ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ​ការចាកចេញ​របស់​លោក Maduro ពី​វេណេស៊ុយអេឡា​មិនមែន​ជា​ការដាក់​ទណ្ឌកម្ម​នោះ​ទេ


រូបឯកសារ៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ថ្លែងនៅក្នុងវេទិកាមួយនៅក្រុងការ៉ាកាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ថ្លែងនៅក្នុងវេទិកាមួយនៅក្រុងការ៉ាកាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

លោក Abrams អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសវេណេស៊ុយ​អេឡា​បាន​បញ្ជាក់ «ការ​ចុះចេញ​របស់​លោក Maduro មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​ទេ។ វា​មិនមែន​ជា​ការ​សងសឹក​ទេ​ ហើយ​យើង​ព្យាយាម​បញ្ជាក់​ជំហរ​នេះ​ឲ្យ​បាន​ច្បាស់‍»។

អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសវេណេស៊ុយអេឡា​ លោក​ Elliot Abrams បាន​បា្រប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​ក្រសួងការបរទេស​ថា​ អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេសវេណេស៊ុយអេឡា​ និង​បាន​និយាយ​ទៀត​ថា​ ការចុះចេញ​ពី​អំណាច​របស់​ប្រធានាធិបតី​វេណេហ្ស៊ុយ​អេឡា​លោក Nicolas Maduro គឺ​ជា ​ការ​ចាំបាច់​មួយ​របស់​ប្រទេស​ ដើម្បី​អាច​ឆ្ពោះ​ទៅការ​បោះឆ្នោត​ដោយ​សេរី​និង​ការផ្លាស់ប្តូរ​ទៅ​រក​ប្រជាធិបតេយ្យ។

លោក Abrams អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសវេណេស៊ុយ​អេឡា​បាន​បញ្ជាក់ «ការ​ចុះចេញ​របស់​លោក Maduro មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​ទេ។ វា​មិនមែន​ជា​ការ​សងសឹក​ទេ​ ហើយ​យើង​ព្យាយាម​បញ្ជាក់​ជំហរ​នេះ​ឲ្យ​បាន​ច្បាស់‍»។

លោក Abrams បាន​ថ្លែង​ទៀត​ថា​ លោក​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណា​មួយ​នៃ​ឆន្ទៈ​របស់​លោក Maduro ដើម្បី​ចរចា​សម្របសម្រួល​គ្នា​ដែល​ថា​លោក​សុខចិត្ត​ព្រម​ចុះ​ចេញ​ពី​អំណាច​នៅ​ឡើយ​ទេ។ ការជាប់ឆ្នោត​ម្តងទៀត​របស់​លោក Maduro កាល​ពី​ឆ្នាំ២០១៨ ត្រូវ​បាន​ប្រជាជាតិ​នានា​នៅ​អឌ្ឍគោល​ខាងលិច​ចាត់ទុក​ថា​ខុសច្បាប់។ សហរដ្ឋអាមេរិក​និង​ប្រទេស​ជាង៥០ទៀត​បាន​ទទួល​ស្គាល់​មេដឹកនាំ​ក្រុមប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​វេណេស៊ុយអេឡា។

លោក Abrams​ បាន​ថ្លែង​បន្ត​ទៀត​ថា​ ដំណើរ​ការចរចា​រៀបចំ​ឡើង​ដោយ​ប្រទេសន័រវេស​រវាង​ក្រុមតំណាង​របស់​លោក Maduro និង​ក្រុមតំណាង​របស់​លោក Guaido កំពុង​ជាប់គាំង ដោយ​ក្រុម​ការងារ​របស់​លោក Guaido កំពុង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ លោក Maduro នឹង​ចូល​រួម​ចរចា​ក្នុង​គោលបំណង​ល្អ​ ឬក៏​លោក​កំពុង​ព្យាយាម​អូសបន្លាយ​ពេលវេលា។

