រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Pompeo បានចូលរួមកាលពីថ្ងៃសៅរ៍នៅឯប្រជុំសម្ងាត់របស់ក្រុម Bildenburg ក្នុងទីក្រុង Montreux ប្រទេសស្វីស ដោយអ្នកចូលរួមខ្លះបានសម្តែងនូវការព្រួយបារម្ភអំពីការប្រកាសយកពន្ធគយលើប្រទេសម៉ិកស៊ិក ធ្វើឲ្យប៉ះពាល់ទីផ្សារពិភពលោក និងការកើនឡើងនូវការតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់។
ជំនួបដែលមានរយៈពេល ៤ថ្ងៃរបស់វរជនមកពីតំបន់អឺរ៉ុប និងអាមេរិកខាងជើង នៅកន្លែងលំហែកាយក្នុងប្រទេសស្វីស រួមមានឥស្សរជនល្បីខាងនយោបាយ ពាណិជ្ជកម្មការពារប្រទេស និងការស៊ើបការណ៍សម្ងាត់។ ប្រធានបទនៅឆ្នាំនេះគឺ «ស្ថិរភាពសណ្តាប់ធ្លាប់»។
ក្រុមអ្នករិះគន់វោហាសាស្រ្តចំៗ និងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ពោលអះអាងថា វោហាសាស្រ្តនិងគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ ធ្វើឲ្យមានបញ្ហាដល់របៀបរៀបរយក្រោយសង្គ្រាម និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ក្រុមអ្នកគាំទ្រប្រធានាធិបតី ត្រាំ ទទូចថា អស់រយៈពេលជាច្រើនឆ្នាំហើយ សហរដ្ឋអាមេរិកចាត់ទុកជារឿងធម្មតា ដោយមិនបានពិចារណាអំពីអ្វីដែលជាការអស្ចារ្យបំផុតសម្រាប់មហាអំណាចផុតលេខនោះ ហើយការគិត «ពីប្រទេសអាមេរិកមុន» ជាការចាំបាច់។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានចូលរួមជាមួយលោក Jared Kushner ទីប្រឹក្សាប្រធានាធិបតី និងជាកូនប្រសាររបស់ប្រធានាធិបតី ត្រាំ បានចាកចេញពីទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល មកចូលរួមជំនួបនោះ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចប្រទេស៣ នៅតំបន់មជ្ឈឹមបូព៌ា ហើយលោក Jens Soltenberg អគ្គលេខាធិការអង្គការអូតង់ និងលោក Ursula von der Leyen រដ្ឋមន្រ្តីការពារប្រទេសអាល្លឺម៉ង់ បានស្ថិតក្នុងចំណោមឥស្សរជនផ្សេងទៀត។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងជួបនៅថ្ងៃអាទិត្យនេះជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសស្វីស។
លោកស្រីអធិការបរតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ បាននិយាយមុនជំនួបថា សហរដ្ឋអាមេរិក បន្តជាដៃគូដ៏សំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់នៅខាងក្រៅអឺរ៉ុប ក៏ប៉ុន្តែ សម្រាប់បញ្ហាប្រទេសអ៊ីរ៉ង់ លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា អាល្លឺម៉ង់គាំទ្រកិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់ ថ្វីបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះក៏ដោយ៕