ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Harris នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​មួយ​រូប​នៃ​គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល


អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ថ្លែង​នៅ​ក្នុងទីក្រុង​ Selma
អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ថ្លែង​នៅ​ក្នុងទីក្រុង​ Selma

នៅ​ថ្ងៃ​ចន្ទ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​មួយ​រូប​នៃ​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សង្គ្រាម​របស់​អ៊ីស្រាអែល​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ មន្ត្រី​អ៊ីស្រាអែល​រូប​នេះ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នេះ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Benny Gantz ដែល​ជា​អ្នក​នយោបាយ​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម​និង​ជា​គូ​ប្រជែង​របស់​លោក Netanyahu នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​នៃ​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​សប្ដាហ៍​នេះ ដែល​ក្នុង​នោះ​រួម​ទាំង​អ្នកស្រី Harris លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan ផងដែរ។ លោក Biden កំពុង​ស្ថិត​នៅ​រមណីយដ្ឋាន​លំហែកាយ Camp David នៅ​ក្រៅរដ្ឋធានី​វ៉ាស៊ីនតោន​និង​បន្ត​ស្នាក់នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក។

មន្ត្រី​មួយ​រូប​មកពី​គណបក្ស Likud ដែល​ជា​គណបក្ស​ស្ដាំ​និយម​របស់​លោក Netanyahu បាន​និយាយ​ថា លោក Gantz មិន​មាន​ការ​អនុញ្ញាត​ពី​លោក Netanyahu ដើម្បី​ចូលរួម​ក្នុង​ជំនួប​ទាំង​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ទេ និង​ថា​លោក Netanyahu បាន «និយាយ​ខ្លាំងៗ» ទៅ​កាន់​លោក Gantz។ ករណី​នេះ​គូស​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​ប្រេះស្រាំ​ដ៏​ធំ​នៅ​ក្នុង​រង្វង់​ថ្នាក់ដឹកនាំ​គណៈរដ្ឋមន្ត្រី​កិច្ចការ​សង្គ្រាម​របស់​អ៊ីស្រាអែល​ក្នុង​រយៈពេល​ជិត ៦ ខែ​កន្លង​មក​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Gantz អ្នកស្រី Harris គ្រោង​នឹង​សង្កត់ធ្ងន់​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​លើ​បទឈប់បាញ់​ជា​បណ្ដោះអាសន្ន​មួយ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ជាច្រើន​ដែល​ក្រុម​ហាម៉ាស់​កំពុង​ចាប់​ឃុំ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​លោក Biden មួយ​រូប​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​បាន​យល់ព្រម​ជា​មូលដ្ឋាន​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ ហើយ​សេតវិមាន​បាន​សង្កត់ធ្ងន់​ថា ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នេះ​គឺ​អាស្រ័យ​លើ​ក្រុម​ហាម៉ាស់​នៅ​ពេល​ឥឡូវ​នេះ។

សម្រាប់​លោក Gantz វិញ លោក​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ទ្រទ្រង់​ការ​គាំទ្រ​ចំពោះ​សង្គ្រាម​របស់​អ៊ីស្រាអែល និង​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ដែល​ក្រុម​ហាម៉ាស់​ចាប់​ឃុំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អ៊ីស្រាអែល​មួយ​រូប​ទៀត។

ជំនួប​ទាំងនេះ​បាន​ធ្វើ​ឡើង​ចំពេល​ដែល​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ទម្លាក់​ជំនួយ​ជា​បន្តបន្ទាប់​ទៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។ ការ​ទម្លាក់​ជំនួយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ជនជាតិ​ប៉ាឡេស្ទីន​រាប់​សិប​នាក់​ត្រូវបាន​សម្លាប់ នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ព្យាយាម​ទាញ​យក​ម្ហូប​អាហារ​ពី​កង​រថយន្ត​ដែល​មាន​ការ​ចាត់តាំង​របស់​អ៊ីស្រាអែល។

សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​ជំនួយ​ដំបូង​កាលពី​ថ្ងៃ​សៅរ៍​ទៅ​ក្នុង​ផ្នែក​និរតី​ក្នុង​តំបន់​ហ្កាហ្សា ហើយ​មន្ត្រី​សេតវិមាន​បាន​និយាយ​ថា ការ​ទម្លាក់​ជំនួយ​ទាំង​នេះ​នឹង​បន្ត​រហូត​ដើម្បី​បំពេញ​បន្ថែម​ពី​លើ​ការ​បញ្ជូន​ជំនួយ​តាម​រថយន្ត​ដឹកទំនិញ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​លើ​ការ​បញ្ជូន​ជំនួយ​ផងដែរ​តាម​ផ្លូវ​សមុទ្រ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG