អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានបំពេញទស្សនកិច្ចនៅថ្ងៃអង្គារនេះទៅកាន់កោះមួយរបស់ប្រទេសហ្វីលីពីននៅជិតដែនទឹកដែលប្រទេសចិនបានទាមទារកាន់កាប់ ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយរបស់សហរដ្ឋអាមេរិកនិងដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Harris គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលបានធ្វើទស្សនកិច្ចទៅកាន់កោះ Palawan នៅភាគខាងលិចប្រទេសហ្វីលីពីន ដែលមានចម្ងាយជិតបំផុតទៅនឹងប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូងដែលជាសមុទ្រមានជម្លោះដ៏ក្ដៅគគុក។
ប្រទេសចិនបានទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងនេះស្ទើរតែទាំងអស់និងបានធ្វើព្រងើយកន្តើយចំពោះសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការទាមទាររបស់ចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់។ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេក៏បានទាមទារផ្នែកមួយចំនួនផងដែរដែលជាន់គ្នាជាមួយនឹងការទាមទាររបស់ចិន។
អ្នកស្រី Harris បានជួបជាមួយនឹងអ្នកនេសាទនៅក្នុងភូមិជាប់មាត់សមុទ្រមួយកន្លែងនិងសមាជិកនៃកងឆ្មាំការពារដែនសមុទ្រហ្វីលីពីន។
អ្នកស្រីបានថ្លែងនៅក្នុងសុន្ទរកថាមួយថា៖ «ច្បាប់និងបទដ្ឋានអន្តរជាតិ» ត្រូវតែគោរព ហើយការសម្រេចរបស់តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងការច្រានចោលការទាមទាររបស់ចិនលើសមុទ្រចិនខាងត្បូងក៏ត្រូវតែគោរពផងដែរ។
អ្នកស្រី Harris បាននិយាយនៅលើនាវារបស់កងឆ្មាំការពារដែនសមុទ្រហ្វីលីពីនថា៖ «សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិមានផលប្រយោជន៍ខ្លាំងក្លាលើអនាគតនៃតំបន់នេះ»។
អ្នកស្រីបានបន្ថែមថា៖ «ក្នុងនាមជាសម្ពន្ធមិត្តមួយ សហរដ្ឋអាមេរិកឈរនៅជាមួយនឹងប្រទេសហ្វីលីពីននៅក្នុងការប្រឈមនឹងការគំរាមកំហែងនិងការបង្ខិតបង្ខំនៅសមុទ្រចិនខាងត្បូង»។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី Harris ទៅកាន់កោះ Palawan នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីអ្នកស្រីបានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅក្នុងទីក្រុងម៉ានីល។
អ្នកស្រី Harris បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្ត «ឥតងាករេ» របស់សហរដ្ឋអាមេរិកនៅក្នុងការការពារប្រទេសហ្វីលីពីន ប្រសិនបើនាវា ឬក៏យន្តហោះណាមួយរបស់ហ្វីលីពីនត្រូវបានវាយប្រហារនៅសមុទ្រចិនខាងត្បូង៕
ទីក្រុង Puerto Princesa ប្រទេសហ្វីលីពីន —