ការស្ទង់មតិ​បង្ហាញ​ថា មនុស្ស​ជាច្រើន​នៅ​អឺរ៉ុប​ខាងលិច​សង្ឃឹម​ថា​លោក Biden នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត

  • Henry Ridgwell

រូបឯកសារ៖ លោក​ប្រធានាធិបតី Donlad Trump (ឆ្វេង) និង​អតីត អនុ​ប្រធានាធិបតី​លោក Joe Biden ក្នុង​អំឡុងពេល​ជជែក​ដេញដោល​លើក​ដំបូង​នៅ​សាកល​វិទ្យាល័យ Case Western និង​គ្លីនិក Cleveland ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio ក្នុង​រូបថត​រួមបញ្ចូល​គ្នា​កាលពី​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។

មនុស្ស​ភាគ​ច្រើននៅ​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អឺរ៉ុប ​ចង់ឱ្យ​លោក Joe Biden ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​៣ ​វិច្ឆិកា​ខាង​មុខ នេះបើ​តាម​ការ​ស្ទង់​មតិ​ថ្មី​បំផុតមួយ​ដោយ​អង្គការ​ YouGov ដែលបានសាកសួរ​មនុស្ស​រាប់​ម៉ឺន​នាក់​អំពី​ការ​បោះឆ្នោតនៅ​ថ្ងៃទី​៣​វិច្ឆិកា។

ការ​ស្ទង់​មតិ​នេះ​បានធ្វើ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ប្រទេសបារាំង អាល្លឺម៉ង់​ អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និង​ស៊ុយអែត។ ពលរដ្ឋ​ដាណឺម៉ាក​បានបង្ហាញ​ការ​គាំទ្រខ្លាំង​បំផុត​ដល់​លោក Joe Biden ដោយ​មានចំនួន​៨០ភាគរយសង្ឃឹម​ថា ​គណបក្ស​ប្រជាធិបតេយ្យនឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​ ចំណែក​ឯ​៦ភាគ​រយ​បាន​និយាយ​ថា ​ពួក​គេ​ចង់​ឱ្យ​លោក Donald Trump ឈ្នះ​ក្នុង​ការបោះឆ្នោតសម្រាប់​អាណត្តិ​ទី​ពីរ។

ប្រទេស​អ៊ីតាលី បាន​បង្ហាញ​កម្រិត​នៃ​ការ​គាំទ្រខ្ពស់​បំផុត​ដល់​លោក Trump ដោយ​មានចំ​នួន​២០ភាគរយ​ សង្ឃឹមឱ្យគណបក្ស​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត។ ក៏​ប៉ុន្តែ​ជាង​ពាក់កណ្តាលនៃ​ប្រជារាស្ត្រ​អ៊ីតាលី​ដែល​ចូលរួម​ក្នុងការ​ស្ទង់មតិ​គឺ​៥៨​ភាគរយ​ បាននិយាយ​ថា​ ពួក​គេចង់​ឱ្យ​លោក Biden ឈ្នះ។

នៅ​ក្នុង​ចក្រភព​អង់គ្លេស​ដែល​ជាសម្ព័ន្ធមិត្តតាម​ប្រពៃណី​ខ្លាំងបំផុតរបស់សហរដ្ឋ​អាមេរិក​ក្នុង​បណ្តា​ពួក​សម្ព័ន្ធមិត្ត​ឆ្លង​កាត់​មហា​សមុទ្រ Atlantic ប្រជារាស្ត្រ​ចំនួន​៦១​ភាគរយបាននិយាយថា​ ពួក​គេចង់​ឱ្យ​លោក Biden ឈ្នះ​ឆ្នោត ​ហើយ​មាន​តែ​១៣​ភាគរយ​ទេដែល​ចង់​ឱ្យ​លោក Trump ឈ្នះ។ នៅ​ក្នុង​ប្រទេស​បារាំង​ តួលេខ​ប្រជារាស្ត្រ​គាំទ្រ​លោក Biden មាន៦៤ភាគរយ​ ហើយ​អ្នក​គាំទ្រ​លោក Trump មាន​១៤​ភាគរយ។ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ ប្រជារាស្ត្រ​៧១​ភាគរយ ចង់ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ឈ្នះហើយ​អ្នក​គាំទ្រ​លោក Trump មាន​១១ភាគរយ​។

