នៅថ្ងៃអាទិត្យនេះ នាវាទាហានជើងទឹកសហរដ្ឋអាមេរិកពីរគ្រឿងបានធ្វើដំណើរទៅជិតបណ្ដាកោះក្នុងសមុទ្រជិតខាងត្បូងនានាដែលទាមទារកាន់កាប់ដោយប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលអាមេរិកពីរនាក់ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reutes។
ប្រតិបត្តិការនេះគឺជាការប៉ុនប៉ងថ្មីចុងក្រោយបង្អស់មួយដើម្បីតតាំងនឹងអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយល់ឃើញថាជាការព្យាយាមរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការដាក់កំហិតលើសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកយុទ្ធសាស្ត្រក្នុងសមុទ្រចិនខាងត្បូងនេះ។
មន្ត្រីរដ្ឋាភិបាលអាមេរិកដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា នាវា Haggins ដែលជានាវាពិឃាដបញ្ជាមីស៊ីល និងនាវា Antietam ដែលជានាវាចម្បាំងបញ្ជាមីស៊ីល បានធ្វើដំណើរនៅក្នុងរង្វង់ជាង ២២ គីឡូម៉ែត្រនៃប្រជុំកោះ Paracel ដែលកូនកោះ និងថ្មប៉ប្រះទឹកនានានៃប្រជុំកោះនោះត្រូវបានទាមទារកាន់កាប់ដោយប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅក្បែរនោះ។
នាវាយោធារបស់សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធនៅជិតកោះ Tree កោះ Lincoln កោះ Triton និងកោះ Woody នៅក្នុងប្រជុំកោះ Paracel។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់។
អ្នករិះគន់លើប្រតិបត្តិការដែលគេស្គាល់ថា «សេរីភាពនៃការធ្វើនាវាចរណ៍» នេះ បាននិយាយថា ប្រតិបត្តិការទាំងនេះមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើឥរិយាបថរបស់ចិន និងភាគច្រើនគឺធ្វើឡើងក្នុងនាមជានិមិត្តរូបតែប៉ុណ្ណោះ៕