សហរដ្ឋ​អាមេរិក​ព្រមាន​​អ៊ីរ៉ង់​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​ទី​អវកាស

រូបឯកសារ៖ រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Mike Pompeo ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​នៅ​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៨។

រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Mike Pompeo ​បាន​ព្រមាន​ប្រទេស​អ៊ីរ៉ង់​ពី​បាញ់​បង្ហោះ​ផ្កាយ​រណប​ក្នុង​ទី​អវកាស​ពីព្រោះ​តែ​បច្ចេក​វិទ្យា​ដូច​គ្នា​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ផ្ទុក​កាំជ្រួចអន្តរទ្វីប។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា «សហរដ្ឋ​អាមេរិក​នឹង​មិន​ឈរ​ឱប​ដៃ​មើល​គោល​នយោបាយ​បំផ្លិច​បំផ្លាញ​របស់​របប​អ៊ីរ៉ង់​ដើម្បី​ដាក់​ស្ថិរភាព​និង​សន្តិសុខអន្តរជាតិ​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​នោះ​ទេ»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​និយាយ​បន្ត​ទៀត​ថា៖ «​យើង​ណែនាំ​របប​នោះ​ឲ្យ​ពិចារ​ណា​ឡើង​វិញ​នូវ​ការ​បាញ់​បង្ហោះ​បង្ក​ហេតុ​ហើយ​នឹង​បញ្ឈប់​សកម្មភាព​ទាំង​អស់​ដែល​ទាក់​ទិន​ទៅ​នឹង​កាំជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ដើម្បី​បញ្ចៀស​ភាព​ឯកោ​ខាងសេដ្ឋកិច្ច និង​ការទូត​កាន់​តែ​ខ្លាំង​ឡើង»។

អ៊ីរ៉ង់​ត្រូវ​បានហាម​ឃាត់​មិន​ឲ្យ​សាក​ល្បង​កាំជ្រួច​ឆ្លង​ទ្វីប​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​ និង​មហា​អំណាច​នាំ​មុខ​នៅ​ឆ្នាំ​២០១៥។

ឧត្តម​សេនីយ​ Qassem Taqizadeh​ អនុ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អ៊ីរ៉ង់ ​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ថា ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង ​មាន​គម្រោង​បាញ់​បង្ហោះ​យានអវកាស (Space Launch Vehicles)​ ចំនួន​៣​គ្រឿង​ចូល​ក្នុង​អវកាស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

អ៊ីរ៉ង់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ថា ​កម្មវិធី​អវកាស​របស់​ខ្លួន​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ។ លោក ​Mohammad Javed Zarif​ រដ្ឋ​មន្រ្តីការ​បរទេស​អ៊ីរ៉ង់​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ Twitter​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ថា៖ «ការ​បាញ់​បង្ហោះ​យាន​អវកាស​ និង​កាំជ្រួច​មី​ស៊ីល​មិន​មែន​ជា​ការ​រំលោភ​សេចក្តី​សម្រេច​លេខ​២២៣១​នោះ​ទេ»។

ក៏ប៉ុន្តែ ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​និយាយ​ថា​ បច្ចេក​វិទ្យា​បាញ់​បង្ហោះ​យាន​អវកាស​អាច​ប្រែក្លាយ​ទៅ​ជា​ការ​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​យ៉ាង​ស្រួល៕