ស្រ្តី​នៅ​វៀតណាម​ប្រឆាំង​នឹង​វប្បធម៌​ការងារ ​ដែល​បង្កើត​ដោយ​បុរស

រូបឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ធ្វើ​ស្ករ​​គ្រាប់​នៅ​ខេត្ត Ben Tre ប្រទេស​វៀតណាម។

ភាពទន់ភ្លន់​ និង​ភាពសប្បុរសមិនមែន​ជា​អ្វី​ដែល​គេ​មើលឃើញ​ជាក់ស្តែង ​ដើម្បី​ឈាន​មុខគេ​នៅក្នុង​អាជីព​ការងារ​ទេ​។ ប៉ុន្តែ​វា​ជា​ជំនាញ​ដែល​គេ​មិន​បាន​គិតដល់​នៅក្នុង​ប្រវត្តិសាស្រ្ត ដោយសារ​តែ​វប្បធម៌​ធ្វើការ​នៅ​តាម​ការិយាល័យ​ភាគច្រើន​ត្រូវ​​បាន​បង្កើតឡើង​តាំង​ពី​រាប់ទសវត្សរ៍​មុន​មក​ម៉្លេះ។

ការងារ​នៅក្នុង​ពិភពលោក​នេះ​នៅ​បន្ត​បង្រៀន​ស្រ្តី​ពី​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ​ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ ដែល​មាន​ការប្រកួត​ប្រជែងខ្លាំង។ ក៏​ប៉ុន្តែ​ស្រ្តីមួយចំនួន​ធុញទ្រាន់​នឹង​ការ​ណ៍ដែល​ត្រូវ​ចាំ​គេបង្រៀន​ឲ្យ​សម្រប​ខ្លួន​តាម​ការងារ​ ហើយ​ជាក់​ស្តែង​ស្រ្តី​វៀតណាម​នាពេលបច្ចុប្បន្ន​កំពុង​ប្រឆាំង​នឹង​ទស្សនៈ​ទាំងនោះ។

ពួកគេ​និយាយ​ថា​ ​វប្បធម៌ការងារ​នា​ពេលបច្ចុប្បន្ន​នេះ​បង្កើត​ឡើង​ដោយ​ពួកបុរស​ ដែល​ជា​វប្បធម៌​មួយ​បង្ខំ​ឲ្យ​ស្រ្តីត្រូវ​សម្រប​ខ្លួន​តាម​ការងារ។ ក្នុង​ស្ថានភាព​បែប​នេះ​ស្រ្តី​ប្រឹង​រៀន​ជំនាញ​ថ្មីៗ​ដូចជា​ ការស្តាប់​ឬ​យកចិត្តទុក​ដាក់​លើ​ក្រុមស្រ្តី​ណា​ដែល​ពួកគេ​យល់ថា ​មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់ពីនិយោជក​របស់​ពួកគេ។

អ្នកស្រី Ha Thu Thanh ប្រធាន​ក្រុមហ៊ុន​គណនេយ្យ Deloitte Vietnam​ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ក្លាយ​ជាអ្នកដឹកនាំ​ម្នាក់​ដូច​ម្តាយ​ខ្ញុំ​ដែរ។ ម្តាយ​ខ្ញុំ​ជាស្ត្រីម្នាក់​ដែល​ចេញ​ទៅ​ធ្វើការ​នៅខាងក្រៅ​ហើយ​ ថែមទាំង​ជា​អ្នកមើល​ថែទាំ​គ្រួសារ​ដែល​មាន​កូន៥នាក់​ក្នុង​បន្ទុក​ទៀត​ផង»។

ប្រវត្តិ​នៃការងារ​ដែល​គ្រប់គ្រង​ដោយ​បុរស

អ្នកស្រី Angie Lau ស្ថាបនិក​សារព័ត៌មាន Forkast News បាន​ថ្លែង​ថា​ មាន​ជំនាញ​មួយ​ចំនួន​ដែល​ស្រ្តី​មាន​ជាពិសេស​ ប៉ុន្តែ​ជំនាញ​ទាំងនោះ​គួរ​តែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​បុរស​មានដែរ។ អ្នកស្រី Angie Lau បាន​ថ្លែង​នៅក្នុង​សន្និសីទ​ស្តី​ពី​ស្រ្តី​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្តី​ Forbes ក្នុង​ទីក្រុងហូជីម៉ិញ ​ប្រទេស​វៀតណាម​ថា៖

«ស្រ្តី​វៀតណាម​មាន​ជំនាញ​ផ្សេងៗ​ ដែល​គេត្រូវការ​ចាំបាច់​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ទៅ​អនាគត។ ជំនាញ​ទាំងនោះ​មាន​ដូច​ជា ​ការចេះយល់ចិត្ត​ ភាពទន់ភ្លន់​ ភាពបត់បែន​ ការអាណិតអាសូរ ​ភាពសប្បុរស និង​ការយក​ចិត្ត​ទុកដាក់​ជាដើម។​ ទាំងនេះ​ជា​ជំនាញ​ដែល​យើង​មិនមែន​កើត​មក​មាន​ជាមួយ​នោះ​ទេ​​ ប៉ុន្តែ​ជា​ជំនាញដែល​ត្រូវ​បាន​លើក​ទឹកចិត្ត​ និង​ត្រូវ​បាន​បណ្តុះ​ឲ្យ​មាន​នៅក្នុង​ផ្នត់​គំនិត​របស់ស្រ្តី»។

ភាពទន់ភ្លន់​ និង​ភាពសប្បុរសមិនមែន​ជា​អ្វី​ដែល​គេ​មើលឃើញ​ជាក់ស្តែង ​ដើម្បី​ឈាន​មុខគេ​នៅក្នុង​អាជីព​ការងារ​ទេ​។ ប៉ុន្តែ​វា​ជា​ជំនាញ​ដែល​គេ​មិន​បាន​គិតដល់​នៅក្នុង​ប្រវត្តិសាស្រ្ត ដោយសារ​តែ​វប្បធម៌​ធ្វើការ​នៅ​តាម​ការិយាល័យ​ភាគច្រើន​ត្រូវបាន​បង្កើតឡើង​តាំង​ពី​រាប់ទសវត្សរ៍​មុន​មក​ម៉្លេះ គឺ​នៅ​ពេល​ដែល​ស្រ្តី​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការងារ​វិជ្ជាជីវៈ​ជាច្រើន​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​ជា​បង្កើត​ឲ្យ​មាន​នូវ​វប្បធម៌​ទាំង​នោះ។

អ្នកស្រី Lau បាន​គូស​បញ្ជាក់​ថា​ ទាំង​បុរស​និង​ស្រ្តី​ត្រូវ​បាន​សង្គម​ចាត់​ទុក​ថា​ជា​ភេទ​ដែល​ត្រូវ​បាន​ធម្មជាតិ​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ផ្សេង​គ្នា ដោយ​បុរស​មាន​លក្ខណៈ​រឹងមាំ​អាច​ពឹងផ្អែក​បាន​ ហើយ​ស្រ្តី​មាន​លក្ខណៈ​ទន់ជ្រាយ។ ដោយសារ​តែ​បុរស​បាន​គ្រប់គ្រង​វប្បធម៌​ធ្វើការ​របៀប​នេះ​ជាយូរមក​ហើយ​ ហេតុដូច្នេះ​ហើយ​ វា​មិនមែន​ជា​ការភ្ញាក់​ផ្អើល​អ្វី​ទេ ​ដែល​នៅតាម​ការិយាល័យ​ធ្វើការ​ គេ​ឲ្យតម្លៃ​លើ​បុរស ​ថា​ជា​អ្នក​ដែល​មាន​ការប្រកួតប្រជែង​ និង​ជា​អ្នក​ដែល​មាន​មោទនភាព​ពីភាព​ជោគជ័យ​ខ្លួន។

ការចុះដាក់ខ្លួន ​និង​ការចេះសហការ

តើ​នឹង​មាន​រឿង​អ្វីកើតឡើង​ប្រសិន​បើ​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ដល់​បុគ្គលិក​ដែល​ចេះ​ដាក់ខ្លួន ព្រមទាំងបុគ្គលិក​ដែល​មាន​មោទនភាព? ក៏ដូច​ជា​បុគ្គលិក​ដែល​ចូលចិត្ត​ប្រកួតប្រជែង រួម​ទាំង​បុគ្គលិក​ដែល​ចេះ​សហការ​នោះ?

