ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងប្រារព្ធខួបលើកទី ៣ នៃការវាយប្រហារវិមានសភាអាមេរិក ដោយថ្លែងសុន្ទរកថានយោបាយមួយ នៅជិតទីតាំងសង្គ្រាមបដិវត្តន៍ប្រវត្តិសាស្ត្រក្នុងភូមិ Valley Forge ក្នុងរដ្ឋ Pennsylvania ដែលលោកនឹងលើកឡើងពីករណីដែលលោក Donald Trump បង្កការគំរាមកំហែងលើភាពរស់រាននៃលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden ដែលបាននិយាយកាលពីថ្ងៃពុធកន្លងទៅ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាការឈប់សំចតរបស់លោក Joe Biden នៅជិតទីតាំងបន្ទាយទាហានក្នុងសម័យសង្គ្រាមក្នុងរដ្ឋ Pennsylvania ដែលអតីតប្រធានាធិបតីអាមេរិកទី ១ លោក George Washington បានបង្កើតទីបញ្ជាការសមរភូមិនៅទីនោះ ក្នុងអំឡុងពេលនៃសង្គ្រាមបដិវត្តន៍ ហើយក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅថ្ងៃចន្ទខាងមុខនេះ ក៏ធ្វើដំណើរ ទៅកាន់ព្រះវិហារ Mother Emanuel AME Church ក្នុងទីក្រុង Charleston រដ្ឋ South Carolina ដែលជាកន្លែងដែលក្រុមរើសអើងពូជសាសន៍ ស្បែកសនិយម បានសម្លាប់អ្នកគោរពសាសនា៩នាក់នៅក្នុងព្រះវិហារប្រវត្តិសាស្ត្រ Black church។ លោក Biden នឹងផ្តោតទៅលើអ្វីដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកហៅថា ជាការកើនឡើងនៃការគំរាមកំហែងអំពើហិង្សានយោបាយ។
ជារួម ការចុះទៅកាន់កន្លែងទាំងពីរនេះ នឹងតំណាងឱ្យការវាយប្រហារដោយផ្ទាល់បំផុតទៅក្នុងស្រទាប់មហាជនរបស់លោក Biden នៅក្នុងរដូវកាលបោះឆ្នោតនេះ ប្រឆាំងទៅលើគូប្រជែងដ៏សំខាន់របស់លោក គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងគណបក្សសាធារណរដ្ឋដែលលោកកំពុងគ្រប់គ្រង ដែលជាការបង្ហាញការបង្កើនការវាយប្រហារមួយ ក្រោយពីលោកបានចំណាយពេលស្ទើរតែពេញមួយឆ្នាំ ២០២៣ លើកកម្ពស់ច្បាប់និងសេដ្ឋកិច្ចសំខាន់ៗរបស់លោក។
អ្នកស្រី Julie Chávez Rodríguez ប្រធានក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានលើកឡើងដូចនេះថា៖ «ជម្រើសរបស់អ្នកបោះឆ្នោតនៅចុងឆ្នាំនេះ មិនមែនជារឿងសាមញ្ញក្នុងការប្រកួតប្រជែងនៃទស្សនៈគ្រប់គ្រងនោះឡើយ។ ជម្រើសរបស់ពលរដ្ឋអាមេរិកាំងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺស្តីពីការការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋអាមេរិកាំងគ្រប់រូប»។
អ្នកគាំទ្រលោក Trump រាប់ពាន់នាក់ បានវាយប្រហារវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការផ្តល់ការបញ្ជាក់ជាផ្លូវការលើបរាជ័យក្នុងការបោះឆ្នោតរបស់ប្រធានគណបក្សសាធារណរដ្ឋ ដែលធ្វើឱ្យមានការខូចខាតអស់ទឹកប្រាក់រាប់រយលានដុល្លារ។ មនុស្ស ៤ នាក់បានស្លាប់ក្នុងថ្ងៃវាយប្រហារនោះ ហើយមន្ត្រីប៉ូលិសវិមានសភាម្នាក់ដែលបានតតាំងជាមួយក្រុមកុប្បករបានស្លាប់នៅថ្ងៃបន្ទាប់។ ជាសរុប មានមន្ត្រីប៉ូលិស ៤ នាក់បានស្លាប់ និងមនុស្ស ១៤០ នាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារនោះ។
