រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ូដង់នៅថ្ងៃអង្គារនេះ នៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ជំរុញបណ្តាប្រទេសអារ៉ាប់ឱ្យធ្វើឱ្យចំណងទាក់ទងជាមួយប្រទេសអ៊ីស្រាអែលមានភាពប្រក្រតីឡើងវិញ។
គម្រោងរបស់លោក Pompeo រួមមានជំនួបជាមួយនាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok និងជាមួយប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah el-Burhan។
បន្ថែមទៅនឹងទំនាក់ទំនងរវាងស៊ូដង់និងអ៊ីស្រាអែល ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោករដ្ឋមន្រ្តី Pompeo ក៏នឹងពិភាក្សាអំពី «ការគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយមេដឹកនាំស៊ីវិល» នៅក្នុងប្រទេសស៊ូដង់ផងដែរ។
លោក Hamdok បានក្លាយជានាយករដ្ឋមន្រ្តីកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីពួកយោធាបានបណ្តេញលោកប្រធានាធិបតី Omar al-Bashir ចេញពីតំណែងក្រោយពីមានការតវ៉ារាប់ខែប្រឆាំងការគ្រប់គ្រងរយៈពេល ៣០ ឆ្នាំរបស់លោក។
លោក Pomepo បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅទីនោះ លោកបាននិយាយថា សហរដ្ឋអាមេរិកនឹងធានាថា យោធាអ៊ីស្រាអែលនឹងទទួលបានប្រយោជន៍នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមកិច្ចព្រមព្រៀងលក់អាវុធណាមួយដែលអាចទៅរួចរវាងសហរដ្ឋអាមេរិកនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក Pompeo បានបញ្ជាក់ក្រោយជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងទីក្រុង Jerusalem ថា៖ «សហរដ្ឋអាមេរិកមានលក្ខខណ្ឌខាងផ្លូវច្បាប់ទាក់ទិននឹងគុណភាពខាងយោធានេះ។ យើងនឹងបន្តគោរពលក្ខខណ្ឌខាងផ្លូវច្បាប់នេះ»៕