ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​អាមេរិក​ប្រកាស​យក​ពន្ធ​គយ​ថ្មី​បន្ថែម​ទៀត​លើ​ទំនិញ​ចិន


បុរស​ម្នាក់​រុញ​រទេះ​ដែល​ដឹក​ទំនិញ​​នៅខាង​ក្រៅ​ហាង​លក់​ក្រណាត់​ដុំ​និង​រាយ​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃទី​៩ កក្កដា ២០១៨។
បុរស​ម្នាក់​រុញ​រទេះ​ដែល​ដឹក​ទំនិញ​​នៅខាង​ក្រៅ​ហាង​លក់​ក្រណាត់​ដុំ​និង​រាយ​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃទី​៩ កក្កដា ២០១៨។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ស្នើ​ឲ្យ​មាន​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដែល​បណ្ដាល​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​កាន់តែ​រីក​សាយភាយ​ឡើង​បន្ថែម​ទៀត។

អ្នក​តំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​លោក​ Robert Lighthizer កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ហាញ​អំពី​ផលិតផល​របស់​ចិន​ជា​ច្រើន​ដែល​ប្រឈម​នឹង​ការ​យក​ពន្ធ​គយ​ថ្មី ដែល​ក្នុង​នោះ​មាន​ទាំង​កាបូប​ដៃ វ៉ាលី សំបក​កង់​រថយន្ត សារធាតុ​គីមី និង​ត្រី​ផង​ដែរ។

ការ​ស្នើ​ឲ្យ​មាន​ការ​យក​ពន្ធ​គយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ​លើ​ផលិតផល​ចិន​ជាង ៨០០​ប្រភេទ ដែល​មាន​ទឹក​ប្រាក់​ប្រហែល ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក។ រដ្ឋបាល​លោក ត្រាំ​ បាន​លើក​ឡើង​ថា ខ្លួន​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​តែ​ប្រទេស​ចិន​បាន​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព ​និង​បាន​លួច​កម្មសិទ្ធិ​បញ្ញា។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តបត​វិញ​ដោយ​ការ​យក​ពន្ធ​គយ​ក្នុង​ចំនួន​ស្មើ​គ្នា​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក។

លោក Robert Lighthizer បាន​និយាយ​ថា៖ «ជាជាង​ដោះស្រាយ​បញ្ហា​ខ្វាយ​ខ្វល់​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សង​សឹក​ប្រឆាំង​នឹង​ផលិតផល​របស់​សហរដ្ឋ​អាមេរិក។ មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ថា​ការ​ធ្វើ​ដូច្នេះ​ត្រឹម​ត្រូវ​នោះ​ទេ»។

ប៉ុន្តែ ប្រទេស​ចិន​បាន​សន្យា​ថា​នឹង​សងសឹក​លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​ប្រឆាំង​នឹង​សំណើ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី​នេះ។ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​បញ្ជាក់​ថា ខ្លួន​មាន​ការ «ភ្ញាក់ផ្អើល» ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​អាមេរិក និង​បាន​សន្យា​ថា​នឹង​ចាត់​«វិធានការ​ចាំបាច់​នានា​តបត​វិញ» ដើម្បី​ការពារ​ផល​ប្រយោជន៍​ចម្បង​របស់​ចិន៕

XS
SM
MD
LG