ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​២៤​ម៉ោង

អ្នក​តំណាង​រាស្ត្រ​វេណេស៊ុយអេឡា និង​ជា​ប្រធា​នសភា​ លោក Julio Borges ថ្លែង​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង​ការ៉ាកាស់ ប្រទេស​វេណេស៊ុយអេឡា។

ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​២៤​ម៉ោង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​គោល​បំណង​បន្ធូរ​បន្ថយ​ភាព​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី ​Nicolas Maduro។

សំណើ​ធ្វើ​បាតុកម្ម​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​មិន​ផ្លូវការ​មួយ​ដើម្បី​តវ៉ា​នឹង​បទ​បញ្ញត្តិ​របស់​លោក ​Maduro។

ប្រជាពលរដ្ឋ ​Venezuela​ ជាង​៧​លាន​នាក់​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ដ៏​សំខាន់​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឆាំង ហើយ​ក្នុង​នោះ​៩៨​ភាគរយ​បាន​បោះ​ឆ្នោត​មិន​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​លោក​ប្រធានាធិបតី Maduro។ នេះ​បើ​យោង​តាម​បណ្តា​សាស្ត្រាចារ្យ​ដែល​តាម​ដាន​ការ​បោះឆ្នោត​នេះ។

នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​ចំនួន​៣ អ្នក​បោះឆ្នោត​បាន​បដិសេធ​យ៉ាង​ខ្លាំង​ទៅ​លើការ​ស្នើ​បង្កើត​អង្គ​នីតិបញ្ញត្តិ​កំពូល​ថ្មី​មួយ ដែល​ជំរុញ​ឲ្យ​យោធា​ការពារ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់ និង​គាំទ្រ​ដល់​ការ​បោះឆ្នោត​មុន​ពេល​អាណត្តិ​របស់​លោក Maduro ដែល​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៩។

លោក​ Maduro ​បាន​ច្រាន​ចោល​ការ​បោះឆ្នោត​នេះ​ថា​មិនស្រប​នឹង​រដ្ឋធម្មនុញ្ញ​ហើយ​បន្ត​ធ្វើ​យុទ្ធនាការ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ ដើម្បី​បង្កើត​សភា​មួយ​ដែល​នឹង​មាន​អំណាច​ក្នុង​ការ​សរសេរ​ធម្មនុញ្ញ​ឡើង​វិញ និង​អាច​រំលាយ​ចោល​នូវ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ក៏​បាន។

រដ្ឋសភា​ដែល​ត្រួតត្រា​ដោយ​ក្រុម​ប្រឆាំង​ក៏​បាន​និយាយ​ថា ខ្លួន​នឹង​តែង​តាំង​ចៅ​ក្រម​តុលាការ​កំពូល​ថ្មី ដែល​វិធានការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​រារាំង​ដោយ​រដ្ឋបាល​របស់​លោក ​Maduro៕