ការិយាល័យពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទ បានចាប់ផ្ដើមសវនាការសាធារណៈរយៈពេល៦ថ្ងៃទៅលើផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការយកពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ដែលអាចជះឥទ្ធិពលដល់ទំនិញចិនដទៃទៀតដែលមានតម្លៃជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ។
អត្ថាធិប្បាយជាលាយលក្ខណ៍អក្សរជាង១៣០០ត្រូវបានបញ្ជូនទៅកាន់ការិយាល័យពាណិជ្ជកម្ម ដោយក្រុមហ៊ុនជំនួញភាគច្រើនប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតី។
ខុសពីសំណើយកពន្ធគយរបស់អាមេរិកកាលពីលើកមុនៗ ដែលផ្តោតយកពន្ធតែលើប្រទេសចិន ដែលរួមទាំងដែកថែបនិងគ្រឿងអេឡិចត្រូនិក សំណើថ្មីបំផុតនេះនឹងប៉ះពាល់ដល់ផលិតផលប្រើប្រាស់ជាច្រើនដោយផ្ទាល់។
សភាពាណិជ្ជកម្មអាមេរិកបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលត្រូវបានបង្ហាញនៅក្នុងសវនាការកាលពីថ្ងៃចន្ទថា សំណើនេះ «នឹងរឹតតែប៉ះពាល់ដល់អ្នកប្រើប្រាស់កម្មករ ជំនួញ និងសេដ្ឋកិច្ចអាមេរិក»។
សវនាការនេះត្រូវបានធ្វើឡើង ខណៈដែលបណ្ដាមន្ត្រីរដ្ឋបាល ត្រាំ និងសមភាគីចិនត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាក្នុងសប្ដាហ៍នេះក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីពិភាក្សាទៅលើជម្លោះពាណិជ្ជកម្មនេះ៕