ស្ថានទូត​អាមេរិក​នៅប្រទេស​ស្រីលង្កាព្រមានថា ​អាចមាន​ការវាយ​ប្រហារ​បន្ថែម​ទៀត​​

ប៉ូលិស​ស្រីលង្កា​ពិនិត្យ​មើល​ឡានដឹកទំនិញ​មួយ​នៅ​ខាងក្រៅទីក្រុង​ Colombo ប្រទេស​ស្រីលង្កា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ស្ថានទូត​អាមេរិក​នៅទីក្រុង​Colombo​បានប្រាប់​ឲ្យ​ប្រជាជន​ចៀស​វាង​កន្លែង​បួងសួង​នៅ​ប្រទេស​ស្រីលង្កា​នៅចុង​សប្ដាហ៍ខាង​មុខ​ដោយ​លើកពី​របាយ​ការណ៍​ប្រទេស​ស្រីលង្កា​ដែល​ថា ​ការវាយ​ប្រហារ​បន្ថែម​អាច​កើត​ឡើង។​

ស្ថានទូត​អាមេរិក​បានសរសេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅលើ​គណនីTwitterផ្លូវការ​របស់​ខ្លួន​ថា​«ចូរ​បន្ត​ការប្រុង​ប្រយ័ត្ន​និង​ចៀសវាង​កន្លែង​មាន​ហ្វូង​មនុស្ស​ច្រើន»។​

ការ​ព្រមាន​នេះ​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ទៅ​លើ​ពួក​អ្នក​បួងសួង​គ្រិស្តសាសនា​នៅថ្ងៃ​បុណ្យ Easter Sunday​ នៅពេល​ដែលអ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់។​

ក្រុម​មន្ត្រី​បាន​និយាយ​ពីមុន​ថា ​ចំនួន​អ្នកស្លាប់​មាន​ជាង​៣៥០​នាក់ ​ប៉ុន្តែ​បាន​កែ​តម្រូវតួលេខ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា សាក​សពមួយ​ចំនួន​អាច​ត្រូវ​បាន​រាប់ពីរ​ដង។​

រដ្ឋមន្ត្រី​ការពារជាតិ​ស្រីលង្កា​លោកHemasririFernando​បាន​លាលែង​ពីតំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយពីព្រឹត្តិ​ការណ៍​បំផ្ទុះ​គ្រាប់បែក។​ ​លោក​ធ្វើតាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​ស្រីលង្កា​ឲ្យ​លោក​លាលែង​ពី​តំណែង។​

លោក​ប្រធានាធិបតី ​MaithripalaSirisena​បាន​អំពាវនាវឲ្យ​លោក ​Fernando​និង​លោកPujith​Jayasundara​អគ្គស្នងការ​ប៉ូលិស​ លាលែង​ពីតំណែង ក្រោយពី​លោក​បាន​សន្យា​ក្នុង​បណ្តាញ​ទូរទស្សន៍​ថា ​នឹង​ចាត់វិធាន​ការ​តឹងតែង​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​ដែល​មិន​ប្រាប់​លោក​អំពី​ព័ត៌មាន​ចារកម្ម​ដែល​ប្រទេស​ឥណ្ឌា​ផ្តល់​ឲ្យប៉ុន្មានថ្ងៃ​មុន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះ​វិហារ​និង​សណ្ឋាគារ​ប្រណីត។​នៅពេល​ដែល​រដ្ឋាភិបាល​ប្រឈម​មុខ​នឹង​កំហឹង​ពីសាធារណ​ជន​ ​មន្ត្រី​ជាន់​ខ្ពស់​ទទួល​ស្គាល់​ថា​ វាជា«បរាជ័យ​ដ៏ធំ​មួយ»៕