តាមរយៈរបាយការណ៍ស ផ្នែកការពារជាតិដែលបង្ហាញកាលពីពេលថ្មីៗនេះបង្ហាញថា វៀតណាមនឹងបន្តស្វែងរកទំនាក់ទំនងយោធាកាន់តែរឹងមាំនៅក្រៅប្រទេស នៅពេលដែលប្រទេសចិនកំពុងប្រឈមទៅលើការទាមទារអធិបតេយ្យភាពលើដែនសមុទ្រ។ អ្នកកវិភាគរំពឹងថា ការស្វែងរកនេះនឹងធ្វើឲ្យមានសមយុទ្ធយោធាកាន់តែច្រើនជាមួយប្រទេសមហាអំណាចបស្ចិមប្រទេស និងការទិញសព្វាវុធឆាប់ៗនេះ។
ប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹង«លើកកម្ពស់កិច្ចសហប្រតិបត្តិការ» នៅក្រៅប្រទេសដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខទៅវិញទៅមក។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិវៀតណាមដែលបានចេញផ្សាយកាលពីខែវិច្ឆិកា។
របាយការណ៍ជាភាសាអង់គ្លេសសរសេរថា នៅពេលស្ថានការណ៍ត្រឹមត្រូវហើយ «វៀតណាមនឹងពិចារណាបង្កើតឡើងនូវប្រព័ន្ធការពារដែលចាំបាច់និងសមស្របហើយនឹងធ្វើទំនាក់ទំនងយោធាជាមួយប្រទេសផ្សេងទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម នៅក្នុងតំបន់ និងនៅក្នុងកម្រិតសហគមន៍អន្តរជាតិ»។
ឯកសារនោះសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យយោធាក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងអំពាវនាវឲ្យមានដំណោះស្រាយលើភាពប្រទូសរ៉ាយជាមួយចិនចំពោះ «ដំណើរការរយៈពេលយូរ ពិបាក និងស្មុគស្មាញ និងពាក់ព័ន្ធជាមួយប្រទេសនិងភាគីជាច្រើន»។ ប្រទេសជិតខាងក្នុងទ្វីបអាស៊ីទាំងពីរ ដែលមានជម្លោះព្រំដែនជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយនោះ ពេលនេះកំពុងប្រកួតប្រជែងទាមទារអធិបតេយ្យភាពលើព្រំដែននៃដែនសមុទ្រចិនខាងត្បូង។
អ្នកវិភាគនិយាយថា ឯកសារនេះបញ្ជាក់ពីការផ្ដល់អាវុធជឿនលឿនពីប្រទេសនានាដូចជា រុស្ស៊ី និងការចូលរួមសមយុទ្ធការពារជាតិចម្រុះជាតិសាសន៍។ ព្រឹត្តិការណ៍មួយនោះគឺ ការធ្វើសមយុទ្ធរវាងសមាជិកអាស៊ានដែលមាន១០ប្រទេសជាមួយនឹងប្រទេសគូប្រជែងចម្បងរបស់ចិន គឺសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំមុន។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សជាតិ នៅទីក្រុងហូជីមិញ បាននិយាយថា៖ «បើយើងអានដោយវិភាគ យើងឃើញថា វៀតណាមបង្ហាញតម្រុយពីលទ្ធភាពថា ខ្លួនប្រហែលជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមហាអំណាចផ្សេងទៀត ប៉ុន្តែថាតើគេអាចទៅបានឆ្ងាយប៉ុណ្ណានោះ គេមិនបាននិយាយឲ្យច្បាស់ទេនៅលើរបាយការណ៍នោះ។
វៀតណាម និងចិន
ប្រទេសព្រុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ប្រកួតប្រជែងគ្នាទាមទារតំបន់សមុទ្រចិនខាងត្បូងទាំងមូលដែលមានទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ ឬក៏ទាមទារផ្នែកខ្លះនៃសមុទ្រនេះ។ ប្រទេសទាំងនេះបានផ្ដល់តម្លៃលើផ្លូវទឹក ដែលលាតសន្ធឹងដែនដីកោះតៃវ៉ាន់ ដល់ប្រទេសសិង្ហបុរី ថាជាតំបន់សម្បូរធនធានមច្ឆាជាតិនិងថាមពលរបស់ប្រទេស។
