ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នឹងបញ្ចប់កាតព្វកិច្ចប្រយុទ្ធរបស់ពួកគេត្រឹមចុងឆ្នាំនេះ។
លោក Biden ប្រកាសអំពីការប្ដូរតួនាទីរបស់យោធានៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលនៃជំនួបនៅសេតវិមានជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi។
លោក Biden បានបដិសេធមិនព្រមបញ្ជាក់ថាតើកងកម្លាំងសហរដ្ឋអាមេរិកប៉ុន្មាននាក់ក្នុងចំណោមកងកម្លាំងប្រមាណ ២.៥០០ នាក់នឹងបន្ដនៅទីនោះនោះទេ។
សហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់បានព្រមព្រៀងគ្នាកាលពីខែមេសាដើម្បីផ្លាស់ប្ដូរបេសកកម្មរបស់កងកម្លាំងសហរដ្ឋអាមេរិកដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៥ និងបានផ្ដោតទៅលើការហ្វឹកហ្វឺននិងការផ្ដល់ប្រឹក្សាក្នុងការជួយដល់កងកម្លាំងសន្ដិសុខរបស់អ៊ីរ៉ាក់ប៉ុន្តែនៅមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេចំពោះការបញ្ចប់ដំណើរអន្តរកាលនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃច័ន្ទរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ ក្រោយពីមានកិច្ចប្រជុំបច្ចេកទេសរួចមក ប្រទេសទាំងពីរបានបញ្ជាក់ថា៖ «ទំនាក់ទំនងផ្នែកសន្ដិសុខរវាងប្រទេសទាំងពីរនឹងប្ដូរទៅជាការហ្វឹកហ្វឺន ការផ្ដល់ទីប្រឹក្សា ការជួយនិងការចែករំលែកព័ត៌មានសម្ងាត់វិញទាំងស្រុង ហើយថានឹងគ្មានកងកម្លាំងសហរដ្ឋអាមេរិកក្នុងតួនាទីប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ទេ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ»៕