អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលរួមមានពលរដ្ឋអាមេរិកាំងមួយចំនួនផងដែរ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទម្សិលមិញជាមួយសមាជិកគណ:រដ្ឋមន្ត្រីអ៊ីស្រាអែលទទួលបន្ទុកបញ្ហាសង្គ្រាម លោក Benny Gantz នៅសេតវិមាន។
អ្នកស្រី Harris ដែលបានជួបជាមួយ លោកGantz ក្នុងការជំរុញឱ្យមានបទឈប់បាញ់ចំនួន៦សប្តាហ៍ក្នុងតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិក លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល នៅចំពោះមុខនៃការគំរាមកំហែងភេរវកម្មពីក្រុមហាម៉ាស់ និងបានលើកបញ្ជាក់ពីការតាំងចិត្តមិនងាករេរបស់អាមេរិក លើសន្តិសុខរបស់អ៊ីស្រាអែល។ នេះបើយោងលើខ្លឹមសារនៃកិច្ចប្រជុំដែលត្រូវបានផ្សព្វផ្សាយដោយសេតវិមាន។
អ្នកស្រី Harris បានអំពាវនាវដល់ក្រុមហាម៉ាស់ ឱ្យទទួលយកខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលថា ការដោះលែងចំណាប់ខ្មាំងនឹងបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗចំនួន៦សប្តាហ៍ និងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាទាំងមូល។
អ្នកស្រីក៏បានលើកឡើងពីសោកនាដកម្មនាពេលថ្មីៗនេះនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងផងដែរ ដែលពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ ដែលកំពុងប្រជ្រៀតគ្នាទទួលជំនួយស្បៀងអាហារ ពីក្បួនរថយន្តផ្តល់ជំនួយមួយ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ អ្នកស្រីបានហៅព្រឹត្តិការណ៍នោះថា «ជាសោកនាដកម្មដ៏រន្ធត់»មួយ ។
យោងទៅលើក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានឱ្យដឹងថា កុមារយ៉ាងតិចក៏១៦នាក់ដែរ បានស្លាប់ដោយខ្វះអាហារូបត្ថម្ភក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលគ្រោះទុរ្ភិក្សកំពុងរីករាលដាលទៅកាន់តំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា។
អ្នកស្រី Harris ក៏បានពិភាក្សាពីភាពបន្ទាន់ក្នុងការសម្រេចឱ្យបានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមួយ។
អ្នកស្រី Harris និងលោក Gantz ក៏បានពិភាក្សាលើប្រតិបត្តិការយោធានាពេលខាងមុខរបស់អ៊ីស្រាអែលក្នុងទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាផងដែរ ដែលមានមនុស្សប្រមាណជាង១លាននាក់កំពុងរស់នៅទីនោះ។ អ្នកស្រីនិយាយថា ផែនការមនុស្សធម៌ដ៏ច្បាស់លាស់មួយត្រូវអនុវត្តនៅទីនោះ ប្រសិនបើអ៊ីស្រាអែលសម្រេចថា ខ្លួនត្រូវបើកការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស់នៅទីនោះ ហើយអ្នកស្រីក៏បានសម្តែងក្តីបារម្ភផងដែរ ទៅលើអ្វីដែលប្រតិបត្តិការយោធាអ៊ីស្រាអែលអាចធ្វើឱ្យប៉ះពាល់ទៅលើជនស៊ីវិលនៅទីនោះ៕
លោក Jeff Seldin និងអ្នកស្រីMargaret Besheer ចូលរួមផ្តល់ព័ត៌មានសម្រាប់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP, AFP និងReuters។