ជំនួយ​មនុស្ស​ធម៌​សម្រាប់​វ៉េណេស៊ុយ​អេឡានៅ​រង់ចាំ​ក្នុង​ប្រទេស​កូឡុំប៊ី

ជនចំណាកស្រុកមកដល់ទីជម្រក "Divina Providencia" ដើម្បីយកអាហារពេលថ្ងៃត្រង់ ក្នុងទីក្រុង La Parada ក្បែរ Cucuta ជិតព្រំដែនវ៉េណេស៊ុយអេឡានិង កូឡុំប៊ីកាលពីថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

យន្តហោះ​យោធាសហរដ្ឋ​អាមេរិក​ចំនួន​បីគ្រឿង​ដែល​ដឹកជំនួយមនុស្ស​ធម៌​សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ចុះចត​នៅ​ទីក្រុង​គូ​គូតា ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃសៅរ៍។ នេះ​ជា​ការ​បន្ថែម​ដល់​ស្បៀង​និង​ថ្នាំពេទ្យ​ជាច្រើន​តោន​ដែល​នៅរង់ចំា​ឆ្លងព្រំដែន។​

ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​បញ្ជូនមិន​ទាន់​ទៅ​ដល់​ដៃ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​នៅឡើយ​ទេ ប៉ុន្តែ​បែរជា​នៅ​ជាប់​គាំង​ក្នុង​ប្រទេស​កូឡំប៊ី ប្រេស៊ីល និង​គូរ៉ាកាវ។​

ប្រធានាធិបតី​ដែល​កំពុង​មាន​ជម្លោះ​របស់​វេណេហ្ស៊ុយ​អេឡា​គឺ​លោក​នីកូឡាស ម៉ាឌុយរ៉ូ (Nicolas Maduro) បាននិយាយ​ថា​ជំនួយ​នេះ​មិន​ចាំបាច់​ទេ​ហើយ​វា​ខុសច្បាប់។​

ប្រទេស​វ៉េណេស៊ុយអេឡា​ជួបប្រទះកង្វះខាត​ស្បៀង ថ្នាំពេទ្យ​និង​វត្ថុចាំបាច់​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​មាន​អត្រា​អតិផរណា ដ៏​អាក្រក់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក។ មាន​ពលរដ្ឋ​ចំនួន​៣​លាន​នាក់​ដែល​ត្រូវ​ជា​១០ភាគរយ​នៃ​ពលរដ្ឋ​សរុប​បាន​ចាកចេញ​ពី​ប្រទេស។​

លោក​ម៉ាឌុយរ៉ូ បាន​ប្រាប់​ដល់​ក្រុម​យោធា​មិន​ឱ្យ​ក្បួន​រថយន្ត​ដឹកទំនិញ​ណា​មួយ​ឆ្លង​កាត់​ចូល​ប្រទេស​វ៉េណេស៊ុយអេឡា​ឡើយ។ លោក​ម៉ាឌុយរ៉ូ មានការគាំទ្រ​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ហើយ​ក្រុម​យោធា​នៅ​មាន​ភក្តី​ភាពនឹង​លោក​នៅឡើយដែរ។​

លោក​ហ័ន កេដូ ប្រធាន​រដ្ឋសភាជាតិ​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​ទទួល​ស្គាល់​ថា​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ដោយ​ស្រប​ច្បាប់​របស់​វ៉េណេស៊ុយអេឡា​បាន​និយាយ​ថា​លោក​មាន​ផែនការ​នាំ​យក​ជំនួយ​មនុស្សធម៌​នេះ​ចូល​ក្នុង​ប្រទេស​នៅថ្ងៃទី​២៣​ ខែ​កុម្ភៈ ហើយ​លោក​នឹង​បញ្ចេញ​ព័ត៌មាន​លម្អិត​នៅថ្ងៃចន្ទ៕