សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ លើស ៧ សែន​នាក់

ស្លាក​សញ្ញា​ណែនាំ​អ្នកបើកបរ​យានយន្ត​ទៅកាន់​កន្លែង​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅ​ក្រុងTukwila នៃ​រដ្ឋវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជាង ៧០០.០០០ នាក់ ដែល​ជា​ចំនួន​ខ្ពស់​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​លើ​ពិភពលោក។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ទី ១ ខែ​តុលា សហរដ្ឋ​អាមេរិក​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ៧០០.២៥៨ នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Jonhs Hopkins។

ប្រទេស​ប្រេស៊ីល​មាន​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​លំដាប់​ទី​ពីរ ដោយ​មាន​ចំនួន ៥៩៧.២៥៥ នាក់។ ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​លំដាប់​ទី ៣ ដោយ​មាន​ចំនួន ៤៤៨.៣៣៩ នាក់ ប្រទេស​ម៉ិកស៊ិក​ស្ថិត​ក្នុង​លំដាប់​ទី ៤ ដោយ​មាន​ចំនួន ២៧៧.៥០៧ នាក់ និង​ប្រទេស​រុស្ស៊ី​ស្ថិត​ក្នុង​លំដាប់​ទី ៥ ដោយ​មាន​ចំនួន ២០៤.៤២៤ នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Jonhs Hopkins ដដែល​នេះ។ នៅ​ទូទាំង​ពិភពលោក មនុស្ស​ជិត ៤ លាន ៨ សែន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ។

មន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ប៉ុន្តែ ស្របពេល​ដែល​រលក​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើនឡើង​ជា​ទូទៅ​នៅ​ទូទាំង​ប្រទេស រដ្ឋ​មួយ​ចំនួន ជា​ពិសេស​រដ្ឋ​នៅ​ភាគ​ខាង​ជើង មាន​កំណើន​នៃ​ការ​ឆ្លង​ជំងឺ​នេះ។

សម្រាប់​ព្រឹត្តិការណ៍​ផ្សេង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ នេះ​ដែរ រដ្ឋ California បាន​ក្លាយជា​រដ្ឋ​ដំបូង​គេ​បង្អស់​ដែល​បាន​ប្រកាស​អំពី​ការ​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ពេល​ណា​ដែល​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) យល់ព្រម​ជា​ផ្លូវការ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ដល់​កុមារ​ក្មេងៗ។

នៅ​ពេល​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer ត្រូវ​បាន​យល់ព្រម​ឲ្យ​ចាក់​ជា​ផ្លូវការ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើង និង​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រា​បន្ទាន់​សម្រាប់​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ។

នៅ​ពេល​ណា​ដែល​វ៉ាក់សាំង​នេះ​ត្រូវ​បាន​គេ​ផ្ដល់​ការ​អនុញ្ញាត​ពេញលេញ​សម្រាប់​កុមារ​អាយុ​ពី ១២ ដល់ ១៥ ឆ្នាំ រដ្ឋ California នឹង​ដាក់​កំហិត​ឲ្យ​សិស្ស​ថ្នាក់​ទី ៧ ដល់​ទី ១២ ចាក់​វ៉ាក់សាំង​នេះ។

ជាង​នេះ​ទៀត នៅ​ពេល​ណា​ដែល​វ៉ាក់សាំង​នេះ​ ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ជា​ផ្លូវការ​សម្រាប់​មនុស្ស​ចាប់ពី​អាយុ ៥ ឆ្នាំ​ឡើង នោះ​រដ្ឋ California នឹង​ដាក់​កំហិត​ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី ៦ ចាក់​វ៉ាក់សាំង​នេះ។

សិស្ស​ខ្លះ​នឹង​ទទួល​បាន​ការ​លើកលែង ប្រសិនបើ​មាន​ហេតុផល​ផ្នែក​សាសនា​ និង​ផ្នែក​សុខភាព​ណា​មួយ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ​