ស.រ.អាបានដកក្រុមបុគ្គលិកខ្លួនទាំងអស់ចេញពីប្រទេសយេម៉ែនមួយថ្ងៃក្រោយពីក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សយ៉ាងតិចណាស់១៣៧នាក់នៅឯព្រះវិហារសាសនាអ៊ីស្លាមពីរនៅក្នុងរដ្ឋធានី Sana'a ដែលត្រួតត្រាដោយក្រុមឧទ្ទាម។
ក្រសួងការបរទេសស.រ.អាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការតាំងទីនៅកន្លែងថ្មីជាបណ្តោះអាសន្ននេះបានត្រូវធ្វើទ្បើងដោយសារ «ស្ថានភាពសន្តិសុខមានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសយេម៉ែន»។
ក្រុមទាហាននៃកងកម្លាំងពិសេសស.រ.អាប្រមាណ១០០នាក់បានតាំងទីនៅក្នុងមូលដ្ឋានកងទ័ពអាកាស al-Anad ក្នុងប៉ែកខាងត្បូងនៃប្រទេសយេម៉ែន ដែលពីទីនោះស.រ.អាបានបង្ហោះយន្តហោះគ្មានមនុស្សបើកឲ្យទៅវាយប្រហារទីដៅរបស់ក្រុម al-Qaida នៅក្នុងប្រទេសយេម៉ែន។ ក្រសួងការបរទេសអាមេរិកាំងបាននិយាយថាស.រ.អានៅតែ «បន្តឃ្លាំមើលយ៉ាងសកម្មអំពីការគម្រាមកំហែងភេរវកម្មចេញពីប្រទេសយេម៉ែន ហើយមានសមត្ថភាពនៅក្នុងតំបន់នោះដើម្បីប្រឆាំងនឹងការគម្រាមកំហែងទាំងនោះ»។
នៅថ្ងៃអាទិត្យនេះ ក្រុមឧទ្ទាម Houthi កាន់សាសនាអ៊ីស្លាមនិកាយ Shia បានកាន់កាប់ចំណតយន្តហោះនៅក្នុងក្រុង Taiz នាប៉ែកខាងត្បូងប្រទេសយេម៉ែន។ក្រុមមន្ត្រីសន្តិសុខយេម៉ែននិយាយថា ក្រុមឧទ្ទាមមានការគាំទ្រពីក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Ali Abdullah Saleh។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងបើកការប្រជុំគ្រាមានអាសន្នមួយអំពីប្រទេស យេម៉ែន នៅថ្ងៃអាទិត្យនេះ៕