ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ៖ កុមារ​៣​លាន​៦​សែន​នាក់​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ប្រឈម​នឹង​ការ​ស្លាប់ របួស និង​អំពើ​ហិង្សា​ផ្លូវ​ភេទ


ក្មេងៗ​ដែល​រត់​គេច​ពី​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ប្រមូល​ផ្តុំ​គ្នា​នៅ​ជំរំ​ជន​ភៀស​ខ្លន​មួយ​នៅ​ក្នុង​តំបន់ Makhmour ក្បែរ​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។

កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​៥​នាក់​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ ប្រឈម​នឹង​ការ​ស្លាប់ របួស ហិង្សា​ផ្លូវភេទ ការ​ចាប់​ពង្រត់ និង​ការ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ប្រដាប់​អាវុធ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​កុមារ​របស់​អង្គការ​សហប្រជាជាតិ។

«កុមារ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ប្រឈម​នឹង​ការ​បាញ់បោះ និង​កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មុខ​សញ្ញា»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Peter Hawkins អ្នក​តំណាង​អង្គការ UNICEF ប្រចាំ​ប្រទេស​អ៊ីរ៉ាក់។

យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​អង្គការ​ UNICEF ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​មុន​នេះ ក្នុង​មួយ​ខែ កុមារ​ប្រមាណ​ចំនួន​៥០​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​និង​បង្ខំ​ឲ្យ​ប្រយុទ្ធ​ឬ​ត្រូវ​បាន​បំពាន​ផ្លូវភេទ។

កុមារា Aziz ដែល​នេះ​មិន​មែន​ឈ្មោះ​ពិត​ទេ វ័យ​១១​ឆ្នាំ ត្រូវ​បាន​ក្រុមប្រដាប់​អាវុធ​ចាប់​ពង្រត់​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤។

កុមារា​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្តល់​ដោយ​អង្គការ UNICEF ថា «ពួកគេ​បាន​មក​ដល់​ដោយ​ជិះ​រថយន្ត​ដឹកទំនិញ​ធំ​មួយ​គ្រឿង។ នៅ​ក្នុង​រថយន្ត​នោះ​មាន​បុរស​ជា​ច្រើន​នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ។ ពួកគេ​មាន​ពុកមាត់​និង​សក់​វែង»។

កុមារា​រូប​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀន​សូត្រ​អំពី​សាសនា រៀន​ប្រើប្រាស់​អាវុធ និង​បង្ខំ​ឲ្យ​មើល​វីដេអូ​អំពី​ហិង្សា​ធ្ងន់ធ្ងរ​ដោយ​ប្រព្រឹត្ត​ដោយអ្នក​ចាប់​ខ្លួន​ពួកគេ​ទៅ​លើ​ជនស៊ីវិល។

យោងតាម​របាយការណ៍​នោះ កុមារ​អ៊ីរ៉ាក់​ជិត​១០​ភាគរយ ដែល​ស្មើ​នឹង​ជាង​១​លាន​៥​សែន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​រត់គេច​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ ដោយសារ​តែ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១៤៕

XS
SM
MD
LG