លោក Trump កំពុងប្រឈមនឹងការចោទប្រកាន់លើការប៉ុនប៉ងផ្លាស់ប្តូរលទ្ធផលឆ្នោតឆ្នាំ ២០២០ ហើយត្រូវបានដកឈ្មោះចេញពីសន្លឹកឆ្នោតនៅក្នុងរដ្ឋ Colorado និងរដ្ឋ Maine ដោយសារតែទង្វើរបស់លោក ក្នុងការជួយបញ្ឆេះការវាយប្រហារលើវិមានសភាអាមេរិកនោះ។ ក្រុមមេធាវីរបស់លោក Trump បានប្រឆាំងជំទាស់ដែលថាលោកបានចូលរួមក្នុងការបះបោរនោះ និងបានលើកទឡ្ហីករណ៍ថា ការថ្លែងសុន្ទរកថារបស់លោក Trump ទៅកាន់អ្នកគាំទ្រលោកនៅថ្ងៃកើតហេតុនោះ ត្រូវបានការពារដោយសិទ្ធិនៃការបញ្ចេញមតិ។
ទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump គឺលោក Chris LaCivita និងអ្នកស្រី Susie Wiles បានផ្សព្វផ្សាយពីលិខិតផ្ទៃក្នុងមួយដែលបង្ហាញពីការគិតឃើញរបស់ពួកគេក្នុងការបោះឆ្នោតប្រធានាធិបតី។ ពួកគេបានបន្ទោសលោក Biden លើដីកាចោទប្រកាន់ផ្លូវច្បាប់ចំពោះលោក Trump និងការសម្រេចចិត្តរបស់តុលាការក្នុងការដកឈ្មោះលោក Trump ពីសន្លឹកឆ្នោត។
ពួកគេសរសេរដូចនេះថា៖ «សូមកុំយល់ច្រឡំលើរឿងនេះ។ លោក Joe Biden និងសម្ព័ន្ធមិត្តរបស់លោក គឺជាអ្នកគំរាមកំហែងទាំងកម្រោលទៅលើលទ្ធិប្រជាធិបតេយ្យរបស់យើង។ ជាការពិតណាស់ នេះជាវិធីមួយដែលគេមិនដែលឃើញពីមុនទេក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលក្រុមគេកំពុងធ្វើសង្គ្រាមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ»។
បើយោងតាមការស្ទង់មតិថ្មីៗចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos បានបង្ហាញថា លោក Trump មានសំឡេងនាំមុខលោក Biden ចំនួន ២ ពិន្ទុ គឺប្រមាណ ៣៨ ភាគរយទល់នឹង ៣៦ ភាគរយ ដោយអ្នកឆ្លើយតបចំនួន ២៦ ភាគរយ និយាយថា ពួកគេមិនទាន់ច្បាស់នៅឡើយ ឬអាចបោះឆ្នោតឱ្យអ្នកផ្សេងវិញ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា លោក Trump ជាបេក្ខជននាំមុខសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដោយមានសំឡេងគាំទ្រខ្ពស់ដាច់គេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden និងបង្កើនប្រតិបត្តិការនិងកម្មវិធីមួយចំនួន ដែលរួមមានការរើសនាយកគ្រប់គ្រងសំខាន់ៗនៅតាមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក និងធ្វើសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មថ្មីៗតាមរលកធាតុអាកាសផងដែរ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ក៏ត្រូវបានរំពឹងផងដែរថា នឹងឡើងថ្លែងនៅក្នុងរដ្ឋ South Carolina នៅខាងមុខសៅរ៍នេះ ដែលធ្វើការបោះឆ្នោតបថមមុនកាលកំណត់ និងនៅថ្ងៃឈប់សម្រាក Martin Luther King Jr ក្នុងខែមករានេះផងដែរ ដែលនៅទីនោះអ្នកស្រីក៏ត្រូវគេរំពឹងថា នឹងនិយាយពីការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋមួយនេះដែលមានអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅជាច្រើនដែលគាំទ្រគណបក្សប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយលោកជ្រា វណ្ណារិទ្ធ
វេទិកាបញ្ចេញមតិ