លួនត្រឡប់ទៅវិញនៅពេលណាមួយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា