ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក អនុម័ត​វ៉ាក់សាំង​កូវីដ​១៩​ដូស​ជំរុញ​របស់​ក្រុមហ៊ុន Pfizer


រូបឯកសារ៖ ដប មាន​ស្លាក​សញ្ញា Pfizer-BioNTech ដែល​ជា​វ៉ាក់សាំង​មួយ​សម្រាប់​បង្ការ​ជំងឺ​កូវីដ​១៩។
រូបឯកសារ៖ ដប មាន​ស្លាក​សញ្ញា Pfizer-BioNTech ដែល​ជា​វ៉ាក់សាំង​មួយ​សម្រាប់​បង្ការ​ជំងឺ​កូវីដ​១៩។

រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​សហ​រដ្ឋ​អាមេរិក​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​ដូស​ទី​៣​នៃ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន​ Pfizer-BioNTech ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង ​និង​មនុស្ស​ពេញវ័យ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ។​

ការ​សម្រេច​កាលពី​ថ្ងៃ​ពុធ​ ក៏​បាន​អនុម័ត​ឲ្យ​ចាក់​ដូស​ជំរុញ​សម្រាប់​បុគ្គលិក​អាជីព​មួយ​ចំនួន​ដូចជា ​អ្នក​ថែទាំ​សុខភាព ​គ្រូ​បង្រៀន ​បុគ្គលិក​នៅ​ហាង​លក់​គ្រឿងទេស​និង​អ្នករស់​នៅ​ទីជម្រក​សម្រាប់​មនុស្ស​គ្មាន​ផ្ទះ​នៅ ​ឬ​អ្នក​នៅ​ក្នុង​ពន្ធនាគារ។​

ការ​អនុញ្ញាត​នេះ​ ទំនង​ជា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​គណៈ​កម្មាធិការ​ផ្តល់​យោបល់​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ ​(CDC)​ដែល​សម្រេច​ថា​ តើ​ពលរដ្ឋ​អាមេរិកាំង​ក្រុម​ណា​ នឹង​អាច​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​របស់​ក្រុមហ៊ុន​ Pfizer។​

ក្រុម​ប្រឹក្សា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ពុធ​ថា​ តើ​អ្នកណា​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មុនគេ ដែល​ជា​ការ​សម្រេច​ដ៏​ចម្រូង​ចម្រាស​ដែល​កើត​ចេញ​ជាង​១​ខែ​បន្ទាប់ពី​លោក​ប្រធានាធិបតី ​Joe Biden ​បាន​ប្រកាស​ផែនការ​នេះ​ជា​លើក​ដំបូង ​កាលពី​៨​ខែ​មុន​ ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២។​

ក្រុម​ប្រឹក្សា​រដ្ឋបាល​ម្ហូបអាហារ​ និង​ឱសថ​សហរដ្ឋ​អាមេរិក ​(FDA)​ កាលពី​សប្តាហ៍​មុន​បាន​បោះ​ឆ្នោត​ដ៏​ច្រើន​លើស​លប់​ច្រាន​ចោល​ផែនការ​របស់​សេតវិមាន​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន ​ ដោយ​លើក​ហេតុផល​ថា ខ្វះ​ទិន្នន័យ​អំពី​សុវត្ថិភាព​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ​និង​ខ្វះ​ភស្តុតាង​នៃ​ផល​ប្រយោជន៍។ ​

ក្រុម​ប្រឹក្សា ​បាន​យល់ព្រម​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ចំពោះ​មនុស្ស​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង និង​អ្នក​មាន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ។​

ពួក​អ្នក​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​ថា​ ការ​ព្រួយ​កង្វល់​ដ៏​ចម្បង​របស់​សហ​រដ្ឋ​អាមេរិក​ គឺ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​ទាល់​តែ​សោះ៕

XS
SM
MD
LG