លោកប្រធានាធិបតី Joe Biden បាននិយាយក្នុងសន្និសីទព័ត៌មានមានពីរម៉ោងមុននេះនៅក្នុងទីក្រុងហ្សេរុយសាឡឹម ថា សហរដ្ឋអាមេរិកនឹងមិនរង់ចាំដោយគ្មានកំណត់សម្រាប់ប្រទេសអ៊ីរ៉ង់បំពេញតាមលក្ខខណ្ឌកំណត់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលសួរថា តើរយៈពេលប៉ុន្មានដែលសហរដ្ឋអាមេរិកបានត្រៀមខ្លួនផ្តល់កិច្ចប្រឹងប្រែងការទូត លោក Biden បាននិយាយថា រដ្ឋបាលរបស់លោកបានកំណត់លក្ខខណ្ឌសម្រាប់ស្ដារកិច្ចព្រមព្រៀងឡើងវិញហើយ ហើយ«យើងនឹងមិនរង់ចាំជារៀងរហូត» សម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ឆ្លើយតបនោះទេ។
លោកថ្លែងដូច្នេះក្រោយជំនួបនៅថ្ងៃព្រហស្បតិ៍នេះជាមួយមេដឹកនាំអ៊ីស្រាអែល ស្តីពីបញ្ហាសន្តិសុខសង្គ្រាមនៅអ៊ុយក្រែន និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈលោក Biden ធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីចូលកាន់តំណែងមក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Biden បានប្រាប់អ្នកយកព័ត៌មានថា កិច្ចពិភាក្សាជាមួយលោក Yair Lapid នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាំឱ្យមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលរួមមាន «ការប្តេជ្ញាចិត្តមិនឱ្យប្រទេសអ៊ីរ៉ង់ ធ្វើអាវុធនុយក្លេអ៊ែរ និងដោះស្រាយសកម្មភាពបង្កអស្ថិរភាពដោយអ៊ីរ៉ង់ ជាពិសេសការគំរាមកំហែងដល់អ៊ីស្រាអែល»។
អ៊ីស្រាអែលគឺជាប្រទេសរិះគន់ដ៏សំខាន់ចំពោះកិច្ចព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុមមហាអំណាចពិភពលោក ដែលដាក់កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក Bidenបានធ្វើជាអនុប្រធានាធិបតី នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ហើយអ្នកកាន់តំណែងមុនលោក គឺអតីតប្រធានាធិបតីលោក Donald Trumpបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨។
មានកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះដើម្បីឱ្យសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ត្រឡប់ទៅធ្វើកិច្ចព្រមព្រៀង រួមទាំងកិច្ចចរចាដោយប្រយោលនៅទីក្រុងវីយែន ប្រទេសអូូទ្រីសផងដែរ។ មន្ត្រីរដ្ឋបាលនេះបាននិយាយពីភាគីអាមេរិកថា «ទ្វារបើកចំហសម្រាប់ការទូត។ បើប្រទេសអ៊ីរ៉ង់ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលត្រូវបានចរចានៅទីក្រុងវីយែន នោះយើងច្បាស់ណាស់ថា យើងត្រៀមខ្លួនជាស្រេច។ ក្នុងពេលជាមួយគ្នានេះ ប្រសិនបើអ៊ិរ៉ង់មិនព្រមទេ យើងនឹងបន្តបង្កើនសម្ពាធទណ្ឌកម្ម។ យើងនឹងបន្តបង្កើនភាពឯកោខាងការទូតរបស់អ៊ីរ៉ង់»។
មន្ត្រីនេះបាននិយាយថា លោក Biden និង លោក Lapid ក៏នឹងពិភាក្សាអំពី «ការរក្សាក្តីរំពឹងឱ្យមានដំណោះស្រាយរដ្ឋពីរ» រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលលោក Biden មាន «ការជឿជាក់ពេញមួយជីវិតរបស់លោក»។ លោក Biden និងមេដឹកនាំអ៊ីស្រាអែល នឹងជួបជាមួយមេដឹកនាំប្រទេសឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ធ្វើកិច្ចប្រជុំកំពូលដែលផ្តោតលើសន្តិសុខស្បៀង និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញថាមពលស្អាត។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់នេះបាននិយាយថា ការដាក់ជាក្រុមប្រតេស ដែលហៅថា I2U2 នឹងចាប់ផ្តើមគម្រោងតម្លៃ ២ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខស្បៀងដោយធ្វើកសិកម្មនៅក្នុងប្រទេសឥណ្ឌា។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមរួមចំណែកផ្តល់មូលនិធិដល់គម្រោងនេះ ហើយអ៊ីស្រាអែលផ្តល់ជំនួយផ្នែកបច្ចេកវិទ្យា ហើយផ្នែកឯកជនរបស់សហរដ្ឋអាមេរិកក៏ចូលរួមផងដែរ។
លោក Biden ក៏នឹងជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ផងដែរ។ លោកទាំងពីររំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសក្នុងតំបន់ រួមទាំង ប្រទេសអេមីរ៉ាតអារ៉ាប់រួម តួកគី និងហ្ស៊កដានី។ បន្ទាប់ពីកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះនៅក្រុងហ្សេរុយសាឡឹម លោក Biden នឹងជួបពិភាក្សានៅថ្ងៃសុក្រជាមួយមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas។
លើសពីនេះ សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសអ្វីដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់នេះហៅថា «កញ្ចប់ថវិកាដ៏សំខាន់» សម្រាប់មន្ទីរពេទ្យនៅហ្សេរុយសាឡឹមខាងកើត។ សេចក្តីប្រកាសដែលគ្រោងទុកផ្សេងទៀតរួមមានការផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនៅប៉ាឡេស្ទីន ដូចជាការអភិវឌ្ឍបណ្តាញអ៊ីនធើណិត 4G នៅតំបន់ហ្គាហ្សា និង West Bank៕