រដ្ឋមន្រ្តី​យុត្តិធម៌​ស្នើ​តុលាការ​​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក​សម រង្ស៊ី​ ចោទ​ថា​«ប្រមាថ​ព្រះ​មហាក្សត្រ»

រូប​ឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ស្នើ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ីដែល​រដ្ឋមន្រ្តី​ថា​«ប្រមាថ​ព្រះមហាក្សត្រ»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៥ ខែធ្នូ លោក កើត រិទ្ធ បាន​ស្នើ​ឲ្យ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ផ្លូវ​ច្បាប់«ជាបន្ទាន់» និង​«តឹងរ៉ឹង​បំផុត»​លើ​លោក សម​ រង្ស៊ី ដោយ​ចោទ​ថា​លោក សម រង្ស៊ី​«ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។

ការ​ចោទ​ប្រមាថ​នោះ​ទាក់ទង​នឹងការ​បរិច្ចាគ​ប្រាក់​ទិញ​វ៉ាក់សាំង​ប្រឆាំងជំងឺ​កូវីដ១៩ ដែល​លោក សម​ រង្ស៊ី បាន​រិះគន់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ថា​មិន​គួរ​រៃ​អង្គាស​ថវិកា​ពី​សាធារណជន​នោះ​ទេ។ព្រះមហាក្សត្របាន​ព្រះរាជទាន​ប្រាក់​ចំនួន​១លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​ផងដែរ​សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​លិខិត​នោះ​ដែរ លោក​រដ្ឋមន្រ្តី​យុត្តិធម៌បាន​ប្រាប់​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​លោក សម រង្ស៊ី បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ដោយ​លោករដ្ឋមន្ត្រី​យុត្តិធម៌ បាន​ស្រង់​សំណេររបស់​លោក សម រង្ស៊ី មួយ​ប្រយោគ​ដែល​សរសេរ​ថា​«ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាប​ក្នុង​រឿង​នេះ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន ដែល​ចាញ់​បោក​គាត់ មាន​ទាំង​ស្តេច​ទីងមោង​ផងដែរ»។

លោក កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា៖ «ទង្វើ​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​ត្រូវ​បាន​កំណត់​ជា​បទ​ល្មើស​ដែល​មាន​ចែង​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រម​ព្រហ្មទណ្ឌ»។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី គេ​ឃើញ​មាន​សារ​បង្ហោះ​មួយ ដែល​លោក​លើកឡើង​ថា​រដ្ឋាភិបាលរបស់​លោក ហ៊ុន សែន «គួរ​រង់ចាំ​បន្តិច» ដោយ​នឹង​ទទួល​បាន​ជំនួយ​អន្តរជាតិ ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដោយ​មិនគិត​ថ្លៃ។

លោក គឹម​ សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌ បាន​បង្ហោះ​លិខិត​ស្នើ​សុំរបស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​បញ្ជាក់​ថា​រដ្ឋមន្រ្តី«បាន​ធ្វើ​អធិបញ្ជា» ទៅ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​រាជធានីភ្នំពេញ​ឲ្យ​ចាត់​វិធាន​ការ​លើ​លោក​សម រង្ស៊ី។

ប៉ុន្តែ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ គេ​មិន​ទាន់​ឃើញ​ចំណាត់​ការរបស់​តុលាការ​រាជធានី​ភ្នំពេញ តាម​ការ​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​នៅ​ឡើយ​ទេ។

លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​មួយ​ចំនួន​នៅ​តុលាការ ធ្លាប់​ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ម្តងរួច​មក​ហើយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ«ប្រមាថ​ព្រះមហាក្សត្រ» ដែល​កាល​នោះ​ទាក់ទង​នឹងការ​ប្រើ​ពាក្យ«ព្រះ​រាជសារ​ក្លែង​ក្លាយ»។

ចំណែកមួយករណីទៀត​លោក សម រង្ស៊ី ត្រូវបាន​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះមហាក្សត្រ» ដែល​កាល​នោះ​លោក​បានហៅ​ព្រះមហាក្សត្រ​ថា​ជា«ចំណាប់​ខ្មាំង និង​អាយ៉ង»​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។

មាត្រា​ថ្មី​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម បើក​ផ្លូវ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​បុគ្គល​ណា ដែល​បរិហារកេរ្តិ៍ ប្រមាថ​ឬគំរាម​កំហែង​អង្គ​ព្រះមហាក្សត្រ​គ្រប់​រូបភាព។ ការ​ចោទប្រកាន់​ពី​បទ​«ប្រមាថ​ព្រះមហាក្សត្រ»​អាច​ឲ្យ​បុគ្គល​នោះ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ៕