ប្រទេសវៀតណាមនិងទ្វីបអឺរ៉ុបអាចនឹងទិញដូរផ្លែក្រូចថ្លុងនិងឈីសព័រទុយហ្គាល់បន្ថែមទៀតទៅវិញទៅមកក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយចូលជាធរមាន។ កិច្ចព្រមព្រៀងនេះនឹងភ្ជាប់តំបន់ទាំងពីរដែលបានស្វែងរកដំណោះស្រាយលើភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានបង្កឡើងដោយសហរដ្ឋអាមេរិក។ រដ្ឋសភាអឺរ៉ុបគ្រោងរៀបចំការពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែឧសភាខាងមុខ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ មិនត្រឹមតែដោយសារវាជួយសម្រួលដល់ការនាំចេញផលិតផលមួយចំនួនដូចជា ផ្លែឈើនៅតំបន់ត្រូពិចប៉ុណ្ណោះទេ ប៉ុន្តែដោយសារវាបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការការពារសិទ្ធិមនុស្ស សហជីពការងារ និងការការពារបរិស្ថានផងដែរ។ ទោះបីជាយ៉ាងនេះក្តី ពួកអ្នករិះគន់បាននិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុបនេះ នឹងមិនជំរុញឲ្យមានការអនុវត្តស្តង់ដារសិទ្ធិមនុស្សនោះទេ ហើយនឹងបញ្ចេញការងារទៅក្រៅប្រទេសដែលធ្វើឲ្យកម្មកររងគ្រោះ។
សម្រាប់សហភាពអឺរ៉ុបកិច្ចព្រមព្រៀងនេះគឺជា វិធីមួយទៀតនៃលទ្ធភាពចូលទៅកាន់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំងនៅទ្វីបអាស៊ី គឺជាការបង្កើតជាគំរូសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឲ្យប្រទេសវៀតណាមដែលគ្រប់គ្រងដោយគណបក្សតែមួយទទួលខុសត្រូវចំពោះការសន្យារបស់ខ្លួននៅក្នុងការធ្វើពាណិជ្ជកម្មឲ្យបានស្មើភាព។
ចំណែកឯសម្រាប់ប្រទេសវៀតណាមវិញ វាគឺជាឱកាសមួយក្នុងការហៅខ្លួនឯងថាជា ប្រទេសបើកចំហក្នុងការធ្វើពាណិជ្ជកម្ម ដោយសារតែខ្លួនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ព្រមទាំងបានបង្កើនស្តង់ដារគុណភាពឲ្យដល់កម្រិតមួយដែលបណ្តាប្រទេសនៅសហភាពអឺរ៉ុបចង់បានផងដែរ។ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីម៉ិញបានថ្លែងនៅឯកិច្ចប្រជុំសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅប្រទេសវៀតណាមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមានបញ្ចូលនូវការប្តេជ្ញាចិត្តជាច្រើន ដើម្បីធ្វើឲ្យបរិយាកាសអាជីវកម្មនៅក្នុងប្រទេសវៀតណាមមានភាពប្រសើរឡើង»។
ក្រុមមន្រ្តីវៀតណាមជារឿយៗបាននិយាយថា ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូក្រៅប្រទេសវានឹងជួយសម្រេចឲ្យបាននូវកំណែទម្រង់ដ៏លំបាកមួយនៅក្នុងប្រទេសវៀតណាម។ ឧទាហរណ៍ដូចជា វាប្រហែលជាពិបាកក្នុងការបញ្ចុះបញ្ចូលពួកអភិរក្សនិយម ដើម្បីអនុញ្ញាតឲ្យពួកកម្មករបង្កើតសហជីពការងារដោយពួកគេផ្ទាល់។ ក៏ប៉ុន្តែប្រសិនបើមានការលើកទឹកចិត្តពីខាងក្រៅ ដូចជាការធ្វើពាណិជ្ជកម្មបានប្រសើរជាងមុនជាមួយសហភាពអ៊ឺរ៉ុបជាដើម នោះវានឹងអាចធ្វើ ពួកអភិរក្សនិយមទាំងនោះចូលរួមក្នុងរឿងនេះបាន។
សហជីពការងារគឺជា ក្តីបារម្ភមួយសម្រាប់សហភាពអឺរ៉ុប។ ហើយក្តីបារម្ភមួយទៀតគឺការហូរចេញការងារ ដែលប្រើកម្លាំងពលកម្មទៅទ្វីបអាស៊ីរួមទាំងវៀតណាមផងដែរ។ អ្នកធ្វើការនៅទ្វីបអឺរ៉ុបមានការបារម្ភថា នៅពេលដែលពួកគេទទួលយកការងារបណ្តោះអាសន្ននានាដូចជា ផ្នែកដឹកជញ្ជូនម្ហូបអាហារជាដើម ជំនួសឲ្យការងារជាប់លាប់របស់ពួកគេដែលមានស្រាប់រួចទៅហើយនោះ ពួកគេមិនសូវទទួលបានផលប្រយោជន៍ការងារដូចដែលទទួលបានពីនិយោជករយៈពេលវែង ឬតាមរយៈកម្មវិធីអនុគ្រោះពន្ធរបស់រដ្ឋាភិបាលនោះទេ។
មានក្តីបារម្ភមួយផ្សេងទៀតត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ ប្រធានសភាពាណិជ្ចកម្មអឺរ៉ុបលោក Nicolas Audier បានថ្លែងក្នុងកិច្ចប្រជុំសភាពាណិជ្ជកម្មថា «យើងមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្សនៅប្រទេសវៀតណាម ប៉ុន្តែបញ្ហានេះត្រូវបានលើកយកមកពិភាក្សារួចហើយ»។
អង្គការសិទ្ធិមនុស្ស Amnesty International បានរាយការណ៍នៅខែនេះថា ចំនួនអ្នកទោសនយោបាយនៅវៀតណាមបានកើនឡើងពី ៩៧នាក់កាលពីឆ្នាំមុន ដល់១២៨នាក់នៅឆ្នាំនេះ បើទោះបីជាអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ពួកគេមិនបានឃុំខ្លួនមនុស្សដោយសារហេតុផលនយោបាយក៏ដោយ។
មានអ្នកខ្លះមានចម្ងល់ថា តើសហភាពអឺរ៉ុបនឹងអនុវត្តតាមស្តង់ដារជាប់លាប់របស់ខ្លួនដែរឬទេ នៅពេលដែលសហភាពអឺរ៉ុបបន្តដំណើរការចុះកិច្ចព្រមព្រៀងពាណិជ្ចកម្មជាមួយនឹងវៀតណាមនោះ ទោះបីជាសហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មលើប្រទេសជិតខាងនានាដូចជា មីយាន់ម៉ា និងកម្ពុជា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក៏ដោយ។
សហភាពអឺរ៉ុប ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកក៏កំពុងដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធរបស់ខ្លួនដែលហៅថា អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ចេញពីប្រទេសទាំងពីរដោយសារតែប្រទេសកម្ពុជាបានធ្វើការបង្ក្រាបលើក្រុមអ្នកនយោបាយគណបក្សប្រឆាំងកាលពីពេលបោះឆ្នោតឆ្នាំ២០១៨ ហើយប្រទេសមីយាន់ម៉ាវិញ ដែលមានពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធបានសម្លាប់រង្គាលលើពួកជនជាតិរូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
ក៏ប៉ុន្តែទាំងសហភាពអឺរ៉ុបនិងវៀតណាមចង់មានជម្រើសធ្វើពាណិជ្ជកម្មជាមួយគ្នា ព្រោះថា ដៃគូពាណិជ្ជកម្មដ៏ធំគឺសហរដ្ឋអាមេរិកកំពុងងាកចេញពីសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីកហៅកាត់ថា TPP កាលពីឆ្នាំ២០១៧។ ការដកខ្លួនរបស់សហរដ្ឋអាមេរិកនេះធ្វើឲ្យវៀតណាមខកចិត្តដោយសារតែសហរដ្ឋអាមេរិកគឺជា មូលហេតុចម្បងដែលជំរុញឲ្យវៀតណាមសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP នេះ ដោយកិច្ចព្រមព្រៀងនេះបានផ្តល់ឱកាសឲ្យក្រុមហ៊ុនវាយនភណ្ឌនិងរោងចក្រសម្លៀកបំពាក់នានានៅវៀតណាមអាចចូលទៅទីផ្សារសហរដ្ឋអាមេរិកបាន។ ទីផ្សារសហភាពអឺរ៉ុបក៏រងផលប៉ះពាល់ផងដែរ នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើនពន្ធគយលើដែកថែប និងអាលុយមីញ៉ូមនាំចូលពីបរទេសកាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នសហរដ្ឋអាមេរិកក៏កំពុងគំរាមបង្កើនពន្ធគយលើការនាំចូលរថយន្តពីទ្វីបអឺរ៉ុបផងដែរ។
ទាំងសហភាពអ៊ឺរ៉ុប និងវៀតណាមនៅកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ ហើយករណីនេះឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីពេលថ្មីៗនេះទៅកាន់ទ្វីបអឺរ៉ុប។ លោកបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋជា សមាជិកសហភាពអ៊ឺរ៉ុបដូចជា ប្រទេសរ៉ូម៉ានី និងសាធារណរដ្ឋឆែកកាលពីខែមេសាកន្លងទៅ ហើយបន្ទាប់មកលោកបានរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូមកពីប្រទេសរ៉ូម៉ានីនៅខែឧសភានេះ។ ការបញ្ចុះបញ្ចូលដើម្បីឲ្យទទួលបានកិច្ចព្រមព្រៀងនេះនៅកំពុងបន្តនៅឡើយ ខណៈលោកបានទទួលស្វាគមន៍ម្ចាស់ក្សត្រីយ៍រជ្ជទាយាទរបស់ប្រទេសស៊ុយអ៊ែតនៅខែនេះ ហើយបន្ទាប់មកលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Stockholm ប្រទេសស៊ុយអ៊ែតដូចតាមការគ្រោងទុក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា