អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ពេល​៦ឆ្នាំ

អត្រា​គ្មាន​ការងារ​ធ្វើ​របស់​អាមេរិក​ប្រចាំ​ខែ​ (ពី​ថ្ងៃទី៤​ ខែមករា​ ដល់​ខែ​ធ្នូ ឆ្នាំ២០១៤)។

អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស.រ.អ.​បាន​ចុះ​ថយ​២ភាគ១០​នៃ​មួយ​ភាគរយ​កាល​ពី​ខែ​ធ្នូ​ដល់​កម្រិត​ទាបបំផុត​ចំនួន៥,៦​ភាគរយ​ក្នុង​រយៈពេល​៦ឆ្នាំ។​

របាយការណ៍​នៃ​ក្រសួង​ការងារ​ដែល​គេ​តាម​មើល​ដិតដល់​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​និយាយ​ដែរ​ថា​សេដ្ឋកិច្ច​អាមេរិកាំង​បាន​បង្កើត​ការងារ​ថ្មី​ចំនួន​២សែន​៥ម៉ឺន​២ពាន់។​

តួលេខ​ទាំង​ពីរ​នេះ​ល្អ​ប្រសើរ​ជាង​តួលេខ​ដែល​ក្រុម​សេដ្ឋវិទូ​ភាគច្រើន​បាន​ទស្សន៍ទាយ​ហើយ​ជា​ការ​លូតលាស់​ខាង​ការងារ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ។

នៅ​ពេល​ដែល​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​ចុះថយ​មួយ​ភាគរយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ មាន​មនុស្ស​៨លាន​៧សែន​នាក់​នៅ​តែ​គ្មាន​ការងារធ្វើហើយ​មនុស្ស​៦លាន​៨​សែន​នាក់​ទៀត​ចង់​បាន​ការងារ​ពេញម៉ោង​ធ្វើ​ ក៏​ប៉ុន្តែ​ពួក​គេអាច​រក​បាន​តែ​ការងារ​ក្រៅ​ម៉ោង​តែ​ប៉ុណ្ណោះ។​

ទិន្នន័យ​កាល​ពី​ថ្ងៃសុក្រ​ក៏​បាន​បង្ហាញ​ដែរ​ថា​កំណើន​ប្រាក់​បៀវត្សរ៍​សឹងតែ​មិន​អាច​នៅ​មុខ​បញ្ហា​អតិផរណា​បាន​ទេ៕