មន្ត្រីសន្តិសុខនិងចារកម្មសហរដ្ឋអាមេរិកបានព្រមានក្រុមអ្នកបោះឆ្នោតឲ្យត្រៀមខ្លួនចំពោះលទ្ធភាពនៃតួអង្គបរទេសដែលនឹងព្យាយាមបញ្ជុះបញ្ជូលទស្សនៈរបស់ពួកគេ ខណៈដែលពួកគេប្រុងប្រៀបចូលរួមការបោះឆ្នោតបឋមសំខាន់ៗ។
ការព្រមានមាននៅមួយថ្ងៃមុនការបោះឆ្នោតការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីព្រមៗគ្នា នៅរដ្ឋចំនួន១៤ ឬហៅថា Super Tuesday និងក្រោយពី មានការធ្លាយព័ត៌មានសម្ងាត់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញថា រុស្ស៊ី ជាពិសេស បានព្យាយាមបង្កើនឥទ្ធិពលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។
ការព្រមាននេះបានចេញពីមេដឹកនាំនៃក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌ ដោយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ថា ខ្លួននិងទីភ្នាក់ងាររដ្ឋផ្សេងទៀតនឹងត្រៀមខ្លួនចំពោះរាល់ការជ្រៀតជ្រែកដែលនឹងអាចកើតឡើង។
ក្នុងប៉ុន្មានសប្តាហ៍នេះ មានការបារម្ភខ្លាំងអំពីការជ្រៀតជ្រៀករបស់បរទេសទៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ក្រោយពីការរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងព្យាយាមជួយដល់យុទ្ធនាការបោះឆ្នោតរបស់ទាំងលោកប្រធានាធិបតី Donald Trump និងបេក្ខជនមួយរូបពីគណបក្សប្រជាធិបតេយ្យគឺលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont៕