សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនក្រុមទាហានកុម្ម៉ង់ដូស.រ.អា.ទៅកាន់ផ្នែកខាងជើងនៃប្រទេសស៊ីរីដើម្បីជួយសម្របសម្រួលការប្រយុទ្ធប្រឆាំងនឹងពួកភេរវជនរដ្ឋឥស្លាមបានបង្កើនភាពតានតឹងរវាងរដ្ឋបាលអូបាម៉ា និងក្រុមប្រឆាំងខាងនយោបាយស៊ីរីធំជាងគេដែលគាំទ្រដោយក្រុមបស្ចឹមប្រទេសព្រមទាំងពួកឧទ្ទាមអារ៉ាប់ Sunni ដែលមានអាទិភាពក្នុងការទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង។
ក្រុមមេបញ្ជាការឧទ្ទាមនៃកងទ័ពស៊ីរីសេរីបាននិយាយថា ពួកគេមិនបានដឹងទេអំពីសេចក្តីសម្រេចចិត្តក្នុងការបញ្ជូនក្រុមយោធាស.រ.អា.ទៅកាន់ប៉ែកខាងជើងនៃប្រទេសស៊ីរី។ ពួកគេបានដឹងអំពីផែនការទាំងនេះពីក្រុមអ្នកកាសែតនៅក្រោយសេតវិមានបានប្រកាសថា ក្រុមតូចមួយនៃកងកម្លាំងពិសេសស.រ.អា.គឺមានចំនួនតិចជាង៥០នាក់នឹងត្រូវបញ្ជូនទៅក្នុងប្រទេសស៊ីរីដើម្បីសម្របសម្រួលកិច្ចប្រតិបត្តិការប្រឆាំងនឹងពួករដ្ឋឥស្លាម ដែលធ្វើឡើងដោយពួកយុទ្ធជន Kurd និងដោយក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលទ្រទ្រង់ពួកឧទ្ទាម។
នៅក្នុងអ៊ីម៉ែលមួយផ្ញើទៅឱ្យ VOA លោកឧត្តមសេនីយ៍ Salim Idris ដែលជា មេ បញ្ជាការជាន់ខ្ពស់ម្នាក់នៃកងទ័ព FSA បានទទួលសារភាពថា «ខ្ញុំមិនបានដឹងអំពីការបញ្ជូនក្រុមទាហានស.រ.អា.ទៅកាន់ប្រទេសស៊ីរីទេ»។
ដោយការមិនពេញចិត្តដោយខ្លួនមិនបានដឹងអំពីការបញ្ជូនទាហានអាមេរិកាំងទាំងនេះ ក្រុមមេបញ្ជាការឧទ្ទាម FSA បានត្អូញត្អែរថាស.រ.អា.ហាក់ដូចជាប្តេជ្ញាបង្កើនសមត្ថភាពរបស់កងអង្គភាពការពាររបស់ប្រជារាស្ត្រ Kurd ហៅកាត់ថា YPG និងសម្ព័ន្ធភាពតូចមួយនៃកងជីវពលអារ៉ាប់ និងតួកម៉េនីស្ថាន (Turkmenistan) មានមូលដ្ឋានក្នុងប៉ែកឦសាននៃប្រទសស៊ីរី នៅពេលដែលមិនអើពើដល់កងកម្លាំងឧទ្ទាមនៅខាងលិចទន្លេ Euphrates៕