ប្រទេសចិនបាននាំមុខដោយប្រើប្រាស់យោធា និងបច្ចេកវិទ្យា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ដើម្បីចាក់បំពេញដីនៅក្នុងសមុទ្របង្កើតបានជាកូនកោះតូចៗ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ កោះខ្លះគឺក្លាយជារោងទុកយន្តហោះនិងវាលចុះចតយន្តហោះ។
សកម្មភាពយោធាចិននៅក្នុងដែនសមុទ្រនេះ ធ្វើឲ្យវៀតណាមខឹងសម្បា ជាពិសេសដោយសារតែចិនគ្រប់គ្រងកោះ Paracel ដែលប្រជុំទៅដោយកោះតូចៗចំនួន១៣០ ដែលភាគីទាំងពីរបានទាមទារយកធ្វើជារបស់ខ្លួនតែរៀងៗខ្លួន។ ប្រទេសទាំងពីរបានប្រឈមុខដាក់គ្នាក្នុងការវាយប្រហារលើដែនសមុទ្រដ៏ប្រល័យកាលពីទសវត្សរ៍៧០ និង ៨០ ដែលធ្វើឲ្យមានការខឹងសម្បាដល់ភាគីវៀតណាម ដែលមានការខឹងសម្បាស្រាប់ដោយសារជម្លោះដែនដីចំនួនពីរលើករួចមកហើយនោះ។
នាវាស្រាវជ្រាវថាមពលមួយរបស់ចិនបានបង្កការប្រឈមមុខដាក់គ្នាជាមួយវៀតណាម កាលពីឆ្នាំមុន នៅពេលនាវានោះល្បាតនៅជិតតំបន់ដែលមានប្រេងកាត និងឧស្ម័ន នៅក្នុងតំបន់ខាងវៀតណាម ហើយក៏ស្ថិតក្នុងតំបន់ផ្ទៃសមុទ្រ ដែលចិនទាមទារផងដែរ។
របាយការណ៍ស្រដៀងគ្នាជាមួយនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាលបក្សកុម្មុយនីស្ត ឆ្នាំ២០១៨ អំពាវនាវឲ្យវៀតណាមក្លាយជាប្រទេសដូចដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឈ្មោះ VnExpress International បានចុះផ្សាយថាជា «ប្រទេសមានអំណាចខាងសមុទ្រ» ។
ការធ្វើសមយុទ្ធរួមគ្នាកាន់តែច្រើន
របាយការណ៍នេះដែលចេញផ្សាយលើកដំបូងចាប់ពីឆ្នាំ២០០៩មក ត្រូវបានបង្ហាញបន្ទាប់ពីវៀតណាមបានបង្កើនបន្តិចម្ដងៗនូវភាពជាដៃគូសរុប ២៨ ជាមួយប្រទេសផ្សេងទៀត ដោយភាពជាដៃគូខ្លះស្ថិតនៅលើផ្នែកយោធា។ ឥណ្ឌានិងវៀតណាម បានចុះកិច្ចព្រមព្រៀងមួយនៅឆ្នាំ ២០១៨ ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិការការពារជាតិ ហើយយោធាវៀតណាមក៏បានទទួលការបណ្ដុះបណ្ដាលនៅស្ថាប័នការពារជាតិនៅប្រទេសអូស្ត្រាលីរួចហើយដែរ។
លោក Nguyen និយាយថា តាមអ្វីដែលសរសេរនៅក្នុងរបាយការណ៍នោះបញ្ជាក់ថា មន្ត្រីវៀតណាមមានភាពទុកចិត្តថា ពួកគេអាចចូលរួមសមយុទ្ធណាមួយរវាងអាស៊ាននិងសហរដ្ឋអាមេរិកនាពេលអនាគត។
លោក Collin Koh អ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខសមុទ្រ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang និយាយថា របាយការណ៍សរសេរថា ប្រទេសវៀតណាមនឹងមិនទំនាក់ទំនងប្រទេសមួយ ទៅ វាយប្រហារប្រទេសផ្សេងទៀតទេ។ ការប្ដេជ្ញានេះរារាំងការចុះសម្ព័ន្ធមិត្តណាមួយនាពេលអនាគត។ មូលដ្ឋានទ័ពបរទេសក៏ត្រូវបានគេគិតថាមិនអាចកើតមានបានដែរ។
លោក Carl Thayer សាស្ត្រចារ្យជើងចាស់នៅសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលីនិយាយថា របាយការណ៍នេះមិនបានធ្វើឲ្យបំផ្លាញទំនាក់ទំនងយោធាដ៏ស្អិតរមួតជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
លោក Thayer និយាយថា៖ «គេប្រហែលជាចង់ដឹងអំពីរឿងនេះ ដោយសារតែវាមានភាពស្រពិច ស្រពិលខ្លាំង ចំពោះអ្វីដែលគេប្រើសកម្មភាពមិនសមរម្យលើវៀតណាម នោះវៀតណាមនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងរបាយការណ៍ មិនបានបង្ហាញចំណុចនេះច្បាស់ទេ»។ សូម្បីពេលលោករដ្ឋមន្ត្រីការពារប្រទេស Mark Esper ធ្វើទស្សនកិច្ចទៅវៀតណាមកាលពីខែវិច្ឆិកា ក៏លោកបាននិយាយអ្វីដែលហៅថា «ភាពជាដៃគូក្នុងវិស័យការពារ»នោះដែរ។
ការលក់សព្វាវុធ
អ្នកវិភាគនិយាយថា កិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយបរទេសអាចជាប្រផ្នូលថានឹងមានកិច្ចព្រមព្រៀងបន្ថែមទៀតក្នុងការទិញសព្វាវុធពីរុស្ស៊ី ឥណ្ឌា និងចុងបញ្ចប់ទិញពីសហរដ្ឋសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០១៨ ប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងបញ្ជាទិញពីអ្នកផ្គត់ផ្គង់យន្តហោះនិងនាវាមុជទឹកជាយូរមកហើយ នោះគឺប្រទេសរុស្ស៊ី។ កាលពី២ឆ្នាំមុន ប្រទេសឥណ្ឌាបានពង្រីកប្រាក់កម្ចីរហូតដល់៥០០លានដុល្លារ សម្រាប់ការទិញសម្ភារៈយោធា។ ប្រទេសចិនដែលជាគូប្រជែងនយោបាយរបស់ឥណ្ឌានោះបានជំទាស់នឹងកិច្ចព្រងព្រៀងនេះ។
មន្ត្រីនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានពិចារណាលក់អាវុធដល់ប្រទេសវៀតណាម។ កាលពីឆ្នាំ២០១៨ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនចង់ឲ្យវៀតណាមទិញអាវុធយុទ្ធភ័ណ្ឌពីសហរដ្ឋអាមេរិកច្រើនថែមទៀតបើទោះបីជានៅក្នុងតម្លៃមួយដែលវៀតណាមពិបាកនឹងចំណាយ។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយយោធា «ព័ត៌មានការពារជាតិ»។ កាលពី៤ឆ្នាំមុន ក្រុងវ៉ាស៊ីនតោនបានដកទណ្ឌកម្មចំពោះការទិញលក់អាវុធទៅកាន់ប្រទេសវៀតណាម និងបញ្ចប់អ្វីដែលនៅសេសសល់ពីសង្គ្រាមវៀតណាម។
របាយការណ៍មិនបានលើកឡើងពីការចំណាយលើវិស័យការពារទេ ហើយក៏មិនបានបង្ហាញលម្អិតអំពីជម្លោះរបស់វៀតណាមជាមួយចិន ហើយក៏មិនបានយកគោលដៅលើរដ្ឋាភិបាលកុម្មុយនីស្តដូចគ្នានេះដែរ។
លោក Koh និយាយថា៖ «ខ្ញុំគិតថា របាយការណ៍នេះព្យាយាមបង្ហាញអព្យក្រឹតរវាងតម្រូវក្នុងការបញ្ចូនសញ្ញាមួយ ហើយស្របជាមួយគ្នានោះវាព្យាយាមបង្ហាញថាប្រទេសនេះមិនធ្វើការអុជអាលដល់ភាគីជាក់លាក់ណាមួយទេ»៕