​ស្រ្តី​កំពុង​ប្រឆាំង​ទៅ​នឹង​ទស្សនៈ​ចាស់គំរិល អំពី​ការ​ទទួល​បាន​ជោគជ័យ​នៅក្នុង​អាជីព​ការងារ​។ ជាជាង​ផ្លាស់ប្តូរ​ខ្លួន​ពួកគេ​សម្រប​ទៅតាម​បរិយាកាស​ការងារ ​ក្រុមស្ត្រី​ទាំង​នោះ​កំពុង​ផ្លាស់ប្តូរ​បរិយាកាស​ការងារ​ឲ្យ​សម្រប​តាម​ពួកគេ​វិញ ដើម្បី​ផ្តល់​តម្លៃ​ដល់​ជំនាញ​នានា​ដ៏ទូលំទូលាយ​ជាងនេះ។

អ្នកស្រី Amanda Rasmussen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ITL Corp ដែល​ជា​ក្រុមហ៊ុន​ភស្តុភារ​នៅ​ប្រទេស​វៀតណាម​បាន​និយាយ​ថា៖

«គោលដៅ​របស់​ពួកយើង​គឺ​មិន​ត្រូវ​ប្រៀបធៀប​ខ្លួន​ពួកយើង​ទៅ​នឹង​ពួកបុរស។ គោលដៅ​របស់​យើង​គឺ​មិនមែន​ធ្វើ​ឲ្យ​ប្រសើរជាង​ ឬ​ក៏​អន់​ជាង​នោះ​ទេ។ យើងត្រូវ​ប្រើ​ជំនាញ​ដែល​ធ្វើ​ឲ្យខ្លួន​យើង​ក្លាយ​ជា​មនុស្ស​ពិសេស​ មិនថា​ជា​ការសហការ​គ្នា​ ឬ ការ​យល់យោគ​គ្នា​ ឬ​ដោយសមត្ថភាព​ពិត​ប្រាកដ​របស់​យើង ឬការខ្វាយខ្វល់​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នកនោះទេ»។

រូបឯកសារ៖ សិស្ស​សាលា​ដើរ​កាត់​ផ្លូវ​មួយ​នៅ​ក្រុង​ហាណូយ។ ក្រុម​អ្នកគាំទ្រ​និយាយថា ការ​គាំទ្រ​ស្រ្តីភេទ​គួរ​តែ​ត្រូវ​បាន​បង្រៀន​ទៅ​មនុស្ស​គ្រប់គ្នា។

ការ​ទទួលខុសត្រូវ​របស់​បុរស

ដំបូន្មាន​មួយ​ចំនួន​ «ភាពមុះមុត» ឬក៏ «ភាពរឹងមាំ»បាន​ដាក់​ការ​ទទួល​ខុសត្រូវ​លើ​ស្ត្រី ឲ្យ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព ​ដែល​បាន​រៀបចំ​រួច​ហើយ។ ក៏​ប៉ុន្តែ​អ្នកស្រី Lau និង​អ្នកផ្សេង​ទៀត​បាន​និយាយថា​ បុរសក៏ត្រូវចាំបាច់​បំពេញ​ផ្នែក​របស់​ពួកគេផង​ដែរ។ យោង​តាម​ការស្ទង់មតិ​របស់​មហា​វិទ្យាល័យ​ Murray Edwards ​ស្រ្តីរាប់រយនាក់​បាន​រាយការណ៍​ស្រដៀង​គ្នា​អំពី​ការប្រឈម​របស់​ពួកគេ​នៅ​កន្លែង​ធ្វើការ។

ការប្រឈម​ទាំងនោះ​មាន​ដូចជា​ ត្រូវ​បាន​គេ​រំខាន​នៅ​ពេលប្រជុំ​ ឬ​ត្រូវ​គេ​បំភេ្លច​ចោល​នៅ​ពេល​មានការពិភាក្សា​ការងារ​នៅ​កន្លែង​វាយ​កូន​ហ្គោល​ជាដើម។ ទោះបីជា​ស្រ្តី​ត្រូវតែហ៊ាន​និយាយអំពីបញ្ហា​នេះក៏ដោយ ​ក៏ពួកបុរស​គួរ​តែដឹង​អំពើ​ទង្វើរ​របស់​ពួកគេ​ ដែល​មិន​អើពើ​ពី​ស្រ្តី​នៅអំឡុងពេល​ប្រជុំ ​ហើយគួរ​តែជួយ​តវ៉ា​ឲ្យ​ស្រ្តី​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Barbara Stocking នាយក​មហាវិទ្យាល័យ Murray Edwards​ នៅក្នុង​ទស្សនាវដ្តី Financial Times

ប្រទេស​វៀតណាម​មាន​លក្ខណៈពិសេស​អំពី​ការ​ពិភាក្សា​ការងារ​នៅពេល​លេង​កីឡា​វាយកូនហ្គោល។ ពួកដៃគូ​អាជីវកម្ម​នានា​តែងតែ​សម្រេច​បាន​កិច្ចព្រមព្រៀង​អាជីវកម្ម​នៅ​តាម​រង្គសាល​ដោយ​ជួល​ឲ្យ​ពួកស្រ្តី​អង្គុយ​ហែរ​ហម​ជាមួយ។ បុគ្គលិក​នៅតាម​កន្លែង​ធ្វើ​ចូលចិត្ត​នាំគ្នាចេញ​ទៅ​ផឹក​ស្រាបៀជាមួយគ្នា​ ដើម្បី​អាច​ឲ្យ​ពួកគេ​ស្គាល់​គ្នា​កាន់​តែ​ជិតស្និទ។ សកម្មភាព​ទាំងពីរ​នេះ​ជា​ទូទៅ​មិន​រាប់​បញ្ជូល​ស្រ្តីទេ។

អ្នកស្រី Nguyen Thi Mai Thanh នាយក​ក្រុមហ៊ុន​លក់​គ្រឿងអេឡិចត្រូនិក REE Corp បាន​និយាយ​ថា៖ «ស្រ្តី​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ជាង​បុរស​ដើម្បី​អាចក្លាយ​ជា​មេដឹកនាំ​ល្អ»។

អ្នកស្រី​បាន​លើក​ឧទាហរណ៍​អំពី​ការកំណត់​នៅ​តាម​គ្រួសារ​នីមួយៗ គឺ​ស្ត្រីមិន​ត្រឹមតែ​តម្រូវ​ឲ្យ​មើល​ថែ​រក្សា​កូនៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ត្រូវ​ដាក់​កំហិត​មិន​ឲ្យ​ធ្វើ​ការ​ផងដែរ ​ប្រសិន​បើ​ស្វាមី ឬ​សមាជិក​គ្រួសារ​ណាផ្សេង​ទៀត​ប្រឆាំង​នឹង​ទស្សនៈ​ «ស្រ្តី​ចេញ​ទៅ​ធ្វើ​ការ​ខាងក្រៅ»។

ការបង្រៀន​ក្មេងប្រុស​

ប្រសិនបើការពង្រឹងអំណាច​ដល់​ស្ត្រីនេះ​មាន​ការផ្លាស់ប្តូរ​ នោះ​វា​នឹង​ផ្លាស់ប្តូរនៅ​ទូទាំង​សកលលោក​នៅក្នុង​វិស័យផ្សេងៗទៀត​បន្ថែមទៅនឹង​វិស័យអាជីវកម្ម។ មនុស្ស​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិកឆ្ងល់​ថា ​តើ​ការ​ប្រកួតប្រជែង​យក​មួយ​ឈ្នះ​ដៃ​បាន​ធ្វើ​ឲ្យ​ពួកអ្នក​នយោបាយ​បែកបាក់​គ្នា និង​គ្មានឆន្ទៈ​សម្រុះសម្រួល​គ្នា​ដែរ​ឬ​ក៏​យ៉ាងណានោះ​។ នៅប្រទេសនូវែលហេ្សឡង់ លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern គឺ​ជា​អ្នក​នាំ​មុខនូវ​នយោបាយ​ប្រកប​ដោយ​ក្តី​មេត្តា​ជំនួស​ឲ្យ​ការ​ធ្វើ​នយោបាយ​ដែល​មាន​ការប្រកួតប្រជែ​ងខ្លាំង។

អ្នកស្រី Lau បាន​និយាយថា​ដើម្បី​មាន​បរិយាកាស​ការងារ​ដែល​មាន​ការ​ចូល​រួម​ឲ្យ​បាន​ស្មើគ្នា យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​មនុស្ស​ជំនាន់ក្រោយ​កំពុងរៀន។ អ្នកស្រី Lau​ កំពុង​បង្រៀន​ឲ្យ​កូនប្រុស​អ្នកស្រី​កុំ​មាន​ការរើសអើង​យេនឌ័រ​ ដែល​ជា​ទស្សនៈ​ចាស់​គំរិល។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «សម្រាប់ខ្ញុំ​ ក្នុង​នាម​ជា​ម្តាយ​ម្នាក់​ ខ្ញុំ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ដល់​កូន​ប្រុស​របស់​ខ្ញុំ។ ត្រូវ​ពន្យល់​គាត់​ឲ្យ​យល់​ពី​អំណាច​នៃ​ក្តីមេត្តា​ ការអាណិត​អាសូរ ភាពត្រឹមត្រូវ​ និង​ភាពសប្បុរស។ ទាំងនេះ​គឺ​ជា​ជំនាញ​ដែល​គេ​ត្រូវការ​នៅក្នុង​សតវត្ស​ទី២១នេះ»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា