លោកស្រីអនុប្រធានាធិបតីស.រ.អ. Kamala Harris គ្រោងនឹងប្រកាសនៅថ្ងៃពុធនេះអំពីការផ្តល់ប្រាក់ដល់វិស័យសាធារណៈនិងឯកជន ចំនួន១០០០លានដុល្លារសម្រាប់កម្មវិធីផ្តោតលើការផ្តល់អំណាចសេដ្ឋកិច្ចឱ្យស្ត្រីនៅពេលលោកស្រីបញ្ចប់ដំណើរទស្សនកិច្ចមួយនៅប្រទេសហ្គាណា។
ខុទ្ទកាល័យរបស់លោកស្រីបាននិយាយថាការផ្តល់ប្រាក់នេះនឹងគាំទ្រដល់ការពង្រីកការមានសេវាកម្មឌីជីថល ការហ្វឹកហ្វឺនការងារនិងគាំទ្រដល់ក្រុមសហគ្រិន។
លោកស្រី Harris បានប្រជុំតុមូលជាមួយពួកសហគ្រិនស្ត្រីនៅថ្ងៃពុធនេះក្នុងរដ្ឋធានីអាក្រានៃប្រទេសហ្គាណានៅមុនលោកស្រីធ្វើដំណើរទៅកាន់ប្រទេសតង់ហ្សានីដែលជាប្រទេសបន្ទាប់ក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍របស់លោកស្រីនៅទ្វីបអាហ្វ្រិក។
កាលពីថ្ងៃអង្គារ លោកស្រី Harris បានប្តេជ្ញាអំពីសម័យកាលថ្មីមួយនៃភាពដៃគូរវាងស.រ.អ.និងទ្វីបអាហ្វ្រិក ដោយលោកស្រីបានសង្កត់ធ្ងន់អំពីការផ្តល់អំណាចឱ្យស្ត្រី ការអភិវឌ្ឍន៍សេដ្ឋកិច្ច digital និងការគាំទ្រលទ្ធិប្រជាធិបតេយ្យដល់យុវជនហ្គាណា៨០០០នាក់ដែលបានប្រមូលផ្តុំគ្នានៅពេលថ្ងៃត្រង់មានកម្តៅខ្លាំងដើម្បីស្តាប់លោកស្រីមានប្រសាសន៍ក្នុងរដ្ឋធានីអាក្រា។
លោកស្រី Harris ដែលជាអនុប្រធានាធិបតីស.រ.អ.ស្ត្រីស្បែកខ្មៅទីមួយ បាននិយាយពីវេទិកាមួយនៅក្រោមខ្លោងទ្វារ Black Star gate ដែលជាវិមានអនុស្សាវរីយ៍នៅមាត់សមុទ្ររំឭកដល់ឯករាជ្យប្រទេសហ្គាណាពីការគ្រប់គ្រងអាណានិគមអង់គ្លេសកាលពីឆ្នាំ១៩៥៧។
លោកស្រី Harris បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាស្ថិតក្នុងស្ថានភាពដូចគ្នា ពីព្រោះមានចំណងទាក់ទងគ្នារវាងប្រជារាស្ត្រយើងយូរយារមកហើយ។ យើងមានប្រវត្តិសាស្ត្រពាក់ព័ន្ធគ្នា ខ្លះប្រកបដោយការឈឺចាប់ ខ្លះនាំឱ្យមានមោទនភាព ហើយការពាក់ព័ន្ធទាំងនេះ យើងត្រូវទទួលស្គាល់ បង្រៀនយើងនិងមិនត្រូវភ្លេចជាដាច់ខាត»។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសតង់ហ្សានី លោកស្រី Harris នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសហ្សំប៊ី៕