ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden បាន​ចាក់​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​កូវីដ១៩


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ទទួលការ​ចាក់​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​កូវីដ១៩ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចាក់​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​កូវីដ១៩ កាលពី​ថ្ងៃ​ចន្ទ គឺ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋបាល​របស់​លោក​បាន​យល់ព្រម​ឲ្យ​មាន​ការ​ចាក់​ដូស​ទី ៣ នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន។

មុន​ពេល​ចាក់​វ៉ាក់សាំង​នេះ លោក Biden បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​ថា៖ «ដូស​ជំរុញ​គឺ​សំខាន់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ចាក់​វ៉ាក់សាំង [កូវីដ១៩]» ដូស​ដំបូង។

លោក​បាន​និយាយ​ថា ប្រជាពលរដ្ឋ​អាមេរិក​ពេញវ័យ​ចំនួន ៧៧% បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ដូស​ដែរ។ លោក​បាន​បន្ថែម​ថា៖ «មួយ​ភាគ​បួន​នៃ​ពលរដ្ឋ​អាមេរិក [ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​កូវីដ១៩] មិន​អាច​ចេះ​តែ​នៅ​បន្ត​មិន​ចាក់​វ៉ាក់សាំង​បែប​នេះ​នោះ​ទេ»។

កាលពី​សប្ដាហ៍​មុន មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ចាក់​ដូស​ជំរុញ​នេះ​សម្រាប់​ពលរដ្ឋ​អាមេរិក ៣ ក្រុម ដែល​នោះ ​គឺ​អ្នក​ដែល​មាន​អាយុ ៦៥ ឆ្នាំ​ឡើង បុគ្គលិក​ជួរមុខ​ដូចជា​គ្រូ​បង្រៀន បុគ្គលិក​សុខាភិបាល និង​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ណា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​អ្នក​ដែល​មាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ ដែល​មាន​បញ្ហា​សុខភាព។

សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ពលរដ្ឋ​អាមេរិក​ចំនួន ២០ លាន​នាក់​មាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​នេះ​បាន​ភ្លាមៗ ចំណែក​ឯ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer ចំនួន ៦០ លាន​នាក់​នឹង​មាន​សិទ្ធិ​ចាក់​ដូស​ជំរុញ​បន្ទាប់ពី​ពួកគេ​បាន​ចាក់​ដូស​ទី ២ បាន ៦ ខែ។

លោក Biden អាយុ ៧៨ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ដូស​ទី ១ កាលពី​ខែ​ធ្នូ ឆ្នាំ​មុន និង​ដូស​ទី ២ កាលពី​ខែ​មករា មុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី៕

XS
SM
MD
LG