សហរដ្ឋ​អាមេរិកចោទ​ប្រកាន់​លោក Assange អ្នក​បង្កើត​គេហទំព័រ Wikileaks

ស្ថាបនិក​ WikiLeaks លោក Julian Assange បាន​មកដល់​តុលាការ Westminster Magistrates បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​សហរដ្ឋ​អាមេរិក ​បាន​ចោទ​ប្រកាន់​លោក Julian Assange អ្នក​បង្កើត​ហទំព័រ Wikileaks ដែល​បាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ការ​បញ្ចេញ​ឯកសារ​សម្ងាត់របស់​សហរដ្ឋ​អាមេរិក​រាប់​សែន​ទំព័រ ទើប​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប៉ូលិស​ចក្រ​ភព​អង់​គ្លេស ​បាន​ចាប់​ខ្លួន​លោក​ភ្លាម​ៗ​នៅឯ​ស្ថានទូត​ប្រទេស​អេក្វាទ័រ​ក្នុង​ទីក្រុង​ឡុងដ៍ ដែល​លោក​បានលាក់​ខ្លួន​អស់​រយៈ​ពេល​ជិត ៧ ​ឆ្នាំ។

ដីការ​ចាប់​ខ្លួន​លោក Assange កើតចេញ​ពីការប្រព្រឹត្ត​បទ​ល្មើស​ដ៏​ធំបង្អស់​មួយ​នៃ​ការ​បញ្ចេញព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ប្រ​វត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​ គេហ​ទំព័រ Wikileaks នៅ​ឆ្នាំ​២០១០ បាន​បញ្ចេញកំណត់​ត្រា​យោ​ធា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់របស់​សហរដ្ឋចាប់​តាំង​ពី​សង្គ្រាម​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​ និង​អ៊ីរ៉ាក់ ​ការ​វាយ​តម្លៃ​ជន​សង្ស័យ​ជាភេរវជន​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួនដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​គុក​របស់​ខ្លួន​នៅច្រក​សមុទ្រ​ Guantanamo នៃ​ប្រទេស​គុយបា ​ហើយ​នឹង​តេឡេក្រាម​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​ ចំនួន​២សែន​៥ម៉ឺន។

សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​លោក Assange ពី​ការ​រួម​គំនិត​គ្នា​ជាមួយអ្នកស្រី​ Chelsea Manning អ្នក​វិភាគ​ការស៊ើបការណ៍​សម្ងាត់​យោធារបស់​សហរដ្ឋ​អាមេរិក ​ដែល​គេ​ស្គាល់​ថា ​ជា​ Bradley Manning​ មុន​ប្រកាស​ខ្លួ​នគាត់​ជា​ស្រ្តី ​ដើម្បី​លួច​លេខ​សម្ងាត់ដែលផ្ទុក​នៅ​ក្នុងកំព្យូទ័រ​របស់​ក្រសួង​ការពារ​ប្រទេស​សហ​រដ្ឋ​អា​មេ​រិក ដើម្បី​លួច​ចូល​ក្នុង​បណ្តាញ​ឯកសារ​សម្ងាត់ និងការ​ទាក់​ទង​របស់​រដ្ឋាភិបាល​ដែល​គេស្គាល់​ថា ​បណ្តាញ​ពិធី​ការអ៊ិនធឺណិតសម្ងាត់។

រដ្ឋាភិបាល និយាយ​ថា ការ​លួច​លេខ​សម្ងាត់​នេះ ​អនុញ្ញាត​ឲ្យ​អ្នកស្រី Manning ​ចូល​ក្នុង​កុំព្យូទ័រ​ដោយ​ប្រើឈ្មោះ​ដែល​មិន​មែន​ជា​របស់​អ្នកស្រី ​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ពួក​អាជ្ញាធរ​ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការ​បញ្ចេញ​ព័ត៌មាន​ខុសច្បាប់​ទាំង​នេះ៕