សហរដ្ឋ​អាមេរិក​ថា តួកគី​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្នុង​តំបន់​ខាង​ជើង​ប្រទេស​ស៊ីរី

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Vladimir Putin (រូប​ស្តាំ) នៅ​ក្នុង​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G-20 ក្នុង​ក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា ប្រទេស​តួកគី «នឹង​ចាប់ផ្ដើម» នូវ​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ នេះ​គឺ​ជា​វិធានការ​មួយ ដែល​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ពួក Kurd និយាយ​ថា​នឹង​មាន «ផល​ប៉ះពាល់​អវិជ្ជមាន» ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ដោយ​យោង​លើ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​រវាង​លោក Trump និង​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan យ៉ាង​ដូច្នេះ​ថា៖ «ទាហាន​សហរដ្ឋ​អាមេរិក​នឹង​មិន​គាំទ្រ ឬ​ក៏​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ទេ។ ហើយ​កង​កម្លាំង​សហរដ្ឋ​អាមេរិក ក្រោយ​ពី​បាន​វាយ​ដណ្ដើម​តំបន់​គ្រប់គ្រង​របស់​ពួក ISIS មក នឹង​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ផ្ទាល់​ទៀត​ទេ»។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាន​បញ្ជាក់​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក «បាន​ដក​ខ្លួន​ពី​តំបន់​ព្រំដែន​ជាប់​ប្រទេស​តួកគី»។ កង​កម្លាំង​នេះ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​សហរដ្ឋ​អាមេរិក និង​តួកគី ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធជន Kurd កាត់​បន្ថយ​សមត្ថភាព​ការពារ​របស់​ពួកគេ​នៅ​ជិត​ព្រំដែន ដើម្បី​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​របស់​តួកគី។

រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​និយាយ​ថា ប្រទេស​តួកគី​បាន​គាំទ្រ​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ស៊ីរី តាំង​ពី​ការ​ចាប់ផ្ដើម​ដំបូង​នៃ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី «ហើយ​នឹង​នៅ​បន្ត​ធ្វើ​ដូច្នេះ​រហូត»។

អ្នក​នាំ​ពាក្យ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាន​បញ្ជាក់​នៅ​មុន​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​ថា ការ​លុកលុយ​របស់​តួកគី​នៅ​ក្នុង​ប្រទេស​ស៊ីរី​នឹង​ធ្វើ​ឲ្យ​តំបន់​ទាំង​មូល​ធ្លាក់​ចូល​ទៅ​ក្នុង​អស្ថិរភាព​គ្មាន​កាល​កំណត់៕