មន្រ្តីអាមេរិកជាន់ខ្ពស់បានព្រមានពីគ្រោះថ្នាក់នៃកំណើនគម្លាតរវាងការចំណាយផ្នែកការពារជាតិរបស់ស.រ.អា និងអឺរ៉ុប នៅក្នុងគ្រាមានការកើនឡើងនៃភាពតានតឹងជាមួយនឹងរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។ ការព្រមាននោះត្រូវបានធ្វើឡើង នៅស្របពេលដែលរថក្រោះ និងនាវាចម្បាំងស.រ.អាត្រូវបានដាក់ពង្រាយនៅអឺរ៉ុបសម្រាប់ប្រតិបត្តិការហ្វឹកហ្វឺនដែលកំពុងបន្តធ្វើឡើងរបស់អង្គការអូតង់ ក្នុងពេលដែលមានការធ្លាក់ចុះនៃការចំណាយផ្នែកការពារជាតិរបស់អង្គការនេះ។
ដោយទម្លាក់ពីនាវាដឹកទំនិញ Liberty Promise និងដាក់លើកំពង់ផែក្រុង Riga យានយន្តពាសដែកប្រមាណ ៤០០គ្រឿងត្រូវបានយកមកដាក់ក្នុងរដ្ឋធានីប្រទេសឡេតូនីនាសប្តាហ៍នេះនៅក្នុងការសម្តែងកម្លាំងយោធាមួយរបស់ស.រ.អា។ នៅជិតកន្លែងនាវាចត មេបញ្ជាការជាន់ខ្ពស់យោធាអាមេរិកាំងលោកឧត្តមសេនីយ៍ទោ John O'connor បាននិយាយថា នេះជាការបង្ហាញនូវសាមគ្គីភាពមួយ។
«យើងអាចផ្តល់នូវកម្លាំងវាយប្រយុទ្ធទៅឲ្យសម្ព័ន្ធមិត្តរបស់យើងនៅពេលណាក៏បាន និងនៅកន្លែងណាក៏បានដែលត្រូវការ។ ហើយសាររបស់យើងទៅកាន់ប្រជាជនឡេតូនី សម្ព័ន្ធមិត្តនិងប្រជាជាតិដៃគូដទៃទៀតរបស់ស.រ.អា គឺថា យោធាអាមេរិកាំងសម្រាប់អឺរ៉ុបអាច ហើយនឹងផ្តល់ការគាំទ្រភ្លាមៗតាមការចំបាច់ត្រូវការ ពីដែនអាកាស ពីដែនសមុទ្រ និងពីដែនគោក»។
អង្គការអូតង់បានធ្វើការព្រមានម្តងហើយម្តងទៀតពីកំណើននៃការគម្រាមកំហែងពីរុស្ស៊ី បន្ទាប់ពីការទន្រ្ទានយកតំបន់កេ្រម៉ា (Crimea) ដោយកម្លាំងកាលពីមួយឆ្នាំមុន និងការបន្តលូកដៃរបស់ប្រទេសនោះនៅភាគខាងកើតនៃប្រទេស អ៊ុយក្រែន។
នៅកិច្ចប្រជុំកំពូលរបស់អង្គការអូតង់នៅប្រទេសវេលស៍(Wales) កាលពីឆ្នាំមុន សមាជិករបស់អង្គការបានចុះហត្ថលេខាលើការប្តេជ្ញាមួយនៅក្នុងការចំណាយអប្បបរមាចំនួនពីរភាគរយនៃផលិតផលក្នុងស្រុកសរុប ទៅលើវិស័យការពារជាតិ។ ប៉ុន្តែប្រមុខការស្រាវជ្រាវនៃបណ្តាញថ្នាក់ដឹកនាំអឺរ៉ុប (European Leadership Network) លោក Lukasz Kulesa បាននិយាយថា ការវិភាគរបស់ក្រុមការងាររបស់លោកទៅលើប្រទេសសមាជិកទាំង១៤របស់អង្គការអូតង់បង្ហាញថា ក្រៅពីសរអា មានតែប្រទេសអេស្តូនី តែមួយគត់ ដែលសម្រេចបានគោលដៅនោះ។
«តាមពិតទៅប្រទេសមួយចំនួនបែរជាធ្វើផ្ទុយពីអ្វីដែលខ្លួនបានប្តេជ្ញានៅប្រទេស វេលស៍ ដែលនេះមានន័យថា ពួកគេបានកំពុងកាត់បន្ថយការចំណាយផ្នែកយោធា»។
ចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តយ៉ាងរឹងមាំមួយតាមប្រពៃណីរបស់ស.រ.អានៅក្នុងអង្គការអូតង់ ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវព្យាករណ៍ថានឹងមិនអាចសម្រេចបាននូវគោលដៅចំណាយពីរភាគរយនៃផលិតផលក្នុងស្រុកលើវិស័យការពារជាតិនោះទេ។ ករណីនេះអាចប៉ះពាល់ដល់តួនាទីរបស់ចក្រភពអង់គ្លេសនៅក្នុងប្រតិបត្តិការយោធាចម្រុះគ្នា នេះបើយោងទៅតាមអ្នកវិភាគលោក Ben Barr នៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាស្រាវជ្រាវយុទ្ធសាស្រ្ត។
«យោធាអង់គ្លេសមិនមានកងកម្លាំងគ្រប់គ្រាន់ទេ ដើម្បីបញ្ជូនទៅប្រតិបត្តិការពហុជាតិ ដូចដែលខ្លួនធ្លាប់បានធ្វើពីមុនមក។ បន្ថែមទៅលើនេះទៀតសោត យោធាអាមេរិកាំងក៏បានរួមតូចខ្លួនឯងផងដែរ។ ដូច្នេះអ្នកអាចអះអាងថា សរអាកាន់តែមានភាពពឹងផ្អែកទៅលើដៃគូពហុជាតិរបស់ខ្លួន ដើម្បីបង្កើតជាកងកម្លាំងប្រយុទ្ធប្រកបដោយប្រសិទ្ធភាពមួយនៅក្នុងបេសកកម្មចម្រុះគ្នា»។
យោងទៅតាមលោក Lukasz Kulesa វិភាគទានរបស់ស.រ.អាទៅកាន់អង្គការអូតង់បានកើនឡើងជាបន្តបន្ទាប់ដោយស្ថេរភាព។
«វិភាគទាននោះមានច្រើនជាង ៧០ភាគរយ ដែលមាន២០ភាគរយច្រើនជាងនៅអំឡុងសម័យសង្រ្គាមត្រជាក់។ ហើយពិតណាស់ នេះមិនមែនជាស្ថានភាពមួយដែលល្អទេ ដោយសារតែវាបង្កឲ្យមានការនឹកស្មាននៅក្នុងបណ្តាប្រទេសមួយចំនួនថា ប្រទេសទាំងនោះមិនចាំបាច់ព្យាយាមខ្លាំងនោះទេ»។
និន្នាការនៃស្ថេរភាព ឬការធ្លាក់ចុះខាងការចំណាយផ្នែកការពារជាតិកំពុងតែប្រែផ្លាស់នៅអេស្តូនី ដែលជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលស្ថិតនៅជួរមុខនៃភាពតានតឹងរវាងបស្ចឹមលោក និងរុស្ស៊ី។ លោក Kulesa បាននិយាយថា ការចំណាយផ្នែកការពារជាតិរបស់អេស្តូនីកំពុងស្ថិតនៅលើនិន្នាការនៃការសម្រេចបាន២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា