សហរដ្ឋ​អាមេរិក​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ដែល​​អាច​កើត​ឡើង​នៅ​ស្រីលង្កា

ទាហាន​ស្រីលង្កា​ឈរ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​ធំ​ កាល​ពី​ថ្ងៃ​ទី​២៦ មេសា ២០១៩ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារអត្តឃាត​​ជា​បន្ត​បន្ទាប់​ ទៅ​លើ​ព្រះវិហារ និង​សណ្ឋាគារ នៅ​ថ្ងៃ​បុណ្យ Easter។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋធានី​កូឡុំបូ​ ប្រទេស​ស្រីលង្កា​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ជៀស​វាង​កុំ​ចូល​ទៅ​កន្លែង​សាសនា​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​នៅ​ចុង​សប្តាហ៍​នេះ​ដោយសារ​តែ​អាជ្ញាធរ​ស្រីលង្កា​រាយការណ៍​ថា​ អាច​នឹង​មាន​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​នេះ។

ស្ថានទូត​បាន​ជូន​ដំណឹង​តាម​រយៈ​គណនី ​Twitter ​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «សូម​ឲ្យ​ប្រជា​ពល​រដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ និង​ជៀស​វាង​កុំ​ចូល​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​អ៊ូអរ​ច្រើន»។ ការ​ព្រមាន​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​វិហារ​សាសនា​ និង​សណ្ឋាគារ​ចំ​ថ្ងៃ​បុណ្យ ​Easter​ កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់។

ក្រុម​មន្រ្តី​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​កែ​តម្រូវ​ពី​ជាង​៣៥០​នាក់​មក​ត្រឹម​ជាង​២៥០​នាក់​ ដោយ​សារ​តែ​សាកសព​ខ្លះ​ត្រូវ​បាន​គេ​រាប់​ស្ទួន​គ្នា។ អាជ្ញាធរ​ស្រីលង្កា​និយាយ​ថា​ ជន​សង្ស័យ​ជា​មេក្លោង​ឈ្មោះ ​Zahran Hashim​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​សណ្ឋាគារ Shangri-La។ កាសែត​ស្រីលង្កា​ឈ្មោះ ​Daily Mirror​ បាន​រាយការណ៍​ថា​ បង​ប្អូន​ស្រី​របស់​ជន​ឈ្មោះ ​Hashim​ នេះ​បាន​និយាយ​ថា​ ទាំង​ឪពុក​ម្តាយ​និង​បង​ប្អូន​ប្រុស​ស្រី​របស់​នាង​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី១៨​ ខែមេសា​មក​ម៉្លេះ។

ប្រធានាធិបតី​ស្រីលង្កា​លោក​ Maithripala Sirisena​ បាន​ថ្លែង​ថា​ មេ​បញ្ជាការ​ប៉ូលិស​ស្រីលង្កា​លោក ​Pujith Jayasundara​ បាន​លា​លែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃសុក្រ​នេះ​ ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​លោក​បណ្តោយ​ឲ្យ​មាន​ការ​វាយ​ប្រហារ​នេះ​កើត​ឡើង ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​ស្រីលង្កា​លោក ​Hemasriri Fernando​ បាន​ចុះ​ចេញ​ពី​តំណែង ​ខណៈ​ប្រធានាធិបតី​ប្រទេស​ស្រីលង្កា​ប្រកាស​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

លោក​ Sirisena​ បាន​ប្រកាស​ឲ្យ​លោក​ Fernando​ និង​លោក Jayasundara​ ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពី​លោក​បាន​សន្យា​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ថា​ លោក​នឹង​ចាត់​វិធានការ​លើ​មន្រ្តី​ណា​ដែល​មិន​បានជូន​ដំណឹង​ដល់​លោក​ពាក់​ព័ន្ធ​នឹង​ការ​ព្រមាន​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ឥណ្ឌា​ មុន​នឹង​មាន​ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​វិហារ​សាសសា​ និង​សណ្ឋាគារ​ប្រណិតទាំង​នេះ៕