ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Harris នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​គ្មាន​យោធា (DMZ) នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ


នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក Han Duck-soo (ឆ្វេង)​ ស្តាប់​​ប្រសាសន៍​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ក្នុង​អំឡុង​ជំនួប​​ទ្វេភាគី​មួយ​នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លោក Han Duck-soo (ឆ្វេង)​ ស្តាប់​​ប្រសាសន៍​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ក្នុង​អំឡុង​ជំនួប​​ទ្វេភាគី​មួយ​នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​គ្មាន​យោធា (DMZ) នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Harris ទៅ​កាន់​តំបន់ DMZ នេះ​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​នេះ​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ។

អ្នកស្រី Harris បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៃ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ ប្រទេស​ទាំង​ពីរ​នេះ​គឺ​ជា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​កើត​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden យល់​ឃើញ​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ នៅ​ចំ​ពេល​ដែល​ប្រទេស​ចិន​កំពុង​បង្ហាញ​ឥរិយាបថ​កាន់តែ​ក្អេងក្អាង​ជាង​មុន។

អ្នកស្រី Harris ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​បរទេស​ជា​ច្រើន​រូប​ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shizon Abe កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ក្នុង​ប្រទេស​ជប៉ុន អ្នកស្រី​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សម្ពន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រឈម​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «សម្ពន្ធភាព​រវាង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​គឺជា​គ្រឹះ​នៃ​អ្វី​ដែល​យើង​ជឿ​ថា​មាន​សារៈសំខាន់​ចំពោះ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ផ្ដល់​អាទិភាព ដោយ​ហេតុ​ថា​យើង​ក៏​ជឿជាក់​ផងដែរ​ថា​វា​ផ្ដល់​ប្រយោជន៍​ខ្ពស់​បំផុត​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាក់ទិន​នឹង​សន្តិសុខ​និង​វិបុលភាព​របស់​ពួកគេ ហើយ​យើង​ក៏​ជឿជាក់​ថា​វា​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជប៉ុន​ដូច​គ្នា​នេះ​ផងដែរ»៕

XS
SM
MD
LG