អ្នក​ស្រុក​អល្លឺម៉ង់​ភាគច្រើនដែល​បាននិយាយ​ជា​មួយ​វីអូអេ បានថ្លែង​ថា ពួក​គេ​សង្ឃឹម​ថា នឹង​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ក្នុង​សេតវិមាន។

លោក Lukas Andereck បាននិយាយ​ប្រាប់​វីអូអេ​ថា «​តាម​មតិ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា លោក Biden នឹង​ជាប់​ឆ្នោត​ទោះណា​ជា​ការណ៍​នេះ​គ្មានផល​ប៉ះពាល់​ផ្ទាល់​ដល់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​រស់​នៅក្នុង​ប្រទេស​អាមេរិក​ក៏​ដោយ»។

មនុស្ស​ខ្លះ​ទៀត បាន​រិះគន់ដល់ការប្រើពាក្យសម្តី​ក្នុងការឃោសនា​បោះឆ្នោត។ លោក Andreas Eberlein ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង បាននិយាយ​ថា ​«ការឃោសនា​រក​សំឡេង​ឆ្នោត លែងជា​ការ​ប្តូរ​ការនិយាយ​បង្ហាញហេតុផល​ទៀត​ហើយ។​ ម្នាក់ៗ​មាន​យោបល់​រៀងៗ​ខ្លួន​ ហើយ​ពួក​គេខ្វែង​គំនិត​គ្នា​ខ្លាំង​ណាស់ ហើយ​រឿង​នេះ​ នាំ​ឱ្យ​ខ្ញុំ​ភ័យខ្លាច»។

នៅក្នុង​ក្រុង​ប៉ារីស អ្នក​ស្រុកច្រើន​នាក់​បាន​និយាយ​ថា​ ពួក​គេ​មិន​បានដឹង​ច្រើន​អំពី​លោក Biden ទេ។

អ្នកស្រី Sophie Chiles ដែលជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស បាន​និយាយ​ថា «ខ្ញុំ​ចង់​ឱ្យ​លោក​ Trump ចាញ់​ឆ្នោត តែ​ខ្ញុំ​មិន​ប្រាកដ​ថា​ លោក​នឹង​ចាញ់​ទេ​ ពីព្រោះ​លោក​មាន​អ្នកគាំទ្រ​ច្រើន​ណាស់។ ខ្ញុំមិន​សូវ​ស្គាល់​លោក Biden ទេ»។

លោក Pierre Le Goff ជា​អ្នក​រដ្ឋការ​រដ្ឋាភិបាល​។ លោក​បាននិយាយ​ប្រាប់​វីអូអេថា «ខ្ញុំ​មិន​ដឹង​ទេ​ថា​តើលោកប្រធានាធិបតី Biden នឹងជាប្រធានាធិបតីល្អជាង​ឬ​បែប​ណា​ទេ។ តែខ្ញុំសង្ឃឹម​ថា​ បើ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​យើង​អាច​ធ្វើ​ឱ្យ​មានទំនាក់ទំនង​ធម្មតា​ជា​មួយ​សហរដ្ឋ​អាមេរិក​ជា​ថ្មី​វិញ»។

នៅ​ក្នុង​ក្រុង​ Barcelona ប្រទេស Espagne មនុស្សច្រើន​នាក់​រំពឹង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ នឹង​មានផល​ប៉ះពាល់ដល់​ជីវិត​ពួកគេ។

លោក​ Sergi ​អ្នក​ស្រុក Barcelona ដែលមិន​ចង់​ប្រាប់ឈ្មោះ​ពេញ​របស់​លោកបាន​និយាយថា «យើង​បានឃើញ​លោក Trump ធ្វើ​សង្គ្រាមពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន ជា​មួយ​ទ្វីប​អឺរ៉ុប ហើយ​នៅ​ទី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្មនេះ​ មាន​ផលប៉ះពាល់​លើ​ទ្វីប​អឺរ៉ុប និង​លើ​ទ្វីប​អាស៊ីទាំង​មូល»។

នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប​មាន​ការ​គាំ​ទ្រ​លោក Donald Trump ច្រើន។ ការ​ស្ទង់​មតិ​មួយ​របស់​អង្គការ Pew កាល​ពី​ឆ្នាំ២០១៩​ បាន​បង្ហាញ​ថា ជាង​ពាក់​កណ្តាល​នៃ​ប្រជារាស្ត្រ​ប៉ូឡូញ មាន​មតិ​គាំទ្រលោក​ប្រធានាធិបតី​ដែល​ជា​អត្រាខ្ពស់​បំផុតក្នុង​អឺរ៉ុប។ សេចក្តី​សម្រេច​របស់​លោក​ Trump ក្នុង​ការ​បង្កើន​ចំនួន​ទាហាន​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ប៉ូឡូញ​ក្នុង​ឆ្នាំ​នេះ បាន​នាំ​ឱ្យ​លោក​មាន​ប្រជាប្រីយភាព​ច្រើន។

លោក Trump ក៏​បាន​ទទួល​ការ​សរសើរនៅ​ក្នុង​ប្រទេស Kosovo ដែរ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោកឱ្យមានការ​ផ្សះផ្សាគ្នា​រវាងរដ្ឋាភិបាល​ក្រុង​ Pristina និងរដ្ឋាភិបាល​ក្រុង Belgrade។ ពលរដ្ឋកូសូវ៉ូ​ម្នាក់ បាន​បង់សោហ៊ុយដល់​ផ្ទាំង​ប្រកាស​មួយ​នៅ​តាម​ដង​ផ្លូវទៅ​កាន់ចំណត​អាកាសយាន​នៃប្រទេស​កូសូវ៉ូ ដែល​ជូនពរ​ឱ្យ​លោក​ Donald Trump បានឆាប់​ជា​សះស្បើយពី​ជំងឺ​កូវីដ១៩។

លោក​ Naim Murseli ដែល​ជា​ជនអំបូរ​ Kosovar រស់នៅ​ក្នុង​ប្រទេស​ស៊ុយអែត បាន​និយាយ​ថា «ហេតុផល​ដែល​ខ្ញុំ​បានបង់​ប្រាក់​សម្រាប់ផ្ទាំងប្រកាសធំនេះ ​គឺ​ដើម្បី​ផ្តល់​កិត្តិយស​ជូន​ប្រជារាស្ត្រ​អាមេរិកាំង និងប្រធានាធិបតី​អាមេរិកាំង»។ លោក​បានថ្លែង​បា្រប់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press កាលពីដើម​ខែ​តុលា​ថា «ជនជាតិអាល់បានី ​ជា​ក្រុម​ជន​លម្អៀង​ទៅ​ខាង​អាមេរិកាំងខ្លាំង​បំផុតក្នុង​ពិភព​លោក ហើយ​នៅ​ពេល​មាន​ដំណឹង​ថា លោកប្រធានាធិបតី Trump ឆ្លង​វីរុស​កូរ៉ូណាខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំ​ចង់ធ្វើ​អ្វី​មួយក្នុង​នាម​នៃជនជាតិ​អាល់បានី លម្អៀង​ទៅ​ខាង​អាមេរិកាំង​ទាំងអស់ ដូច្នេះខ្ញុំ​ក៏​សម្រេច​ចិត្ត​ជូន​ពរ​ឱ្យ​លោក​ជា​សះស្បើយ​ឆាប់​រហ័ស​ មាន​សុខភាពល្អ​ពេញលេញ ​និង​ប្រសិទ្ធិពរ​ជូនប្រជារាស្ត្រ​អាមេរិកាំង ​និងប្រទេស​ទាំង​ពីរ​របស់​យើង»។

ប្រជារាស្ត្រ​អឺរ៉ុបច្រើននាក់​ មានជំនឿ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នឹង​មានផល​ប៉ះពាល់​ធំធេង​លើ​ផ្នែក​របស់​ពួក​គេ​នៃមហា​សមុទ្រ Atlantic ហើយ​ថា​ មានការ​យក​ចិត្តទុក​ដាក់​ច្រើន​ជាង​មុននៅ​ពេល​ការ​ឃោសនា​បោះឆ្នោតមាន​ភាព​ខ្លាំង​ក្លា​ជាង​មុន​នៅ​មុនការ​បោះឆ្នោត​នៅ​ថ្ងៃទី​៣​ វិច្ឆិកា​ខាង​មុខ​នេះ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