សហរដ្ឋអាមេរិកនឹងបញ្ជូនទាហាន៥៦០នាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីជួយប្រយុទ្ធយកក្រុង Mosul ពីពួករដ្ឋឥស្លាម មកវិញ នៅក្រោយការវាយយកបានកាលពីពេលថ្មីៗនេះនូវមូលដ្ឋានកងទ័ពអាកាសសំខាន់មួយនៅជិតក្រុងនេះដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានធ្វើសេចក្តីប្រកាសនេះនៅក្នុងដំណើរទស្សនកិច្ចមួយនៅក្នុងក្រុងបាកដាដកាលពីថ្ងៃចន្ទ។ លោកបានមានប្រសាសន៍ថា ក្រុមទាហានបន្ថែមទាំងនេះនឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានកងទ័ពអាកាស Qayyarah ភាគខាងលិចដែលត្រូវបានវាយយកបានមកវិញកាលពីពេលថ្មីៗនេះ ហើយឋិតនៅចម្ងាយប្រមាណ៦០គ.ម.ខាងត្បូងក្រុង Mosul ដែលនឹងត្រូវជ្រើសរើសជាមជ្ឈមណ្ឌលផ្តល់ភ័ស្តភារនិងមជ្ឈមណ្ឌលខាងអាកាសសម្រាប់ក្រុមចម្រុះ។
លោក Carter បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅមុនលោកចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ថា៖ «ចំណុចសំខាន់នៃការវាយយកបានវាលយន្តហោះនេះគឺអាចបង្កើតមជ្ឈមណ្ឌលផ្តល់ភ័ស្តភារនិងមជ្ឈមណ្ឌលខាងអាកាសនៅជិតក្រុង Mosul»។
មន្ត្រីជាន់ខ្ពស់ម្នាក់ខាងកិច្ចការពារប្រទេសស.រ.អា.បាននិយាយថា ការវាយយកបានមូលដ្ឋានកងទ័ពអាកាសនេះ បង្ហាញពីការបញ្ចប់«វិធានការដំបូងៗ១០»ឆ្ពោះទៅកាន់ការយកជ័យជម្នះលើពួករដ្ឋឥស្លាម។ មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយដោយមិនឱ្យបញ្ចេញឈ្មោះថា «Qayarrah ជាកន្លែងសំខាន់បំផុតនៅក្នុងបញ្ជី ដោយសារវាមានសារៈសំខាន់ខាងយុទ្ធសាស្ត្រនៅទីនោះ»។
នៅក្នុងដំណើរទស្សនកិច្ចលើកទីបួនរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ាក់ ក្នុងឋានៈលោកជារដ្ឋមន្ត្រីការពារប្រទេសអាមេរិកាំង លោក Carter ជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi និងលោករដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ាក់ Khaled al-Obeidi នៅក្នុងក្រុងបាកដាដ ហើយលោកនឹងនិយាយតាមទូរស័ព្ទជាមួយលោក Masoud Barzani ប្រធានាធិបតីនៃតំបន់ kurdistan ផងដែរ៕