សហរដ្ឋ​អាមេរិក​ជំរុញ​សហភាព​អឺរ៉ុប​ឲ្យ​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ បន្ទាប់ពី​អ៊ីរ៉ង់​សាកល្បង​មីស៊ីល

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ខ្លាំងក្លា​នៃ​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីស្រាអែល និង​អំពី​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​ប្រទេស​អ៊ីរ៉ង់​តាម​រយៈ​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​ប្រទេស​នេះ។

លោក Pompeo បញ្ជាក់​ដូច្នេះ​ក្នុង​អំឡុង​ពេល​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក Pompeo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក Pompeo បាន​ព្រលះ​លើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ចម្ងាយ​មធ្យម​របស់​អ៊ីរ៉ង់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​បណ្ដា​មេដឹកនាំ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ បន្ទាប់ពី​លោក Pompeo បាន​និយាយ​ថា អ៊ីរ៉ង់​បាន​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​នេះ​កាល​ពី​ថ្ងៃ​សៅរ៍។

លោក Brain Hook បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីរ៉ង់ បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ជាមួយ​លោក Pompeo ទៅ​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​ថា៖ «សហរដ្ឋ​អាមេរិក​ចង់​ឃើញ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់។

លោក Hook បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​បុគ្គល និង​អង្គភាព​មួយ​ចំនួន ដែល​គាំទ្រ​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់។ យើង​គិត​ថា ទណ្ឌកម្ម​ទាំង​នោះ​អាច​មាន​ប្រសិទ្ធភាព ប្រសិនបើ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​អាច​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រឿង​នេះ»៕