សហរដ្ឋអាមេរិក​សម្រេចចិត្ត​​ពិភាក្សា​ជាមួយ​នឹង​អ៊ីរ៉ង់​ដោយ​ឥត​លក្ខខណ្ឌ

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ស្វ៊ីស Ignazio Cassis ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Bellinzona ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​សម្រេចចិត្តពិភាក្សា​ដោយ​ឥត​លក្ខខណ្ឌ​ជាមួយ​នឹង​អ៊ីរ៉ង់​ដើម្បី​សម្រាល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើយោង​តាម​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា​ មាន​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ​ដែល​អាច​នឹង​មាន​កិច្ច​ចរចា​ថ្មី​កើត​ឡើង។

លោក Pompeo បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​ស្វ៊ីស​ថា៖ «យើង​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ដោយ​គ្មាន​លក្ខខណ្ឌ​ទុក​ជាមុន​នោះ​រួច​ហើយ។ យើង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​អង្គុយ​ពិភាក្សា​ជាមួយ​នឹង​ពួក​គេ‍»។ ប៉ុន្តែ​មន្ត្រី​ការទូត​កំពូល​រូប​នេះ​បាន​ថ្លែង​បន្ថែម​ថា៖ «កិច្ច​ប្រឹង​ប្រែង​របស់​អាមេរិក​ដើម្បី​បញ្ច្រាស​សកម្មភាព​គ្រោះថ្នាក់​ទៅ​លើ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​នឹង​បន្ត​ធ្វើ​ឡើង‍»។

លោក​បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ពិត​ប្រាកដ​ ដើម្បី​ធ្វើ​កិច្ច​សន្ទនា​ នៅ​ពេល​ដែល​អ៊ីរ៉ង់​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​ចង់​ធ្វើ​ខ្លួន​ដូច​ប្រទេស​ធម្មតា​មួយ‍»។

ប៉ុន្តែ​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​នឹង​បណ្តាញ​សារព័ត៌មាន ABC នៅ​អាមេរិក​ថា កិច្ច​ពិភាក្សា​ថ្មី​ជាមួយ​នឹង​រដ្ឋភិបាល​ក្រុង​វ៉ាស៊ីនតោន​ «មិន​ទំនង​នឹង​កើត​មាន​ឡើង​នោះ​ទេ‍»។

លោក Zarif ថ្លែង​បន្ថែម​ថា៖ «ការ​ពិភាក្សា​គឺ​ជា​ការ​បន្ត​ដាក់​សម្ពាធ។ វា​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ទីផ្សា​អចលនទ្រព្យ ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរចា​ជាមួយ​នឹង​អ៊ីរ៉ង់​នោះ​ទេ៕