អាមេរិក​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​ដីកោះ​ប៉ាស៊ីហ្វិក នៅ​ចំ​ពេល​ចិន​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់

  • Reuters

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ជំនួយ «ដ៏​ធំ» សម្រាប់​បណ្ដា​ប្រទេស​ដីកោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden រៀបចំ​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ​នៅ​ថ្ងៃ​ពុធ​នេះ។

មេដឹកនាំ​មកពី​ប្រទេស​ដីកោះ​ចំនួន ១២ នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​ប្រទេស​ពីរ​ផ្សេង​ទៀត​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​មក​ចូលរួម ហើយ​ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់​នឹង​ចូលរួម​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍។

លោក Kurt Campbell អ្នក​សម្របសម្រួល​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃ​សេតវិមាន បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​សុខភាព​ជាដើម។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ផ្ដោត​លើ​ការ​បង្កើន​សន្តិសុខ​ដែន​សមុទ្រ​និង​ការ​ទំនាក់ទំនង​របស់​បណ្ដា​ប្រទេស​ដី​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដូចជា​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ជាដើម។

កិច្ច​ប្រជុំ​នេះ​នឹង​ក្លាយជា​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​ដែល​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ទទួល​ស្វាគមន៍​មេដឹកនាំ​ជា​ច្រើន​រូប​នៃ​តំបន់​មួយ​ដែល​ខ្លួន​បាន​ចាត់ទុក​ថា​ដែន​សមុទ្រ​សំខាន់​តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក៕