សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ដើម្បី​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង

លោកស្រី Susan Thornton ឧបការី​ស្តីទី ​រដ្ឋ​មន្ត្រីការ​បរទេស​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ចូលរួម​ក្នុង​សវនាការ​របស់​​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​សភា ស្តី​ពី​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ក្នុង​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន។

បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ចេញ​បទ​បញ្ជា​ប្រធានា​ធិបតី​ថ្មី​កាល​ពី​សប្តាហ៍​មុន​ដែល​ផ្តល់​អនុភាព​កាន់​តែ​ធំ​ឡើង​ដល់​សហរដ្ឋ​អាមេរិក​លើ​ធនាគារ​បរទេស​ដែល​គាំទ្រ​របប​កូរ៉េ​ខាង​ជើង​នោះ ​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ​កំពុង​ពិនិត្យ​មើលការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើង ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ពួក​មន្ត្រី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី Susan Thornton ឧបការី​ស្តីទី ​រដ្ឋ​មន្ត្រីការ​បរទេស​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ប្រាប់​គណៈ​កម្មាធិការ​សភា​ថា ​រដ្ឋបាល​របស់​លោកត្រាំ​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​ព្យាយាម​និង​ស្រាវជ្រាវ​រក​បណ្តាញ​ធ្វើ​សកម្មភាពខុសច្បាប់​ទាំង​នោះ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កូរ៉េខាង​ជើង​ដើម្បី​ព្យាយាម​ដាក់​ទណ្ឌកម្ម​មុនៗ។

លោកស្រី​បាន​មាន​ប្រសាសន៍ថា «យើង​កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​អន្តរជាតិ។​ហើយ​ខ្ញុំ​គិតថា ការ​បង្កើន​ការ​ខំ​ប្រឹងប្រែង​ជាមួយ​ដៃគូ​អន្តរជាតិ​នានា​ស្តី​ពីការ​អនុវត្ត​នឹង​ក្លាយ​ជា​ការណ៍​សំខាន់​មួយ​ដើម្បី​បង្កើន​ការ​ដាក់​សម្ពាធ​លើ​របប​របស់​គីម ​ជុងអ៊ុន‍»។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ដៅ​លើ​ធនាគារ​កូរ៉េ​ខាង​ជើង​ចំនួន៨ និង​ពួក​មន្ត្រី​ធនាគារ​របស់​កូរ៉េ​ខាង​ជើង​២៦​នាក់។​ ក្រសួងរតនាគារសហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ចំណាត់​ការ​នេះ​មាន​គោល​បំណង​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កម្មវិធី​កាំជ្រួច​មីស៊ីល​របស់​ខ្លួន។

លោក Sigal Mandelker អនុ​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិកទទួល​បន្ទុក​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​បាន​ប្រាប់​សភា​ថា ​បទ​បញ្ជា​ប្រធានាធិបតី កត់​សម្គាល់ ​ជា​លើក​ដំបូង ​ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ថា ​ធនាគារ​មិនមែន​ជា​របស់​កូរ៉េខាង​ជើង​បាន​ក្លាយ​ជាទីដៅ​សម្រាប់​សម្របសម្រួល​សកម្មភាព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាង​ជើង៕