ការ​ដក​ទ័ព​អាមេរិក​ពី​ប្រទេស​កូរ៉េ​ស្ថិត​ក្នុង​ការ​ពិភាក្សា​កាន់​តែ​ខ្លាំង

រូប​ឯកសារ៖ ទាហាន​កូរ៉េ​ខាង​ត្បូង​និង​ទាហាន​សហរដ្ឋ​អាមេរិក ក្នុង​ពេល​ពេល​ធ្វើដំណើរ​ទៅ​កាន់​ភូមិ​គ្មាន​កង​ទ័ព Panmunjom កាល​ពី​ថ្ងៃ​ទី​១៨ មេសា ២០១៨។

អនាគត​នៃ​វត្តមាន​យោធាស.រ.អា.​ក្នុង​ប្រទេសកូរ៉េខាង​ត្បូង​នៅ​តែ​ជា​បញ្ហា​មួយនៃ​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​កើន​ខ្លាំង​ឡើងៗ​នៅ​ពេល​មានរបាយការណ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ក្រុង​សេអ៊ូល​ថា ​ការ​កាត់​បន្ថយ​និង​ការ​ដក​កង​កម្លាំង​ស.រ.អា.​អាច​ត្រូវ​លើក​យក​មក​ពិចារណាប្រសិន​បើ​មាន​ការ​សម្រេច​សន្តិភាព​ជា​មួយ​ប្រទេស​កូរ៉េខាង​ជើង។​

កាសែត​ The New York Times ​បានរាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​បញ្ជា​ឱ្យ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ប្រុង​ប្រៀប​ជម្រើស​សម្រាប់​ការ​កាត់​បន្ថយ​ចំនួន​ទាហាន​ស.រ.អា.​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ​នៅ​ពេល​ជាមួយ​គ្នា​ដែល​មាន​ការ​ប្រុង​ប្រៀបសម្រាប់​ជំនួប​កំពូល​រវាង​លោក ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន ដែល​គេ​រំពឹង​ថា​នឹង​មាន​ធ្វើ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពួក​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ឯសេតវិមាន​បាន​បដិសេធ​សេចក្តី​រាយការណ៍​នេះ​របស់​សារព័ត៌មាន​ The New York Times ​ហើយ។​

សម្រាប់​លោក​ ត្រាំ​ ការ​កំណត់​គោល​ដៅ​មួយ​ដើម្បី​ដក​កងកម្លាំង​ស.រ.អា.​ចេញ​ពី​ប្រទេស​កូរ៉េខាង​ត្បូង​សមស្រប​តាម​ការ​រិះគន់​កាល​ពី​ពេល​មុនៗ​របស់​លោក​ដល់​ពួក​សម្ធ័ន្ធមិត្ត​របស់​ប្រទេស​អាមេរិក​ដូចជា​ប្រទេស​កូរ៉េខាង​ត្បូង​ជា​ដើម​ដែល​មិន​បាន​សង​ប្រាក់​ឱ្យ​បាន​សមរម្យ​ដល់​សោហ៊ុយ​នៃ​ការ​ការពារ​ដោយ​ស.រ.អា.៕

លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា. ​Steven Mnuchin ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ដែល​លោក​ដឹកនាំ​មា​នការ​សន្ទនា​គ្នា​ល្អ​ណាស់​ជាមួយ​ពួក​មន្ត្រី​ចិននៅ​ក្នុង​ក្រុង​ប៉េកាំង ក៏​ប៉ុន្តែ​លោក​មិន​បាន​ថ្លែង​ឱ្យ​បាន​ល្អិត​ល្អន់​តទៅ​ទៀត​ទេ​នៅ​ពេល​លោក​ចាក​ចេញ​ពី​សណ្ឋាគារ​លោក​ទៅ​កាន់​កិច្ច​ចរចា​គ្នា​ក្នុង​ថ្ងៃទី​ពីរ។

គេ​រំពឹង​ថា​ ការ​ពិភាក្សា​គ្នា​ដឹកនាំ​ដោយ​លោក ​Mnuchin​ និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ចិន​ Liu He ​ដែល​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​លោក​ប្រធានាធិបតី​ Xi Jinping​ មាន​ទាក់​ទិន​នឹង​បញ្ហា​មួយ​ចំនួន​ធំ​នៃ​ការត្អូញ​ត្អែរ​របស់​ស.រ.អា.​អំពី​ការ​ប្រកប​របរ​ពាណិជ្ជកម្ម​របស់​ចិន​ចាប់​តាំង​ពី​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ជាពិសេស​សម្រាប់ semiconductors ​រហូត​ដល់​ការ​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ដោយ​រដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា។​

មនុស្ស​ខ្លះ​យល់​ឃើញ​ថា​ ការ​ប្រជុំ​គ្នា​ពីរ​ថ្ងៃ​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ ទោះ​ណា​ជា​ពួក​អ្នកវិភាគ​និយាយ​ថា ​វា​មិន​ទំនង​ថា​ការ​ខ្វែង​គំនិត​គ្នា​រវាង​ពួក​គេ​នឹង​ត្រូវ​ដោះស្រាយ​រួច​នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ​ទេ​ ក៏​ប៉ុន្តែ​សេចក្តី​សម្រេច​ដើម្បី​រក្សា​ការ​ចរចា​គ្នា​តទៅ​ទៀត​ជា​ការ​ជឿន​លឿន​ដែល​គួរ​ស្វាគមន៍។​

ស.រ.អា.​និង​ប្រទេស​ចិន​បាន​ដាក់​កំហិត​តារាង​ពន្ធដារ​ប្រឆាំង​នឹង​ទំនិញ​នៃ​ប្រទេស​នីមួយៗ​នៅ​មុន​កិច្ច​ចរចា​នេះ៕