លោក Maduro បាន​អះអាង​ថា​ក្រុមមន្រ្តី​រដ្ឋាភិបាល​របស់​លោក​កំពុង​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុមមន្រ្តី​សហរដ្ឋអាមេរិក​ ដោយ​បាន​ប្រាប់​ថា​ មាន​ការ​ទាក់ទង​គ្នា​តាម​បណ្តាញ​ជាច្រើន​ នៅ​ក្រោម​ការអនុញ្ញាត​ដោយ​ផ្ទាល់​ពី​លោក។

លោក Abrams បាន​សំដៅ​ទៅ​ដល់​ការបើក​អង្គភាព​កិច្ចការ​វេណេស៊ុយអេឡា​ ឬ​ហៅ​កាត់​ថា VAU ក្រោម​ការដឹកនាំ​របស់​ភារៈធារី James Story នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី Bogata ប្រទេស​កូឡុំប៊ី​ និង​បាន​និយាយ​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​រង់ចាំ​ស្តាប់​ពាក្យ​របស់​លោក Maduro និយាយ​ផ្ទាល់​មាត់​ថា​ «ថ្ងៃ​ដែល​របប​ដឹកនាំ​នេះ​ដួល​រលំ‍»។

តំណាង​ពិសេស​សហរដ្ឋអាមេរិក​លោក Abrams ក៏​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​មន្រ្តី​ថ្នាក់​កំពូល​នៃ​រដ្ឋាភិបាល​របស់​លោក Maduro នៅ​តែ​បន្ត​មាន​ប្រសិទ្ធភាព​ដូច​ដែល​សហរដ្ឋអាមេរិក​ចង់​បាន​ និង​បាន​និយាយ​ថា​ទៀត​ថា​ លោក​ជឿ​ថា ​ឥឡូវនេះ​ពួកគេ​កាន់​តែ​លំបាក​ក្នុង​ការលក់ប្រេង​របស់​ពួកគេ​តាម​តម្លៃ​ទីផ្សារ ​និង​កាន់តែ​លំបាក​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

លោក Abrams បាន​ថ្លែង​បន្ថែម​ទៀត​ថា «សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ សហភាពអ៊ឺរ៉ុប​នឹ​ងដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ​របបដឹកនាំ​មួយ​នេះ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ‍»។

លោក Abrams បាន​និយាយ​ទៀត​ថា​ ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ដៅ​លើ​រដ្ឋាភិបាល​របស់​លោក Maduro មិនមែន​ទៅលើ​ពលរដ្ឋ​វេណេស៊ុយអេឡា​ទេ ​ហើយ​ក៏រួម​បញ្ជូល​ការលើកលែង​ដល់​ការនាំចូល​ស្បៀងអាហារ​ ថ្នាំពេទ្យ​ និង​ទំនិញ​មនុស្សធម៌​ផ្សេងៗ​ទៀត​ផងដែរ។

លោក​បាន​ថ្លែង​បន្ត​ថា «ប៉ុន្តែ​របប​ដឹកនាំ​របស់​លោក Maduro កំពុងចំណាយប្រាក់របស់​ខ្លួន​លើ​អ្វី​ផ្សេង​ ដែល​មិនមែន​ជា​ស្បៀងអាហារ​ ឬថ្នាំពេទ្យ​ ប៉ុន្តែ​គឺ​ជា​ការសង​បំណុល​ទៅ​ឲ្យ​ប្រទេសរុស្ស៊ី​និង​ចិនទិញ​អាវុធ​ពី​រុស្ស៊ី និង​ចំណាយ​លើ​អ្វី​ផ្សេងៗ​ទៀត​ដែល​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋវេណេស៊ុយអេឡា​ រួមទាំង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ផងដែរ។

