មេដឹកនាំ​ប្រឆាំង​វ៉េណេស៊ុយ​អេឡា​ជួបជាមួយ​លោកដូណាល់ ត្រាំ

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំ​ប្រឆាំង​វ៉េណេស៊ុយអេឡា​លោក ​Juan Guaido

មេដឹកនាំ​ប្រឆាំង​វ៉េណេស៊ុយអេឡា​លោក ​Juan Guaido ​បាន​ជួបជា​មួយ​ប្រធានាធិបតី​អាមេរិកលោកដូណាល់ ត្រាំ​កាល​ពីថ្ងៃ​ពុធ​នៅសេតវិមាន ​ខណៈលោក​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឡើង​វិញ​ដើម្បី​ដក​លោកប្រធានាធិបតី​ Nicolas Maduro។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​អំពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Guaido ​ ​សេតវិមាន​បាន​និយាយ​ថា «យើង​នឹង​បន្ត​ធ្វើការ​ជា​មួយ​ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់​ដើម្បី​ប្រឈម​នឹង​របប​ផ្តាច់ការ​ខុស​ច្បាប់​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ ហើយ​យើង​នឹង​ឈរ​ជាមួយ​ប្រជាជន​វ៉េណេស៊ុយអេឡា​ដើម្បី​អនាគត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​និង​វិបុលភាព»។

ដំណើរ​ទស្សន​កិច្ច​របស់លោក ​Guaido​ មក​កាន់ទី​ក្រុងវ៉ាស៊ីនតោន​ធ្វើ​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ទស្សន​កិច្ច​របស់​លោក​នៅ​ប្រទេស​នានា​រួមមានជំនួប​ជាមួយ​មេដឹក​នាំ​អឺរ៉ុប​និង​កាណាដា​ បន្ទាប់​ពី​ការ​បះបោរ​មិន​ជោគជ័យ​ប្រឆាំង​នឹង​លោក​ ​Maduro ​កាល​ពី​ឆ្នាំ​មុន។ ​

សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​រាប់​សិប​ផ្សេង​ទៀត​ទទួល​ស្គាល់​លោក​ Guaido ​ជា​ប្រធានាធិបតី​ស្របច្បាប់​បណ្តោះ​អាសន្ន​នៅ​ប្រទេស​វេ៉ណេស៊ុយអេឡា។​ លោក Guaido​ គឺ​ជា​ភ្ញៀវនៅ​ក្នុង​សុន្ទរកថា​ស្តីពីស្ថាន​ភាព​ប្រទេស​ជាតិ​ State of the Union ​ប្រចាំ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី ​Trump ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​យប់​ថ្ងៃ​អង្គារ។​

លោក Maduro​ បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សហ​រដ្ឋ​អាមេរិក​កាលពី​ខែមុន​ដោយ​ហៅ​ថាជា​កិច្ច​ពិភាក្សា​ឈ្នះឈ្នះ។ ​លោក Maduro ក៏បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ប្រេង​របស់​អាមេរិក​អាច​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញ​វត្ថុ​ ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​ដកទណ្ឌ​កម្ម​ប្រឆាំង​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា ​រួមមាន​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ជា​សមាជិក​ OPEC​ នេះដែរ។

រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក ​Sergey Lavrov ​នឹងជួប​ជាមួយ​លោក Maduro ​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ Caracas ​ដោយ​បង្ហាញ​ការ​គាំទ្រ​មេដឹកនាំ​សង្គម​និយម​រូប​នេះ។​ រុស្ស៊ី​បាន​រិះគន់​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​គឺ​ខុសច្បាប់​និង​បង្កគ្រោះ​ថ្នាក់​ រីឯ​ក្រុម​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​ Guaido ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ចំពោះ​ការ​គាំទ្រ​ខាង​ការទូត​សេដ្ឋកិច្ច​និង​យោធា​ដល់​លោក​ Maduro។ ​លោក​ Maduro បាន​ជាប់​ឆ្នោត​អាណត្ដិទី​២​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៨ ​ហើយ​លោក​ Guaido ​បាន​ប្រកាស​ខ្លួន​ឯងថាជា​ប្រធានាធិបតី​បណ្ដោះ​អាសន្ន​ក្នុង​ពេល​ប្រាំ​បីខែ​ក្រោយ​មក៕