អាជ្ញាធរចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ស្នើសុំឲ្យក្រុមហ៊ុនផលិតចំណីអាហារ និងភោជនីយដ្ឋាននានាកាត់បន្ថយបរិមាណអំបិលឲ្យបាន១ភាគ៣ក្នុងចំណីអាហាររបស់ពួកគេ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ឯកសារព្រាងនៃគោលការណ៍ណែនាំដែលបានផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ខែមិថុនា គឺស្ថិតក្នុងលក្ខណៈជាការអនុវត្តស្ម័គ្រដោយចិត្តនៅឡើយ ប៉ុន្តែអាជ្ញាធរចំណីអាហារនិងឱសថសង្ឃឹមថា ការកាត់បន្ថយបរិមាណអំបិលសូដ្យូមនៅក្នុងចំណីអាហាររបស់ជនជាតិអាមេរិក នឹងជួយប្រយុទ្ធប្រឆាំងនឹងការឡើងសម្ពាធឈាមខ្ពស់ ឬការលើសឈាម ដែលត្រូវបានគេប៉ាន់ប្រមាណថាបានឆក់យកជីវិតមនុស្ស១.០០០នាក់ ជារៀងរាល់ថ្ងៃនៅសហរដ្ឋអាមេរិក។
តាមព័ត៌មានដែលបានបង្ហោះលើគេហទំព័រផ្លូវការរបស់អាជ្ញាធរចំណីអាហារនិងឱសថ បានសរសេរថា៖ «ការប្រើប្រាស់អំបិលសូដ្យូម និងសម្ពាធឈាមមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង និងត្រូវបានគេរកឃើញយ៉ាងជាក់ច្បាស់។ សម្ពាធឈាមឡើងខ្ពស់ ជាកត្តានៃគ្រោះថ្នាក់ដ៏ខ្ពស់សម្រាប់ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ការរកឃើញបែបនេះ ក៏មានការឯកភាពពីស្ថាប័នជំនាញនានាផងដែរ ដូចជាវិទ្យាស្ថានសុខាភិបាល ដោយស្នើឲ្យមានការកាត់បន្ថយការប្រើប្រាស់អំបិលសូដ្យូមឲ្យតិចជាង២.៣០០មីលីក្រាមក្នុងមួយថ្ងៃ»។
បច្ចុប្បន្ននេះ ប្រជាជនអាមេរិកាំងជាមធ្យម ប្រើប្រាស់អំបិលសូដ្យូម៣.៤០០ មីលីក្រាមក្នុងមួយថ្ងៃ។
បញ្ហានេះមិនមែនដោយសារប្រជាជនប្រើប្រាស់បរិមាណអំបិលច្រើននៅពេលបង់ទៅលើម្ហូបអាហាររបស់ពួកគាត់ទេ។ ប៉ុន្តែបញ្ហាគឺដោយសារចំណីអាហារដែលផលិតចេញពីរោងចក្រនោះមានផ្ទុកបរិមាណអំបិលច្រើនរួចស្រេចទៅហើយ។
លោកវេជ្ជបណ្ឌិត Thomas Frieden ដែលជាមន្រ្តីជំនាញសុខភាពសាធារណៈដ៏ឆ្នើមបំផុតមួយរូបនៃមជ្ឈមណ្ឌលសម្រាប់ការទប់ស្កាត់ និងបង្ការជំងឺរបស់រដ្ឋ ក៏បានយល់ស្របទៅនឹងការកម្រិតការប្រើប្រាស់បរិមាណអំបិលសូដ្យូមនេះដែរ ដូចដែលលោកបានផ្សព្វផ្សាយក្នុងអត្ថបទដែលចុះនៅលើគេហទំព័រនៃព្រឹត្តិបត្ររបស់សមាគមសុខាភិបាលអាមេរិកាំង។
លោក Frieden និយាយថា ការកាត់បន្ថយបរិមាណអំបិលសូដ្យូម១២ភាគរយជាប្រចាំក្នុងចំណីអាហារ នឹងអាចបង្ការជំងឺគាំងបេះដូងចំនួន៣២.០០០ករណី និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលចំនួន២០.០០០ករណី ជារៀងរាល់ឆ្នាំ។
លោកស្រី Sylvia Burwell រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអភិវឌ្ឍន៍ធនធានមនុស្ស បាននិយាយថា៖ «ប្រជាជនអាមេរិកាំងជាច្រើន ចង់កាត់បន្ថយបរិមាណអំបិលសូដ្យូមក្នុងរបបអាហាររបស់ពួកគេ ប៉ុន្តែ វាពិបាកនឹងកាត់បន្ថយណាស់ នៅពេលដែលចំណីអាហារដែលពួកគេទិញពីហាង និងនៅក្នុងភោជនីយដ្ឋាន មានផ្ទុកបរិមាណអំបិលសូដ្យូមច្រើនរួចស្រាប់ទៅហើយ។ ការប្រកាសព័ត៌មាននៅពេលនេះ គឺចង់ផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់វិញទេ ដើម្បីឲ្យពួកគាត់អាចគ្រប់គ្រងលើបរិមាណអំបិលក្នុងចំណីអាហារដែលពួកគាត់បរិភោគ និងជួយលើកកម្ពស់សុខភាពរបស់ពួកគេ»។
បើទោះជាយ៉ាងនេះក៏ដោយ អ្នកវិទ្យាសាស្រ្តមួយចំនួន បានអះអាងថា ទំនាក់ទំនងខ្លាំងរវាងការប្រើប្រាស់អំបិលសូដ្យូមជាមួយនឹងជំងឺបេះដូង មិនទាន់បានរកឃើញច្បាស់នៅឡើយ។
លោក Steven Nissen ដែលជាប្រធាននៃក្រុមព្យាបាលសរសៃឈាមបេះដូង នៅគ្លីនិក Cleveland បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន USA Today ថា៖ «វិទ្យាសាស្ត្រមិនទាន់រកឃើញបញ្ហានេះជាក់លាក់ទេ ដូច្នេះ ប្រសិនបើយើងនិយាយជាទូទៅ ខ្ញុំមិនអាចគាំទ្រអនុសាសន៍ឲ្យកាត់បន្ថយការប្រើប្រាស់បរិមាណអំបិលសូដ្យូម ដែលមិនមានការរកឃើញតាមបែបវិទ្យាសាស្រ្តឲ្យប្រាកដប្រជានោះទេ»។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរចំណីអាហារ និងឱសថ លោកស្រី Susan Mayne និយាយថា អនុសាសន៍របស់អ្នករៀបចំគោលនយោបាយ គឺធ្វើឡើងយ៉ាងប្រយ័ត្នប្រយែង។ លោកស្រីបានសរសេរនៅលើគេហទំព័ររបស់អាជ្ញាធរចំណីអាហារ និងឱសថថា៖ «យើងទាំងអស់គ្នាដឹងថា អំបិលសូដ្យូមមានមុខងារសំខាន់ជាច្រើនសម្រាប់ចំណីអាហារ ដូចជាឱជារស កម្រិតរសជាតិខ្លាំងឬស្រាល និងសុវត្ថិភាពគ្មានមីក្រុបក្នុងចំណីអាហារ។ ហើយយើងមិនអាចចេះតែដកបរិមាណអំបិលសូដ្យូមដោយមិនបានគិតគូរពីមុខងារសំខាន់ទាំងអស់នេះបានឡើយ»៕
ប្រែសម្រួលដោយ កោះ សុគន្ធី