​​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ថ្កោលទោស​ភាពសាហាវ​ឃោរឃៅ​ប្រ​ឆាំង​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា

អនុប្រធានាធិបតី​អាមេរិក​លោក​ Mike Pence ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាន់ខ្ពស់អំពី​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិនៅ​ទីស្នាក់ការកណ្តាល​របស់​អ.ស.បក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​២០ កញ្ញា ២០១៧។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Penceបាន​និយាយ​ខ្លាំង​ៗស្តីពី​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​មីយ៉ានម៉ា ​ដោយ​បាន​ថ្កោលទោស​អ្វី​ដែល​លោក​អនុ​ប្រធានា​ធិបតី​បាន​ហៅ​ថា លំហូរជាប្រវត្តិសាស្រ្ត​នៃ​ជន​ជាតិ​ភាគ​តិច​រ៉ូ​ហ៊ីងយ៉ាពី​ប្រទេស​ភូមា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ក្នុងការ​ប្រឈម​ការ​វាយ​ប្រហារ​ហិង្សា។

​ថ្លែង​នៅឯសន្និសីទ​របស់​ក្រុមថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ ​លោក​អនុ​ប្រធានា​ធិបតី Pence ​បាន​មាន​ប្រសាសន៍ថា ​ពិភពលោក​កំពុង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​សោកនាដកម្ម​ដ៏​ធំមួយដែល​កំពុង​លាត​ត្រដាង​នៅ​ក្នុង​ប្រទេស​មួយ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គេស្គាល់​ថា ភូមា។

លោក​អនុ​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​បានថ្លែង​នៅឯមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ថា «​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​កងកម្លាំង​សន្តិសុខ​ភូមា​បាន​ឆ្លើយ​តប​ទៅ​នឹងការវាយ​ប្រហារ​របស់​ជន​សកម្ម​ប្រយុទ្ធ​ទៅលើ​ប៉ុស្តិ៍​យាម​ល្បាត​របស់ ​រដ្ឋាភិបាល​ដោយ​សាហាវ​ព្រៃផ្សៃ ​ដុត​ភូមិ បង្ខំ​ឲ្យ​ជន​ជាតិ​ភាគ​រ៉ូហ៊ីងយ៉ា​ចាក​ចេញ​ពីផ្ទះ​សម្បែង​របស់​ខ្លួន។ រូបភាព​នៃ​អំពើ​ហិង្សាហើយ​និង​ជន​រង្គ្រោះ​បាន​ធ្វើ​ឲ្យ​រន្ធត់​ដល់​ពលរដ្ឋ​អាមេរិកាំង ​ហើយ​នឹង​មនុស្ស​នៅ​ទូទាំង​ពិភពលោក‍»។

​ក្នុង​រយៈ​ពេលជាង​មួយ​ខែ​នេះ ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង៤សែននាក់ ​បាន​រត់​គេចចេញ​ពី​ប្រទេស​មីយ៉ានម៉ា​ដែល​នៅ​ទី​នោះ​ពួកគេ​ប្រឈម​ការរំលោភ​សិទ្ធិ​មនុស្សនិងការ​រើសអើង។ លោក​អនុ​ប្រធានា​ធិបតី​សហ រដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​មនុស្ស​រាប់​ម៉ឺននាក់​ដែល​បាន​គេច​ខ្លួន​ជាកូនក្មេង​។

ពួក​ជន​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​បាន​វាយ​ប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ​ភូមា​កាល​ពី​ចុងខែ​សីហា។​ ចាប់​តាំង​ពីពេល​នោះ​មក ​ពួក​អ្នក​វិភាគ​និង​បុគ្គលិក​សិទ្ធិ​មនុស្ស​និយាយថា ​យោ​ធា​ភូមា​បាន​ធ្វើការបង្ក្រាប​ដ៏​ព្រៃផ្សៃ​ដែល​បាន​ដុត​ភូមិ​ទាំង​មូលហើយ​នឹង​សម្លាប់ស្រ្តី​និង​កូនក្មេង​ដែល​រត់គេច​ខ្លួន៕