ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អាមេរិក​ព្រមាន​ជាមុន​រឿង​សុវត្ថិភាព​ក្រុមកីឡាករ​អាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ចិន

រូបឯកសារ៖ ទិដ្ឋភាពទូទៅ​នៃ​ទីលាន​សម្រាប់​ប្រកួត​កីឡា​ស្គី​នៅ​ក្រុង​ Zhangjiako ប្រទេស​ចិន ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ២០២២ នៅ​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ប្រទេស​ចិន។ (Photo by François-Xavier MARIT / AFP)

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ទាក់ទិន​នឹង​រឿង​សុវត្ថិភាព​របស់​ក្រុម​កីឡាករ​អាមេរិក ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់ពី​អាជ្ញាធរ​ចិន​បាន​គំរាម «ដាក់​ពិន័យ» លើ​អ្នក​ណា​ដែល​បញ្ចេញ​មតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គណៈកម្មការ​សភា-នីតិ​ប្រតិបត្ដិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន ដែល​ជា​ក្រុម​សមាជិក​សភា​និង​មន្ត្រី​សេតវិមាន បាន​ស្នើ​ដល់​អាជ្ញាធរ​អូឡាំពិក​សហរដ្ឋ​អាមេរិក​ឲ្យ​មាន «កិច្ច​ប្រឹងប្រែង​បន្ទាន់» មួយ ដើម្បី​ការពារ​សិទ្ធិ​បញ្ចេញមតិ​របស់​ក្រុម​កីឡាករ​អាមេរិក ដែល​នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ប្រទេស​ចិន​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ។

គណៈកម្មការ​នេះ​បាន​លើកឡើង​ដូច្នេះ បន្ទាប់ពី​លោក Yang Shu មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​របស់​ចិន បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​មួយ​កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា​ថា «អាកប្បកិរិយា​ឬ​ការ​ថ្លែង​ណា​មួយ​ដែល​ប្រឆាំង​ទៅ​នឹង​ស្មារតី​អូឡាំពិក ជា​ពិសេស​ប្រឆាំង​ទៅនឹង​ច្បាប់​និង​បទបញ្ញត្តិ​នានា​របស់​ចិន ត្រូវ​រង​ការ​ពិន័យ​មួយ​ចំនួន» ។

គណៈកម្មការ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ដែល​ផ្ញើ​ទៅកាន់​គណៈកម្មាធិការ​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​សហរដ្ឋ​អាមេរិក ថា៖ «ទោះបីជា​យើង​សង្ឃឹម​ថា មិនមាន​កីឡាករ​ណា​ម្នាក់​ប្រឈម​នឹង​ការ​ពិន័យ ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន​ក៏ដោយ ក៏​ប៉ុន្តែ​ដោយសារ​ការ​លើកឡើង​របស់​មន្ត្រី​ចិន​លោក Yang Shu និង​សកម្មភាព​កន្លង​មក​របស់​រដ្ឋាភិបាល​ចិន ទើប​យើង​ជំរុញ​គណៈកម្មាធិការ​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​ដើម្បី​ការពារ​កីឡាករ​ណា​ដែល​បញ្ចេញ​មតិ»។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី និង​កាណាដា បាន​ប្រកាស​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា ពួកគេ​នឹង​មិន​បញ្ជូន​តំណាង​រដ្ឋាភិបាល​ផ្លូវការ​ណា​មួយ​ទៅ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ នេះទេ ដោយ​លើកឡើង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​គេ​ចោទ​ប្រកាន់​ថា​ចិន​បាន​ប្រព្រឹត្តិ​ទៅលើ​ជាតិសាសន៍​ភាគតិច​អ៊ុយហ្គ័រ (Uyghur) កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន។

ប៉ុន្តែ ពួកគេ​បាន​បញ្ជាក់​ថា ពួកគេ​នៅតែ​បញ្ជូន​ក្រុម​កីឡាករ​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នោះ។ ប្រទេស​ចិន​បាន​ឆ្លើយតប​វិញ​ដោយ​កំហឹង ដោយ​បាន​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​ថា ពួកគេ​នឹង «រង​ផល​វិបាក» ចំពោះ​ការ​ធ្វើ​ពហិការ​នេះ៕