រដ្ឋបាល​លោក Trump បាន​ដាក់​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ប្រេង​របស់​វេណេហ្ស៊ុយ​អេឡា​កាល​ពី​ខែមករា ក្នុង​គោលបំណង​ទម្លាក់​លោក Marudo។ ប៉ុន្តែ​សារជីវម្មប្រេង​ជាតិ​របស់​ចិន​ ឬ​ហៅ​កាត់​ថា CNPC ក្រុមហ៊ុន​ចម្រាញ់​ប្រេង Rosneft​ របស់​រុស្ស៊ី​ និង​អ្នក​ទិញ​ប្រេង​វេណេហ្ស៊ុយអេឡា​សំខាន់​មួយទៀត​មិន​ស្ថិត​ក្នុង​ទណ្ឌកម្ម​របស់​អាមេរិក​ទេ​។

លោក Abrams បាន​និយាយ​ថា «ក្រុមហ៊ុន​ដែល​គ្មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ និង​គ្មាន​ប្រតិបត្តិការ​ជំនួញ​ជា​ប្រាក់​ដុល្លារអាមេរិក​នឹង​ស្ថិត​នៅ​ខាងក្រៅ​ទណ្ឌកម្ម​ទាំងនេះ‍»។

ចិន​និង​រុស្ស៊ី​គឺ​ជា​ ម្ចាស់​បំណុល​ធំ​បំផុត​របស់​វេណេស៊ុយអេឡា​ និង​ជា​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​សំខាន់​នៅក្នុង​ប្រទេសណេវេហ្ស៊ុយអេឡា។ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិនយល់ស្រប​ជាមួយ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដាក់​លើ​រដ្ឋាភិបាល​របស់​លោក Maduro ទេ។​

រយៈពេល​៦ខែដំបូង​នៅក្នុង​ឆ្នាំ​នេះ​ ចិន​បាន​នាំចូល​ប្រេងឆៅ​ជាង៨លានតោន​ពី​ប្រទេស​វេណេស៊ុយអេឡា​ ដែល​ស្មើ​នឹង៣,៥ភាគរយ​នៃ​ការនាំ​ចេញ​សរុប​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​គយ​ចិន។

សហរដ្ឋ​អាមេរិក​កំពុង​ប្រុងប្រយ័ត្ន​អំពី​របាយការណ៍​នានា​ដែល​ថា​ សារជីវម្ម​ប្រេង​ជាតិ CNPC របស់​ចិន​ កំពុង​ផ្អាក​ទិញ​ប្រេង​ឆៅ​ពី​វេណេហ្ស៊ុយអេឡា​កាល​ពី​ខែសីហា។

លោក Abrams បាន​ប្រាប់ VOA កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​មក​ថា «ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ហើយ​យើង​នឹង​រង់ចាំ​មើល​ តើ​អ្វី​បាន​កើតឡើង​កាល​ពី​ខែសីហា និង​អ្វី​នឹង​កើតឡើង​នៅ​ខែកញ្ញា​នេះ។ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវនេះ​យើង​មិន​ទាន់​មាន​ទិន្នន័យ​នៅ​ឡើយ​ទេ‍»។

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​មិន​ទាន់​មើលឃើញ​ពី​ចំណាត់ការ​ដែល​បង្ហាញ​ថា​ចិន​នឹងយល់ស្រប​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក Maduro នៅ​ឡើយ​ទេ។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់ VOA លោក Abrams បាន​ឆ្លើយ​ថា «វា​ប្រហែល​ជា​ថាសារជីវម្ម​ប្រេងជាតិ CNPC របស់​ចិន​អាច​ដក​ខ្លួន​ចេញ​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ ចិន​ដក​ខ្លួន​ឈប់​ទិញ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា​ទេ»។

កាល​ពី​ថ្ងៃទី៥ ខែសីហា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​គំរាមកំហែង​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក​របស់​បុគ្គលណា​ឬ​ក្រុមហ៊ុន​ណា​ដែល​ត្រូវ​បាន​កំណត់​ថា​បាន​ជួយ​ជា​សម្ភារៈ គាំទ្រ​ ឬ​បាន​ផ្តល់​ជា​ហរិញ្ញវត្ថុ​ សម្ភារៈ​ឬ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដល់​រដ្ឋាភិបាល​របស់​លោក Maduro៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG