ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ ចំណាយ១,១លានលានដុល្លារ


សមាជិកព្រឹទ្ធសភាលោក Chuck Schumer មកពីគណបក្សសាធារណរដ្ឋ កំពុងនិយាយជាអ្នកសារព័ត៌មាននៅអំឡុងពេលសម្រាកការងារនៅរដ្ឋធានី វ៉ាស៊ីនតោន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤។
សមាជិកព្រឹទ្ធសភាលោក Chuck Schumer មកពីគណបក្សសាធារណរដ្ឋ កំពុងនិយាយជាអ្នកសារព័ត៌មាននៅអំឡុងពេលសម្រាកការងារនៅរដ្ឋធានី វ៉ាស៊ីនតោន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤។

ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំណាយ​ដ៏​ធំមួយ​ដែល​មាន​ទឹក​ប្រាក់១,១​លានលាន​ដុល្លារបន្ទាប់​ពីមាន​ការ​ឈ្លោះ​ប្រកែក​ខាង ​នយោ​បាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​និងការ​គំរាម​បិទ​រដ្ឋាភិបាល​សហព័ន្ធ​ ប្រ​សិន​បើ ​ព្រឹទ្ធ​សភា​ខក​ខាន​មិន​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំណាយ​ទេ​នោះ។

​វិធានការ​នោះ ​បាន​ត្រូវ​អនុម័ត​កាល​ពី​យប់​ថ្ងៃ​សៅរ៍ដោយ​សម្លេង​ឆ្នោត​៥៦​សម្លេង​ទល់​នឹង​៤០​សម្លេង ​ដែល​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​រហូត​ដល់បញ្ចប់​ឆ្នាំ​សារពើពន្ធ។ ​សេចក្តី​ព្រាង​ច្បាប់ ​ឥឡូវនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សេតវិមាន​ដែលលោកប្រធានា​ធិបតី​ ​បារ៉ាក់ ​អូបាម៉ា ​បាន​និយាយ​ថា ​លោក ​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះឲ្យ​ក្លាយ​ទៅ​ជាច្បាប់។

សមាជិក​ព្រឹទ្ធ​សភា Ted Cruz ​ខាង​គណ​បក្ស​សាធារណរដ្ឋមក​ពី​រដ្ឋតិចសាស​ដោយ​មាន​បំណង​ឈរឈ្មោះ​ជាប្រធា​នាធិបតី​ ​បាន​បោះ​ឆ្នោតស្នើ​ឲ្យ​កាត់បន្ថយ​ថវិកា​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​អាច​ត្រូវ​ប្រើ​ប្រាស់សម្រាប់​បញ្ជា​នីតិប្រតិ​បត្តិរបស់​លោកប្រ​ធានាធិបតីលើ​បញ្ហាអន្តោ​ប្រវេសន៍​។

នៅស្របពេល​សេចក្តី​ព្រាង​ច្បាប់ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​ស្ទើរ​តែ​ទាំង​អស់​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​ក្រោយ ​សេចក្តី​ព្រាង​ច្បាប់​នោះបានផ្តល់ថវិកាដល់​ក្រសួង​សន្តិសុខ​មាតុភូមិរហូត​ដល់​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ។បន្ទាប់មក ​អ្នកគណបក្ស​សាធារណរដ្ឋ​ មាន​បំណង​ព្យាយាម​បង្ខំប្រធានា​ធិបតី​ឲ្យ​ដក​ការគាំទ្រគោល​នយោបាយ​អន្តោប្រ​វេសន៍​របស់​លោក​ដែលលុប​ចោល​នូវការ​គំរាម​កំហែង​និរទេស​ជន​អន្តោប្រវេសន៍​រាប់​លាន​នាក់ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយខុសច្បាប់។

​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា ​សេចក្តី​ព្រាង​ច្បាប់​នោះ រួមមាន​មាត្រាដែល​លោក ​មិន​ចូល​ចិត្ត​ ​ក៏ប៉ុន្តែលោកក៏ បានថ្លែងថា ​មាន​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ការ​បញ្ជាក់ពីការ​បន្តបោះជំហាន ទៅមុខលើ​ផ្នែកធានារ៉ាប់​រង​សុខភាព​ ការ​ផ្លាស់ប្តូរ​អាកាស​ធាតុ ការ​អប់​រំកុមារភាព និង ការ​រីក​ចម្រើន​ខាង​ការងារ៕

XS
SM
MD
LG