លោក Steven Mnuchinរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចហើយដើម្បីដាក់ទណ្ឌកម្មកាន់តែច្រើនឡើងថែមទៀតលើប្រ ទេសតួកគី ប្រសិនបើ លោក Andrew Brunsonអ្នកផ្សព្វផ្សាយសាសនាអាមេរិកាំងមិនត្រូវបានគេដោះលែងចេញពីការឃុំឃាំងនៅក្នុងផ្ទះទេនោះ។
លោក Mnuchinបានធ្វើសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃព្រហស្បត៍ក្នុងអំឡុងនៃជំនួបគណៈរដ្ឋមន្រ្តីជាមួយប្រធានាធិបតីដោយមានការចូលរួមពីអ្នកកាសែតផង។លោកបាននិយាយថា «យើងបានដាក់ទណ្ឌកម្មលើសមាជិកគណៈរដ្ឋមន្រ្តីជាច្រើន។យើងមានរដ្ឋមន្រ្តីច្រើនទៀតដែលយើងមានគម្រោងដាក់ទណ្ឌកម្ម បើពួកគេមិនដោះលែងលោក Brunson ឲ្យបានឆាប់រហ័សទេនោះ»។
នៅដើមខែនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរដ្ឋមន្ត្រីក្រសួងម ហាផ្ទៃនិងយុត្តិធម៌តួកគីនៅក្នុងការឆ្លើយតបទៅនឹងការឃុំឃាំងលោក Brunson។អ្នកផ្សព្វផ្សាយសាសនារូបនេះបានរស់នៅក្នុងប្រទេសតួកគីចំនួន២០ឆ្នាំហើយជាមេដឹក នាំនិកាយ Evangelical នៅក្នុងទីក្រុងកំពង់ផែ Ismir។
តួកគីបានចោទប្រកាន់លោក Brunson ពីការធ្វើចារកម្មហើយកំពុងឃុំឃាំងលោកនៅក្នុងផ្ទះដើម្បីរង់ចាំការកាត់ទោស។
កាលពីថ្ងៃពុធ តួកគីបានប្រកាសពីការយកពន្ធគយខ្ពស់លើទំនិញនានារបស់សហរដ្ឋអាមេរិក រួមមានការនាំចូលរថយន្ត ស្រា ធ្យូងថ្ម អង្ករនិងគ្រឿងសំអាង។
ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានចោទប្រកាន់សហរដ្ឋអាមេរិកពីការធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសលោក ហើយកាលពីថ្ងៃអង្គារលោកបានសើ្នធ្វើពហិការមិនទិញគ្រឿងអេឡិកត្រូនិករបស់សហរដ្ឋអាមេរិក៕