មុនពេលស្រ្តីឈ្មោះ Wenxia Man ត្រូវបានចាប់ខ្លួនចំពោះការប៉ុនប៉ងធ្វើជាឈ្មួញកណ្តាលនៃការលក់ឧបករណ៍យោធា ដែលមានតម្លៃ៥០លានដុល្លារទៅឲ្យរដ្ឋាភិបាលចិន បុគ្គលខ្លួនគាត់ផ្ទាល់បានដឹងពីភាពគ្រោះថ្នាក់។
នៅក្នុងការសន្ទនាជាមួយភ្នាក់ងារសហព័ន្ធបង្កប់ខ្លួនជាអ្នកជំនួញ ស្រ្តីរស់នៅក្នុងរដ្ឋកាលីហ្វ័ញ៉ារូបនេះបានសារភាពថា គាត់បានដឹងថា ការរត់ពន្ធម៉ាស៊ីនយន្តហោះចំនួនបី និងយន្តហោះគ្មានមនុស្សបើកចេញពីសហរដ្ឋអាមេរិកនឹងក្លាយជាការខុសច្បាប់។ នេះយោងតាមឯកសាររបស់តុលាការសហព័ន្ធ។
ទោះជាយ៉ាងណាក៏ដោយ ពួកអាជ្ញាធរនិយាយថា អ្នកស្រីនៅតែធ្វើដោយទាក់ទងជាមួយឈ្មួញក្លែងក្លាយនិងចារកម្មបច្ចេកវិទ្យាចិនឈ្មោះ Xinsheng Zhangដែលបានធ្វើជាភ្នាក់ងារផ្លូវការឲ្យរដ្ឋាភិបាលចិន ដើម្បីនាំចូលឧបករណ៍និងទិន្នន័យយោធា។
ឥឡូវនេះ អ្នកស្រី Man មានអាយុ៤៥ឆ្នាំ ដែលរៀបការមានកូនជំទង់ពីរនាក់ និងជាអនុប្រធានក្រុមហ៊ុនគ្រឿងបម្លាស់បច្ចេកវិទ្យានៅក្រុង San Diego ដែលមានឈ្មោះ Wency ដែរនោះ នឹងត្រូវជាប់គុក៥០ខែ ចំពោះតួនាទីរបស់គាត់នៅក្នុងផែនការនេះ។ចៅក្រមបានសម្រេចកាត់សេចក្តីនេះនៅក្នុងតុលាការស្រុក Florida ភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
អ្នកស្រី Man បានទទួលប្រាក់ទឹកតែមួយលានដុល្លាពីការលក់នេះ ប្រសិនបើការលក់នេះធ្វើទៅបាន។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមិនលក់អាវុធឲ្យចិនចាប់តាំងពីឆ្នាំ១៩៩០មក ក្រោមលក្ខខណ្ឌថា គ្មានឧបករណ៍ការពារប្រទេសណា អាចត្រូវបានលក់ឬផ្ទេរទៅឲ្យប្រទេសនោះដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលបានទេហើយអ្នកស្រី Manមិនបានចុះបញ្ជីជាមួយរដ្ឋាភិបាលជាឈ្មួញកណ្តាលទេ។ អ្នកស្រី Man ត្រូវបានចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៥ ហើយមិនបានសារភាពទទួលទោសលើបទចោទប្រកាន់សហព័ន្ធពីការឃុបឃិតនាំចេញ និងមាត្រានៃការនាំចេញឧបករណ៍ការពារប្រទេសពីសហរដ្ឋអាមេរិក និងជាឈ្មួញកណ្តាលគ្មានអាជ្ញាបណ្ណ។គណៈវិនិច្ឆ័យបានចោទប្រកាន់អ្នកស្រីនៅខែកក្កដា។
អ្នកស្រី Man ដែលកើតនៅក្នុងប្រទេសចិន បានទទួលសញ្ជាតិអាមេរិកតាំងពីឆ្នាំ២០០៦៕