រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថាសកម្មភាពផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់បានកើនឡើងកាន់តែខ្លាំងចាប់តាំងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥មក ដែលកិច្ចព្រមព្រៀងនេះបង្កើតឡើងក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Pompeo បានប្រាប់ក្រុមប្រឹក្សានៅឯកិច្ចប្រជុំប្រចាំឆមាស ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរថា អ៊ីរ៉ង់បានកែងប្រវ័ញ្ចលើសុច្ឆន្ទៈរបស់ប្រជាជាតិនានា និងបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការទប់ស្កាត់មិនឲ្យផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប។ សហរដ្ឋអាមេរិកនឹងមិនគាំទ្រទង្វើនេះទេ។ លោកបានគូសបញ្ជាក់ថាសេចក្តីសម្រេចលេខ ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងច្បាប់អន្តរជាតិ អំពាវនាវឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់សកម្មភាពនានាដែលជាប់ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។
លោក Pompeoបានថ្លែងទៀតថា នៅពេលដែលយើងអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប យើងបានព្រមព្រៀងគ្នាថាអ៊ីរ៉ង់ត្រូវតែបញ្ឈប់ក្នុងពេលឥឡូវនេះ។ សកម្មភាពនានារបស់អ៊ីរ៉ង់រួមមានការបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលមិនត្រូវបានកាត់បន្ថយនោះទេចាប់តាំងពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមក។ លោកបានថ្លែងបន្តថា សហរដ្ឋអាមេរិកចង់ធ្វើការជាមួយប្រទេសជាសមាជិកទាំង១៤នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដាក់បម្រាមឲ្យខ្លាំងជាងមុនលើការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង ដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាកាលពីលើកមុន ដែលបានដាក់បម្រាមមិនឲ្យអ៊ីរ៉ង់ធ្វើសកម្មភាពនានាពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលដែលមានលទ្ធភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន៕